បវរកញ្ញាខ្មែរ-អាមេរិក Prak Virginia ដែលទើបទទួលបានមកុដ Miss Cambodian-American Northeast Pageant កំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតកម្រិតខ្ពស់មួយទៀតដែលមានឈ្មោះថា Miss Global នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នេះ។
Prak Virginia ដែលមានដើមកំណើតនៅរដ្ឋ Lowell ហើយបច្ចុប្បន្នរស់នៅក្រុង Nashua រដ្ឋ New Hampshire សហរដ្ឋអាមេរិក ត្រូវតំណាងឲ្យកម្ពុជា ដើម្បីប្រជែងមកុដ Miss Global រួមទាំងអាហារូបករណ៍ជាមួយបេក្ខនារី ជាង១០០នាក់ទៀត មកពីជុំវិញពិភពលោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Lowell Sun។
ទោះបីជានាងធំធាត់នៅលើទឹកដីអាមេរិកក៏ដោយ ប៉ុន្តែ Prak Virginia វ័យ២២ឆ្នាំ នឹងមានឱកាសបង្ហាញនូវវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់របស់កម្ពុជា នៅចំពោះមុខគណៈមេប្រយោគ។ នាងបាននិយាយថា៖ «ពិតណាស់ ខ្ញុំចង់បង្ហាញពីវប្បធម៌របស់ខ្មែរ»។ Virginia ដែលជាសមាជិក និងជាគ្រូបង្ហាត់នៅក្រុមរបាំអង្គរ (Angkor Dance Troupe) ក៏មានគម្រោងបង្ហាញសមត្ថភាពផ្នែករបាំបុរាណខ្មែរនៅចំពោះមុខគណៈមេប្រយោគផងដែរ។
Virginia កំពុងសិក្សានៅមហាវិទ្យាល័យ Middlesex Community College ហើយគ្រោងបន្តការសិក្សាផ្នែកឪសថសាស្ត្រនៅសាកលវិទ្យាល័យ UMass Lowell ។ ក្រៅពីឈ្នះលេខមួយក្នុងព្រឹត្តិការណ៍ Miss Cambodian-American Northeast កញ្ញា Virginia ក៏ធ្លាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Miss New Hampshire Teen USA កាលពីអាយុ១៦ឆ្នាំផងដែរ។
អ្នកឈ្នះក្នុងព្រឹត្តិការណ៍ Miss Global នឹងទទួលបានប្រាក់រង្វាន់២ម៉ឺនដុល្លារអាមេរិក រួមទាំងមានឱកាសក្នុងការជួយដល់កុមារនៅលើពិភពលោកផងដែរ ក្នុងនាមជាទូតសុច្ឆន្ទៈ។ «នេះគឺជាអ្វីដែលខ្ញុំចង់ធ្វើ ជាពិសេសការជួយដល់សហគមន៍ខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល»។
នាព្រឹត្តិការណ៍ Miss Global កាលពីឆ្នាំ២០១៤ ដែលរៀបចំនៅទីក្រុង Los Angeles និងប្រទេសម៉ិកស៊ិក បវរកញ្ញាកាណាដា Ela Mino បានក្លាយជាម្ចាស់មកុដ ដោយបានយកឈ្នះគូប្រជែងចុងក្រោយមកពីអូស្ត្រាលី ហ្វីលីពីន កាហ្សាក់ស្ថាន និងស្រីលង្កា៕