អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក(TPP)ជា​ឱកាស​ឬ​បណ្តាសា​លើ​ពាណិជ្ជកម្ម?
06, Oct 2015 , 4:38 pm        
រូបភាព
ដោយ:
 
ក្រោម​ការចរចា​ជាសម្ងាត់​អស់​រយៈពេល​ប្រមាណ៥កន្លងទៅនេះ ភាគី​ប៉ាស៊ីហ្វិក​ទាំងពីរ​រដ្ឋ សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ទំហំ​មាន​ស្មើនឹង៤០ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក។ កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​នេះ នឹងធ្វើ​ឲ្យ​លែងមាន​របាំង​ពាណិជ្ជកម្ម​រវាង​រដ្ឋ​ប៉ាស៊ីហ្វិក​ទាំង១២ទៀតហើយ។ មេដឹកនាំ​ដែលជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ សម្តែង​ការ​សាទរ​យ៉ាងខ្លាំង ខណៈ កិច្ចព្រមព្រៀង​នោះ​មិនទាន់​ទទួលបាន​ការផ្តល់​សច្ចា​ប័ន​ពី​រដ្ឋនីមួយៗនៅឡើយ​នោះទេ។


លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ




ម្សិលមិញ សហរដ្ឋអាមេរិក និង រដ្ឋ​ប៉ាស៊ីហ្វិក១១ផ្សេងទៀត បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ភាព ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​ចរចា​ដោយ​សម្ងាត់​អស់​រយៈ​ជាង​ប្រាំ​ឆ្នាំ​មកហើយ​នោះ។ កិច្ចព្រមព្រៀង​នេះ នឹងធ្វើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ប៉ាស៊ីហ្វិក​កាន់​ធំ​និង​ធ្វើ​ឲ្យ​មាន​បទដ្ឋាន​ពាណិជ្ជ​ម្ម​រួម​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក។ 
 
១. អ្វី​ជា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក?

ចុងក្រោយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែលជា​កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​រដ្ឋ​ប៉ាស៊ីហ្វិក​ទាំង១២ បាន​ឈាន​ចំណុច​រួមមួយ។ កិច្ចព្រមព្រៀង​នេះ នឹង​ផ្តោតលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការលុបបំបាត់​របាំង​ពន្ធគយ​លើ​ទំនិញ​រាប់ម៉ឺន​មុខ ការកំណត់​បទដ្ឋាន​ព​លកម្ម​និង​បរិស្ថាន និង ការការពារ​កម្មសិទ្ធិ​បញ្ញា​ផងដែរ។ ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក បាន​បង្កើតឡើង​ដើម្បី​ជំរុញ និង បង្កើន​នូវ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​ហ្សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម។ 
 
២. មេដឹកនាំ​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

ជុំវិញ​នៃ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ បានធ្វើ​ឲ្យ​មេដឹកនាំ​ដែលជា​ភាគី​បាន​ស្វាគមន៍ ដោយរ​ពឹង​ថា ពួកគេ​នឹង​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម​កាន់តែច្រើន។ ក្នុងនោះ លោក​ប្រធានាធិបតី​អាមេរិក ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា បញ្ជាក់ថា​កិច្ចព្រមព្រៀង​នេះ នឹង​បង្កើត​ឲ្យ​មាន​តំបន់​ពាណិជ្ជកម្ម​ពិភព​លោកធំ​បំផុត។ ហើយ​កិច្ចព្រមព្រៀង​នេះ បង្ហាញ​ពី​តម្លៃ​របស់​ប្រជាជន​អាមេរិក និង ធ្វើ​ឲ្យ​ទំនិញ​អាមេរិក​នាំចេញ​ទៅកាន់​ទូទាំង​ពិភពលោក  ។ លោកនាយក​រដ្ឋមន្ត្រី អូស្ត្រាលី  Malcolm Turnbull អះអាង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក នឹង​ផ្តល់​ផលចំណេញ​ដ៏​សម្បើម​សម្រាប់​អូស្ត្រាលី និង ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​សម្រាប់​ភាពរុងរឿង​នៃ​អូស្ត្រាលី។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស្ហ៊ិ​ន​ហ្សូ អា​បេ ក៏​មិន​ខុសពី​មេដឹកនាំ​ផ្សេងទៀត​ដែរ។លោក​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង មិនមែនជា​លទ្ធផល​ដ៏​សំខាន់​របស់​ជប៉ុន​នោះទេ តែ​វា​ក៏​សម្រាប់​តំបន់ ប៉ាស៊ីហ្វិក​ទាំងមូល​តែម្តង។
 
៣. បញ្ហា​ប្រឈម

តាមពិតទៅ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ក៏​ជា​ផ្នែក​មួយ​ដែល​សហរដ្ឋអាមេរិក​ប​ង្កើ​ត​ឡើង ដើម្បី​ប្រជែង​ជាមួយ​ចិន​ដែលជា​មហា​យក្ស​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី២ដែលមាន​ឥទ្ធិពល​ក្នុង តំបន់​ប៉ា​ស៊ិ​ហ្វិ​ក។ យ៉ាងណាក៏ដោយ បើ​យើង​ក្រឡេកមើល កិច្ចព្រមព្រៀង​ឲ្យ​បាន​ស៊ីជម្រៅ​នោះ យើង ឃើញថា កិច្ចព្រមព្រៀង​នេះ នៅមាន​បញ្ហា​ប្រឈម​ច្រើន។ នោះ​ក៏​ព្រោះ​កិច្ចព្រមព្រៀង មិនទាន់​ត្រូវ បានផ្តល់​សច្ចាប័ន​ពីរ​ដ្ឋ​ភាគីនីមួយៗនោះទេ ពោលគឺ​វា​គ្រាន់តែ​ជាការ​ព្រមព្រៀងគ្នា​លើ​ចំណុចរួម​តែប៉ុណ្ណោះ។ ចំណុច​នេះ មានន័យថា​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ​អាច​អនុវត្តបាន ត្រូវ​ឆ្លងកាត់​នូវ​ការអនុម័ត​ដោយ​សភា​ដែលជា​តំណាង​ប្រជាជន​របស់​រដ្ឋ​នីមួយ។ 
 
ជុំវិញ​បញ្ហា​នេះដែរ សភា​រដ្ឋនីមួយៗ អាច​នឹងមាន​បញ្ហា​ប្រសិនបើ​ប្រជាជនមាន​ការជំទាស់។ មូលហេតុ នោះ​គឺ កាលណា​មាន​លំហូរ​ពាណិជ្ជកម្ម ក្រុមហ៊ុន និង​កម្មករ​ដោយ​សេរី នឹងធ្វើ​ឲ្យ​មានការ​គំរាម កំហែង​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ជាពិសេស​នោះ ប្រជាជន​ដែលមាន​ជំនាញ​ទាប​អាច​ត្រូវ​បាត់បង់​ឱកាស​ការងារ​របស់​ពួកគេ។ 
 
មួយវិញទៀត វា​អាច​ចម្រូងចម្រាស​ខ្លាំង​នោះ​គឺ ការកំណត់​មុខទំនិញ​ដែល​នឹងត្រូវ​ការការពារ​និង ផលិតផល​ដែល​ត្រូវ​នាំចេញ​នាំចូល​ដោយ​សេរី​ផងដែរ៕ 
 
 

Tag:
 TPP
© រក្សាសិទ្ធិដោយ thmeythmey.com