ជាតិ
នយោបាយជាតិ
គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ១៩នាក់នៅបាវិត៖ អ្នកបើកបរជនជាតិវៀតណាមជាប់គុក ៥ឆ្នាំ
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៨ ខែតុលា ២០១៥ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្វាយរៀង លោក សុធី បូរ៉ាឆាត បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកបើកបររថយន្ដក្រុងពីទីក្រុងហូជីមិញមករាជធានីភ្នំពេញ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ជាជនជាតិវៀតណាមឈ្មោះ Le vanghing ជាប់ពន្ធនាគារ ៥ឆ្នាំ និង ពិន័យថវិកាចំនួន ១២លានរៀល ទៅជនរងគ្រោះពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យកម្មករកម្មការិនីរោងចក្រជាង ៣០នាក់ស្លាប់និងរបួសធ្ងន់ស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្វេគរវាងរថយន្តក្រុងរបស់ក្រុមហ៊ុនឯកជនជាមួយនឹង រថយន្តទួលរីស ១៥កៅអីដែលដឹកកម្មករកម្មការិនីរោងចក្រនេះ បានកើតឡើងប្រហែលជាម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែឧសភា តាមបណ្តោយផ្លូវជាតិលេខ១ ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំ ខេត្តស្វាយរៀង និងជាអ្នកដាន ករណីនេះ លោក នុត បូពណ្ណារ័ត្ន បានឲ្យដឹងថា តុលាការបានអនុវត្តន៍ត្រឹមត្រូវ តាមនីតិវិធី ដោយតុលាការបង្គាប់ឲ្យជនបង្កនៅក្នុងពន្ធនាគារ ហើយតុលាការបានបង្គាប់ម្ចាស់ក្រុមហ៊ុនរថយន្ត ក្រុងចូលខ្លួនមកដោះស្រាយសំណងដល់ភាគីរងគ្រោះ។
បើតាមលោក នុត បូពណ្ណារ័ត្ន ក្រុមគ្រួសារអ្នកស្លាប់ចំនួន ១៩នាក់ ទទួលសំណងរដ្ឋប្បវេណី ចំនួន ១២លានរៀលក្នុងមួយនាក់ និងអ្នករបួសធ្ងន់ ១២នាក់ ទទួលចំនួន ១០លានរៀលក្នុង មួយនាក់ និងអ្នករបួសស្រាលចំនួន ៦នាក់ ទទួលបានសំណងរដ្ឋប្បវេណីចំនួន ៩លានរៀល ក្នុងមួយនាក់។ លោកថា៖«នីតិវិធីរបស់តុលាការ អាចទទួលយកបាន ព្រោះគេធ្វើតាមនីតិត្រឹមត្រូវ ដោយអ្នកត្រូវនៅក្នុងឃុំ ហើយម្ចាស់ក្រុមហ៊ុនក៏បានចូលខ្លួនដោះស្រាយ»។
តែយ៉ាងណាទាក់ទិនសំណងរដ្ឋប្បវេណីនេះ តំណាងគ្រួសារជនគ្រោះក្នុងឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោកស្រី ពេជ្រ តឿក អាយុ ៥០ឆ្នាំ ប្រាប់ថា គ្រួសារជន រងគ្រោះទាំងអស់ មិនទាន់សម្រេចថា ទទួលយក ឬយ៉ាងណានោះទេ។ ស្រី្តដែលមានកូនស្រី ស្លាប់ម្នាក់ ប្តី និងកូនស្រីរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះថា៖«គ្រួសារ ជនរងគ្រោះទាំងអស់ រស់នៅពឹងនឹងប្រាក់ខែកូនប៉ុណ្ណោះ។ តែឥឡូវកូនស្លាប់ និងអ្នកខ្លះរងរបួសគ្រោះថ្នាក់ អត់បានធ្វើការការងារទៀត»។
គួររម្លឹកថា កាលពីព្រឹកថ្ងៃទី១៩ ឧសភា លោក Le vanghing អាយុ ៤៣ ឆ្នាំបានបើកបររថយន្ដក្រុងពីទីក្រុងហូជីមិញមករាជធានីភ្នំពេញនៅពេល ដែលមានគ្រោះថ្នាក់បន្ទាប់ពីលោកបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តដឹកកម្មកររោងចក្រ។ ចំណោមកម្មកទាំងអស់ចំនួន ៣៨នាក់ យ៉ាងហោចណាស់កម្មករ១៦នាក់បានស្លាប់ភ្លាមៗ និងជាង ២០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មួយដែលមិនដែលធ្លាប់មាននៅក្នុង ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com