កីឡាអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្តេច​ប្រដាល់​ហ្វីលីពីន Pacquiao ប្រកាស​ប្រជែង​យក​កៅអី​ព្រឹទ្ធសភា
07, Oct 2015 , 9:56 am        
រូបភាព

អ្នក​ប្រដាល់​លំដាប់​ពិភពលោក និង​ជា​សមាជិកសភា​របស់​ហ្វីលីពីន កីឡាករ Manny Pacquiao បានប្រកាសថា​លោក នឹង​ឈរឈ្មោះ​ប្រជែង​យក​កៅអី​ព្រឹទ្ធសភា​នា​ការបោះឆ្នោត​នា​អំឡុង​ខែឧសភា ឆ្នាំក្រោយ។

 
Pacquiao គឺជា​បុគ្គល​ដែល​ប្រជាជន​ហ្វីលីពីន​ភាគច្រើន​ស្គាល់​ថា​មាន ប្រជាប្រិយភាព និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បាន​និយាយ​កាលពីដើម​សប្តាហ៍​ថា លោក​នឹង​ប្រជែង​យក មួយ​កៅអី​ក្នុងចំណោម​កៅអី​ទាំង១២ក្នុង​ព្រឹទ្ធសភា​នា​ការបោះឆ្នោត​ខែឧសភា​ខាងមុខនេះ។
 
កីឡាករ​ប្រដា​ល់វ័យ ៣៦ឆ្នាំ​រូបនេះ​មិនបាន​និយាយ​ពី ឥស្សរជន ឬ បក្ស​ណាមួយ​ដែល​ចូលរួម​ប្រកួតប្រជែង​ជាមួយ​លោក​ក្នុង​ព្រឹទ្ធសភា​នោះទេ។ បើ​និយាយ​ពី​ការគាំទ្រ រាល់​ការប្រកួត​របស់ Pacquiao មិន​ថា​ប៉ូលីស​ទាហាន ឬ មេបញ្ជាការធំៗនៅក្នុង​ប្រទេស​ហ្វីលីពីន​ទេ​តែងតែ​សម្រាក​ពី​ការងារ​ដើម្បី​គាំទ្រ និង​ទស្សនា​ការប្រកួត។ សូម្បីតែ​ក្រុម ម៉ៅ​និយម និង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​មួយចំនួន​ដែល​តែងតែ​ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល​នៅ​ភាគខាងត្បូង​ប្រទេស​នេះ​ក៏​ផ្អាក​ដើម្បី​មើល​ការផ្សាយ​នៃ​ការប្រកួត​របស់ Pacquiao ដែរ។
 
សូម​រម្លឹកថា Pac-Man បាន​ចាញ់​ក្នុងការ​ប្រកួត​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​ក្រោម​ដៃ​កីឡាករ​ប្រដាល់​អាមេរិក Floyd Mayweather កាលពី​ខែឧសភា​កន្លងទៅ។ ក្រោយ​ការប្រកួត​នេះ​កីឡាករ​ទាំងពីរ​ក៏បាន​កត់ចូល​ក្នុង​បញ្ជី​កំណត់ត្រា​របស់​ទស្សនា​វ​ដ្តី Forbes ផងដែរ សម្រាប់​តារា​ល្បី​ដែល​ទទួលបាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ទាំង១០០នាក់​របស់​ពិភពលោក។
 
នា​ការបោះឆ្នោត​ខែឧសភា​ខាង​មុន ប្រជាជន​ហ្វីលីពីន​ជាង៥៤លាន​នាក់ នឹង​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ថ្មី រួមទាំងសមាជិកសភា​ និង​មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន​ប្រមាណ១៨០០០រូបផងដែរ ដែល​ការបោះឆ្នោត​នេះ​ធ្វើ​ឡើងជា​រៀងរាល់៦ឆ្នាំ​ម្តង៕
 

Tag:
 ប្រដាល់អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com