កីឡាជាតិ
ជាតិ
កែវ រំចង់ លុបចោលការប្រកួតដើមខែក្រោយដោយសាររបួសកែវភ្នែក
× កីឡាករជើងខ្លាំងចិត្តសឿង កែវ រំចង់ បានបោះបង់ការប្រកួតរបស់ខ្លួនក្នុងកម្មវិធីមិត្តភាពកម្ពុជា-ថៃ នាថ្ងៃទី៦ ខែធ្នូ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ដោយសារមានរបួសកែវភ្នែកបន្ទាប់ពីរូបគេប្រកួតជាមួយជនជាតិមីយ៉ាន់ម៉ា MAUNG JOR នៅក្នុងកម្មវិធី Thai Fight ប្រទេសថៃ កាលពីពេលកន្លងទៅថ្មីៗនេះ។
បន្ទាប់ពីយកឈ្នះកីឡាករ មីយ៉ាន់ម៉ា MAUNG JOR ដោយពិន្ទុនៅក្នុងកម្មវិធី Thai Fight ប្រទេសថៃ កីឡាករមកពីក្លិបដំបងក្រញូងកីឡាខេត្តបាត់ដំបង កែវ រំចង់ ត្រូវបានស្ថានីយទូរទស្សន៍បាយ័ន ផ្គូរផ្គងឱ្យរូបគេជួបប្រកួតជាមួយកីឡាករថៃ នាថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ ប៉ុន្តែសម្រាប់ជំនួបនេះត្រូវបានលុបចោលដោយរូបគេមានរបួសកែវភ្នែក។
លោក កែវ សំអាង ជាគ្រូបង្វឹក និងជាឪពុកបង្កើតកីឡាករ កែវ រំចង់ បានបញ្ជាក់ថា «ក្រោយពីត្រឡប់មកពីប្រកួតជាមួយកីឡាករ មីយ៉ាន់ម៉ា MAUNG JOR នៅក្នុងកម្មវិធី Thai Fight ប្រទេសថៃ ភ្នែករបស់កីឡាករ កែវ រំចង់ មានភាពស្រកាំៗនៅក្នុងភ្នែក បន្ទាប់ពីត្រូវបានកីឡាករ មីយ៉ាន់ម៉ា វាយឱ្យមានរបួសកែវភ្នែក។ ហើយស្ថានភាពជម្ងឺរបស់គេមិនទាន់មានភាពធូស្រាលនៅឡើយទេ ពេលនេះកំពុងសម្រាកព្យាបាល។ អាស្រ័យហេតុនេះធ្វើឱ្យ កីឡាករ កែវ រំចង់ បោះបង់ការប្រកួតជាមួយកីឡាករថៃ នាដើមខែក្រោយខាងមុខនេះ»។
លោក កែវ សំអាង បានឱ្យដឹងទៀតថា នៅក្នុងជំនួបនាដើមខែក្រោយនេះ កីឡាករ កែវ រំចង់ នឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃ WAT CHARALEK OR KWANMUENG ជាកីឡាករធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើសង្វៀនបាយ័នស្ទឹងមានជ័យក្នុងជំនួបជាមួយកីឡាករ បឺត ខាំ កាលពីពេលកន្លងទៅ។ គួរបញ្ជាក់ថា កីឡាករ កែវ រំចង់ និងកីឡាករ WAT CHARALEK OR KWANMUENG ធ្លាប់ជួបគ្នាម្តងរួចមកហើយនៅលើសង្វៀន TIFFY ARENA កាលពីឆ្នាំ២០១៣ ដោយលទ្ធផលកីឡាករ កែវ រំចង់ ឈ្នះដោយពិន្ទុ។
កីឡាករ កែវ រំចង់ នឹងត្រូវជួបប្រកួតសងសឹកជាមួយកីឡាករ IQUEZANG នៅក្នុងកម្មវិធី Thai Fight ប្រទេសថៃ នាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ បន្ទាប់ពីចាញ់ដោយមិនអស់ចិត្តក្នុងការប្រកួត Thai Fight ប្រទេសវៀតណាម កាលពីខែតុលា កន្លងទៅ។ ប៉ុន្តែមិនដឹងថាស្ថានភាពជម្ងឺកែវភ្នែករបស់គេមានភាពធូស្រាលនៅពេលណានោះទេ ដោយសារពេលនេះស្ថិតនៅក្នុងការសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com