ជាតិ
ផ្ទះ​១​ល្វែង​នៅ​សៀមរាប​អាចមាន​តម្លៃ​ដល់​ជិត​១​លាន​ដុល្លារ​អាមេរិក​
28, Nov 2015 , 2:01 pm        
រូបភាព
​សៀម​រាម​៖ តម្លៃ​ដីធ្លី​នៅក្នុង​ខេត្តសៀមរាប​មានការ​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ​។ ដី​ក៏​ឡើងថ្លៃ រីឯ​ផ្ទះល្វែង​ក៏​ឡើងថ្លៃ​ដែរ​។ ផ្ទះ​១​ល្វែង​នៅ​ខេត្តសៀមរាប​អាចមាន​តម្លៃ​ដល់​ជិត​១​លាន​ដុល្លារ​អាមេរិក​។



​ផ្ទះល្វែង​ក្នុង​តំបន់​មិនសូវ​ត្រូវប៉ាន់​អាចមាន​តម្លៃ​ក្រោម ឬ​លើស​១០​ម៉ឺន​ដុល្លារ​អាមេរិក​បន្តិច​។ នៅក្នុង​តំបន់​ត្រូវប៉ាន់​មធ្យម មានន័យថា នៅ​តំបន់​ផ្លូវធំៗ ផ្ទះ​១​ល្វែង​អាចមាន​តម្លៃ​២០​ម៉ឺន ឬ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។ ម្យ៉ាងវិញទៀត ផ្ទះល្វែង​អាចមាន​តម្លៃ​៤០​ម៉ឺន ឬ​៥០​ម៉ឺន​ដុល្លារ​អាមេរិក ឬ​អាចមាន​រហូតដល់​ជិត​១​លាន​ដុល្លារ​អាមេរិក​នៅ​តំបន់ Pub Street (​តំបន់​ផ្សារ​ចាស់​)​នៅក្នុង​ខេត្តសៀមរាប​។

​ម្ចាស់ផ្ទះ​នៅ​តំបន់​ផ្សារ​ចាស់​ម្នាក់​នៅក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ផ្ទះល្វែង​ជំនាន់​បារាំង​នេះ​មានតម្លៃ​ខ្លាំងណាស់ ពីព្រោះ អ្នកជំនួញ​ខ្មែរ និង​បរទេស​បាន​ជួល​យកទៅ​ធ្វើ​អាជីវកម្ម​។ ជំនួញ​នៅក្នុង​តំបន់ Pub Street គឺជា​ជំនួញ​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​នៅក្នុង​ខេត្តសៀមរាប​។ ផ្ទះមួយ​ល្វែង​ត្រូវបាន​គេ​ជួល​ក្នុងតម្លៃ​២៥០០​ដុល្លារ​អាមេរិក ឬ​៤​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​ផ្ទះល្វែង​នៅ​កាច់ជ្រុង​ក្នុង​១​ខែ​។

​នៅឯ​ទីក្រុង​ភ្នំពេញ​ឯណេះ​វិញ ផ្ទះល្វែង​១​ជុង​នៅ​ជុំវិញ​ផ្សារ​ថ្មីៗ អាចមាន​តម្លៃ​រហូតដល់​ជិត​២​លាន​ដុល្លារ​អាមេរិក​។ ផ្ទះល្វែង​នៅ​ជុំវិញ​ផ្សារ​ថ្មី ក្រុងភ្នំពេញ ភាគច្រើន ជា​ផ្ទះល្វែង​បើ​ហាង​អាជីវកម្ម​ធំៗ ដូចជា លក់​គ្រឿងអលង្ការ គ្រឿង​អេឡិចត្រូនិក​។​ល​។  


© រក្សាសិទ្ធិដោយ thmeythmey.com