ពីនេះ ពីនោះ
ចាប់ផ្ដើម​ពី​ការងារ​ដែល​ងាយ ធ្វើ​ឲ្យ​ជីវិត​កាន់តែ​រីកចម្រើន
10, Oct 2015 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សម័យកាល​កាន់តែ​រីកចម្រើន ការងារ​កាន់តែ​សំបូរ អ្នកចេះដឹង​កានតែច្រើន តម្រូវ​សេដ្ឋកិច្ច​កាន់តែ​ចាំបាច់ រីឯ​តម្លៃ និង​កិត្តិយស​បុគ្គល ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​ទូទៅ​តែងតែ​គិត រក​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជីវិត​មានតម្លៃ និង​មាន​កិត្តិយស។ ចំណែក​ការងារ​គឺជា​ចំណុច​ចាប់ផ្ដើម​មួយ​ដែរ​អាច​កំណត់ថា​មនុស្ស​ម្នាក់​រីកចម្រើន​ឬ​មិន​រីកចម្រើន​បានដែរ។


 
មាន​យុវជន​មួយចំនួន​តែងតែ​មើលងាយ​ចំពោះ​ការងារ​ដែលមាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ ហើយ​គិតថា​ជាការ​ងារ​ដែល​ងាយ​ពេក នរណា​ក៏​អាចធ្វើ​បាន។ មិនតែប៉ុណ្ណោះ​មិន​ហ៊ាន​ធ្វើ​ការងារ​ទាំងនោះ ដោយ​ជាប់​នូវ​ផ្នត់គំនិត​ខ្លាច​អ្នកដទៃ​មើល​មក​ថា ខ្លួន​ជាម​នុស្ស​អន់ គ្មាន​សមត្ថភាព មិនអាច​ទៅកាន់​ការងារ​ដែលធំៗបាន ខ្លាច​គេ​សើចចំអក ជាការ​ងារ​ដែល​មនុស្ស​ទូទៅ​មិនសូវ​ឲ្យ​តម្លៃ​ជាដើម។ អ្នក​ទាំងនោះ​ក៏​ព្យាយាម​សម្លឹង​ទៅ​រកតែ​ការងារ​ដែលធំៗ មាន​ឋានៈ បុណ្យ​ស័ក្ក​ខ្ពស់ ដែល​គេ​គិតថា​ធ្វើ​ឲ្យ​ជីវិត​របស់គេ​មានតម្លៃ ទាំង​មិនបាន​ពិនិត្យមើល​ទៅលើ​សមត្ថភាព​របស់ខ្លួន ថា​អាចធ្វើ​កិច្ចការ​ទាំងនោះ​បាន​ឬ​អត់? រហូតដល់​ទីបំផុត ការងារ​ទាំងនោះ​ក៏​មិន​ទទួលបាន បទពិសោធន៍​ការងារ​ធម្មតា​ក៏​គ្មាន ហើយ​អ្វី​ក៏​មិនចេះ ក៏​មិនអាច​ធ្វើបាន។
 
តែ​យុវជន​ត្រូវតែ​ចាំ​ក្នុង​ចិត្ត​ថា គ្មាន​ការរីកចម្រើន​ឯណា​ដែល​មិនមាន​ចំនុច​ចាប់ផ្ដើម​ទេ ហើយក៏​គ្មាន​ភាពជោគជ័យ​ឯណា​ដែល​ទទួលបាន​ដោយ​ងាយ​ងាយ​នោះដែរ។ ចង់​ក្លាយជា​សិស្ស​ដែល​ពូកែ​ត្រូវតែ​ចាប់ផ្ដើម​រៀន​មេរៀន​ដែល​ធម្មតា ចង់​ក្លាយជា​បុគ្គលិក​ដែល​ល្អ​ត្រូវ​ការងារ​ដែលសាមញ្ញៗ ចង់​ក្លាយជា​អ្នកជំនួញ​ដ៏​ល្បី​ត្រូវ​ចាប់ផ្ដើម​ពី​ជីវិត​ជា​ពាណិជ្ជករ​ខ្នាតតូច ចង់​ក្លាយជា​អ្នកមាន​លុយ​សល់​ច្រើន​ត្រូវ​ផ្ដើម​សន្សំ​ពី​ចំនួន​តិច ចង់​ក្លាយជា​មន្ត្រី​ដ៏​ល្អ​ក្នុង​ស្ថាប័ន ត្រូវ​ស្គាល់​ការងារ​មន្ត្រី​ថ្នាក់ក្រោម។ នោះ​ទើប​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការងារ​សម្រេច​ការងារ​របស់​អ្នកមាន​លទ្ធផល​វិជ្ជា​មាន​ច្រើន ជាង​អវិជ្ជមាន ព្រោះ​ទាំងនេះ​កើតចេញពី​ចំណេះដឹង និង​បទពិសោធន៍​របស់​អ្នក។
 
ហេតុនេះ​ជា​មនុស្ស​ម្នាក់​ដែល​ជោគជ័យ​ក្នុង​អាជីព ជា​យុវជន​ម្នាក់​ដែល​អាច​សម្រេច​គោលបំណង​របស់ខ្លួន​បាន គឺ​គេ​ចាប់ផ្ដើម​ពីអ្វី​ដែល​គេ​យល់ថា​ខ្លួន​របស់គេ​មាន​ភាព​ស្ទាត់ជំនាញ​ជាមួយ​កិច្ចការ​នោះ។ មិនតែប៉ុណ្ណោះ​ជន​ទាំងនោះ មិនដែល​ខ្វល់​ថា​ការងារ​ដែល​គេ​កំពុង​ធ្វើ​វា​មាន​ភាព​ងាយ​ពេក ឬក៏​លំបាក​នោះទេ អ្វីដែល​សំខាន់​គឺ​គេ​គិតថា គោលដៅ​នៃ​ជីវិត​របស់គេ​គឺ​ចាប់ផ្ដើម​ពី​ចំណុច​មួយ​នេះ។ ដូច្នេះ​អ្នក​ត្រូវតែ​ស្វែងរក​កន្លែង​ចាប់ផ្ដើម​ផ្លូវ​ជីវិត​របស់​អ្នក​ឲ្យ​ឃើញ។ ប្រសិនបើ​អ្នក​មិនអាច​ស្វែងរក​ចំណុច​ចាប់ផ្ដើម​ឃើញ​ទេ សួរថា​គោលដៅ​របស់​អ្នកសម្រេច​បាន​ដោយ​របៀប​ណា?ជីវិត​អ្នក​អាច​រីកចម្រើន​ទេ?
 

© រក្សាសិទ្ធិដោយ thmeythmey.com