ជាតិ
លោក ហ៊ុន សែន៖អ្នកនយោបាយ​កុំ​បំពាន​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ក្នុង​កម្ម​វិធី Cambodian Idol
24, Oct 2015 , 10:31 pm        
រូបភាព
ដោយ: រួបរួម
ក្នុង​ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​ជាង១០នាទី និង​ចុះផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​យប់​ថ្ងៃទី២៤ ខែតុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការខកចិត្ត​ដោយ​មិនមាន​ឱកាស​ទស្សនា​កម្ម​វិធី​ប្រឡង​ចម្រៀង Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស ជា​លើក​ទី​បី។



លោក​បាន​ខកខាន​កម្ម​វិធី​សិល្បៈ​ដែល​ខ្លួន​ពេញចិត្ត​ពីរលើក​កន្លងមក ខណៈ​លោក​ត្រូវបំពេញ​បេសកកម្ម​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​ក្រុង​ម៉ា​កាវ ប្រទេស​ចិន ហើយ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ លោក​ត្រូវបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង។ ដូចជា​ពីរលើក​កន្លងមក​ដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ព្យាយាម​រក​ពេលវេលា​បោះឆ្នោត​ឲ្យ​បេក្ខជន​ដែល​ខ្លួន​ស្រឡាញ់។

លោក​បាន​បន្ត​កោតសរសើរ​គណៈកម្មកា​រ​ដែលមាន​លោក ព្រាប សុវត្ថិ លោក ណុប បា​យ៉ា​រិ​ទ្ធ លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា រួមទាំង​លោក ជា វិបុល ជា​ពិធីករ និង​អ្នកនាង កែវ ច័ន្ទ​និមល ជា​ពិធី​ការិនី។ លោក​ថា នេះ​ជា​កម្មវិធី​ដ៏​ល្អ​បំផុត ដែល​នាំ​ឲ្យ​បេក្ខជន​ជោគជ័យ​ក្នុង​អាជីព។

ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ដល់​អ្នកនយោបាយ​ឲ្យ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន-បេ​ក្ខ​នារី​ដែល​ខ្លួន​ស្រឡាញ់។ លោកនាយក​រដ្ឋមន្ត្រី​លើកឡើងថា អ្នកនយោបាយ​កុំ​លូកដៃ​ក្នុង​កម្មវិធី​សិល្បៈ​របស់​ទូរទស្សន៍​ណាមួយ ដោយ​សេចក្តីសម្រេច​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​ការសម្រេច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នោះទេ ចាំ​ចាច់​ត្រូវតែ​គោរព និង​មិនគួរ​មានការ​អត្ថាធិប្បាយ​ដែល​បំពាន​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​នោះឡើយ៕




Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com