ជាតិ
លោក ហ៊ុន ម៉ា​នី គឺជា​ឥស្សរជន​ខ្មែរ​ទីមួយ​ដែល​ឈ្នះ​ពាន Gusi Peace Prize
07, Oct 2015 , 10:14 pm        
រូបភាព
ដោយ: រួបរួម
លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្ថិតក្នុង​ចំណោម​ឥស្សរជន​ចំនួន១៩នាក់​លើ​ពិភពលោក ដែល​ទទួល​ពានរង្វាន់ The Gusi Peace Prize ពី​មូលនិធិ Gusi Peace Prize ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។



ពានរង្វាន់ Gusi Peace Prize ត្រូវបាន​បង្កើតឡើង​ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់លោក គឺ លោក Gemeniano Javier Gusi អតីតយុទ្ធជន​នា​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​បាន​តស៊ូរ​ប្រយុទ្ធប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​បានក្លាយ​ជា​អ្នកនយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស។

ចាប់ពី​ឆ្នាំ២០០២មក ពានរង្វាន់​ដែល​ចែកចេញជា​ច្រើន​ផ្នែក​នេះ ត្រូវបាន​ប្រគល់​ជន​ដល់​ឥស្សរជន និង​ស្ថាប័ន ដែល​ធ្វើ​ការងារ​លើ​ការពង្រឹង​សន្តិភាព និង​ការពង្រីក​សកម្មភាពផ្សេងៗ ។ ពិធី​ចែក​រង្វាន់​ត្រូវ​បានកំណត់​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ សប្តាហ៍​ទី៤ នៃ​ខែវិច្ឆិកា នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

នា​រយៈពេល១៣ឆ្នាំ​កន្លងមកនេះ លោក ហ៊ុន ម៉ា​នី គឺជា​ឥស្សរជន​ទីមួយ​របស់​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​នេះ។ សម្រាប់​ឆ្នាំ២០១៥នេះ លោក ហ៊ុន ម៉ា​នី ដែល​ជាតំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរនោះ​ ស្ថិតក្នុង​ចំណោម​ឥស្សរជន​ចំនួន១៨នាក់​លើ​ពិភពលោក​ដែល​ឈ្នះ​ពាន Gusi Peace Prize។ លោក ហ៊ុន ម៉ា​នី ឈ្នះ​លើ​ផ្នែក Youth leadership and Humanitarianism and Advocate of Cultural Heritage ហើយលោក​ក៏​ជាជ័យលាភី​ដែល​ក្មេងជាងគេ​ផង​ដែរ។

ជ័យលាភី១៨នាក់​ផ្សេងទៀត មាន​មកពី​អូទ្រីស អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ចិន ច​ច​ជា ឆេក អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន គៀក​ហ្ស៊ី​ស​ស្ថាន ហូ​ឡង់ ហ្វីលីពីន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក។ ជ័យលាភី​ភាគច្រើន​សុទ្ធតែជា​បណ្ឌិត ហើយ​ក្នុងនោះ​ផងដែរ​មាន លោក Stanislav Shushkevich អតីត​ប្រធានាធិបតី​បេឡា​រុស លោក Akskar Akayev អតីត​ប្រធានាធិបតី​គៀក​ហ្ស៊ី​ស​ស្ថាន និង​លោក Antonio Eanes អតីត​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់៕



Tag:
 លោក ហ៊ុន ម៉ានី
  Gusi Peace Prize
© រក្សាសិទ្ធិដោយ thmeythmey.com