អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
NATO ព្រមាន​រុស្ស៊ី​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី​និង​តួ​ក​គី​ជាបន្ទាន់
06, Oct 2015 , 3:08 pm        
រូបភាព
ដោយ:
សម្ព​ន្ធ័​យោធា​ណា​តូ បាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅក្នុង​ដែន​អធិបតេយ្យ​ស៊ី​រី និង តួ​ក​គី ដ្បិត ពួកគេ ចាត់ទុកថា​រុស្ស៊ី​វាយកម្ទេច​តែ​ក្រុម​បក្សប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង​ចូល​ដែនអាកាស​តួ​ក​គី​ដោយ​គ្មាន​ការអនុញ្ញាត។ បន្ថែម​ពីនេះ សម្ព​ន្ធ័​យោធា​ណា​តូ បាន​ព្រមាន​រុស្ស៊ីឲ្យ​បញ្ឈប់​សកម្មភាព​ខ្លួន ជាបន្ទាន់។


 លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុម​សម្ព​ន្ធ័​យោធា​ណា​តូ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​​ប្រតិបត្តិការ​កងទ័ព​រុស្ស៊ី​នៅ​ដែនអាកាស​របស់​តួ​ក​គី និង ថែមទាំង​ព្រមាន​រុស្ស៊ី​ឲ្យ​បញ្ឈប់​នូវ​ការ​វាយ ប្រហារ​ទៅលើ​បក្សប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង ជន​ស៊ីវិល។
 
ចូលដល់​ថ្ងៃទី៦ហើយ​ដែល​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​វា​យក​ម្ចាត់ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង ក្បែរ​តួ​ក​គី។ ប្រតិបត្តិការ​នេះ មិន​ទទួលបាន​ការ​សាទរ​ពី​ក្រុម​លោកខាងលិច​ជាពិសេស​ក្រុម​សម្ព័​ន្ធ​យោធា​ណា​តូ​ដែលមាន​ការផ្គត់ផ្គង់​ពី​អាមេរិក​នោះទេ។
 
ជុំវិញ​ប្រតិបត្តិការ​រុស្ស៊ី​នេះ បាន​ជំរុញ​ឲ្យ​ណា​តូ ត្រូវ​កោះប្រជុំ​សមាជិក​របស់ខ្លួន​ទាំង២៨ជាបន្ទាន់​ដើម្បី​ពិភាក្សា​លើ​យន្តការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រតិបត្តិការ​យោធា​រុស្ស៊ី។ ហើយ​ក្រោយ​កិច្ចប្រជុំ​បានបញ្ចប់ ណា​តូ បានប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​ប្រតិបត្តិការ​នេះ ហើយ​បាន​ចោទ​រុស្ស៊ី​ថា​បាន​បំពាន​ទៅក្នុង​ដែនអាកាស​របស់​ណា​តូ​ថែម​ទៀតផង។ 
 
សម្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី (John Kerry) ក៏បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ ប្រតិបត្តិការ​របស់​យោធា​រុស្ស៊ី​ដែរ។ លោក ក៏បាន​ព្រមាន ប្រសិន​ទ័ព​រុស្ស៊ី​នៅតែ​រំលោភ​ចូល​ដែន​អធិបតេយ្យ​របស់​ណា​តូ នោះ​វា​អាចមាន​ការឆ្លើយតប​តាមរយៈ ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​តែម្តង។
 
ជុំវិញ​បញ្ហា​នេះដែរ រុស្សី​បាន​សុំទោស​រដ្ឋាភិបាល​តួ​ក​កី ចំពោះ​ករណី​រំលោភ​ចូល​ដែនអាកាស​តួ​ក​គី ដោយបាន​អះអាងថា កត្តា​អាកាសធាតុ​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​យន្តហោះ​របស់ខ្លួន​ហោះចូល​ដែនអាកាស​តួ​ក​គី។ លោក បន្ថែមទៀតថា រុស្សី​តែងតែ​គោរព​អធិបតេយ្យ​តួ​ក​គី និង សន្យា​មិន​ឲ្យ​បញ្ហា​នេះ​កើតឡើង​ម្ដងទៀត​នោះទេ។
 
យ៉ាងណាក៏ដោយ ទាំង​ប្រតិបត្តិការ​សម្ព​ន្ធ័​យោធា​ណា​តូ និង រុស្ស៊ី សុទ្ធសឹងតែ​ទទួលបាន​ការព្រមាន​ពី​សហគមន៍អន្តរជាតិ។ នេះ ក៏​ព្រោះតែ​ប្រតិបត្តិការ​របស់​ក្រុម​យោធា​ទាំងនោះ ហាក់ដូចជា​មិនមាន​ឥទ្ធិពល​ទៅលើ​ក្រុម​ឧទ្ទាម​និង​រដ្ឋ​ឥស្លាម​ទាល់តែសោះ ពោលគឺ​ភាគច្រើន​មានតែ​ជន​ស៊ីវិល​ដែល​ទទួលរង​គ្រោះ ៕ 
 

Tag:
 ណតូ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com