អន្តរជាតិ
នយោបាយអន្តរជាតិ
រុស្ស៊ីត្រៀមសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅឥណ្ឌូនេស៊ី
×
ឥណ្ឌូនេស៊ី គឺរដ្ឋអាស៊ានមួយដែលមានទាំងប្រជាជននិង សេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយសារតែការកើនឡើងនៃ តម្រូវការ និង ទាមទាររបស់ប្រជាជនរាប់លាននាក់លើផ្នែកបច្ចេកវិទ្យា និង ថាមពល បានជំរុញឲ្យរដ្ឋមួយនេះក្លាយជាទិសដៅសំខាន់សម្រាប់ក្រុមហ៊ុនវិនិយោគផ្នែកថាមពល។ ក្នុងនោះ ឥណ្ឌូនេស៊ីបានទាក់ទាញមហាអំណាចរុស្ស៊ីដើម្បីចូលមកវិនិយោគ និង សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងពេលខាងមុខនេះ។
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
ថ្មីៗនេះ អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំឥណ្ឌូនេស៊ីនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោក Mikhail Galuzin បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និង ឥណ្ឌូនេស៊ី ក្នុងគម្រោងនៃការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើឡើងនៅពេលខាងមុខនេះ។ តាមការកំណត់រវាងរដ្ឋទាំងពីរ រោងចក្រនេះ គឺគ្រាន់តែជាប្រភេទរោងចក្រផលិតថាមពលនុយក្លេអ៊ែរសន្តិភាពប៉ណ្ណោះ។
មកទល់ពេលនេះ ក្រុមហ៊ុនរុស្ស៊ី កំពុងតែប្រតិបត្តិការស្រាវជ្រាវយ៉ាងដុតដៃដុតជើងនៅក្នុងខេត្តចំនួនបីរបស់ឥណ្ឌូនេស៊ីក្នុងការស្វែងរកកន្លែងសមស្របដើម្បីសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរ។ ខេត្តទាំងនោះរួមមានខេត្តបាដុង(Bandung) ខេត្តសើប៉ុង (Serpong) និង ខេត្តយូហ្គីអាកាតា (Yogyakarta)។ ដោយឡែក កាលបរិច្ឆេទនៃការសាងសង់មិនទាន់កំណត់ច្បាស់លាស់នោះទេ ពោលគឺ ការសាងសង់អាចធ្វើទៅបាន លុះត្រាតែការស្រាវជ្រាវអាចបញ្ចប់ដោយជោគជ័យ។
សូមរម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ ភា្នក់ងារថាមពលនុយក្លេអ៊ែរជាតិឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៊ី ក្នុងឱកាសនៃសន្និសីទនិង ពិព័រណ៍អន្តរជាតិនៅក្នុងក្រុងម៉ូស្កូ។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ នឹងសហប្រតិបត្តិការទាំងផ្នែកវិទ្យាសាស្ត្រ និង ការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែររបស់ឥណ្ឌូនេស៊ី។
ជុំវិញនៃគម្រោងនេះដែរ លោក Galuzin បានអះអាងថា ក្នុងនាមរុស្ស៊ីជាប្រទេសដែលមានបច្ចេកទេសលើជំនាញថាមពលនុយក្លេអ៊ែររបស់ពិភពលោក រុស្ស៊ីនឹងក្លាយជាដៃគូដ៏សំខាន់ របស់ឥណ្ឌូនេស៊ីក្នុងការសម្រេចចិត្តលើកដំបូងលើគម្រោងនៃការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនេះ។
យ៉ាងណាក៏ដោយ គម្រោងខាងលើ អាចត្រូវប្រឈមនឹងបញ្ហាមួយចំនួន ដ្បិតការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ គឺជាបញ្ហាមួយដែលប្រជាជនឥណ្ឌូនេស៊ី មានការព្រួយបារម្ភខ្លាំង ។ ជាក់ស្តែង គម្រោងនៃការសាងសង់នេះ ក៏ធ្លាប់ត្រូវបានពន្យាពេលម្តងរួចទៅហើយ ក្រោយពីមានការតវ៉ាពីប្រជាជនកាលពីឆ្នាំ២០១៣ ។
© រក្សាសិទ្ធិដោយ thmeythmey.com