កីឡាជាតិ
ជាតិ
បឹងកេត អាចមានសិទ្ធទៅកាន់វគ្គពាក់កណ្តាលផ្តាច់បានលុះត្រារក្សាលទ្ធផល ០-០
× ក្រុមបឹងកេតអង្គរនឹងមានសិទ្ធទៅបន្តការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 ប្រសិនបើខ្លួនអាចរក្សាលទ្ធផលនៅថ្ងៃស្អែកបញ្ចប់ត្រឹមលទ្ធផល ០-០។ ប៉ុន្តែប្រសិនបើមានការស៊ុតបញ្ជូលទីគ្នាដោយលទ្ធផល ១-១ ឬ២-២ស្មើ នោះក្រុម YANGON UNITED នឹងឆ្លងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមវៀតណាម។
មានអ្នកគាំទ្រវិស័យកីឡាបាល់ទាត់មួយចំនួនបានយល់ច្រឡំថាទាល់តែបឹងកេតអង្គរយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ទើបអាចមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីប៉ះក្រុមវៀតណាម ដោយសារពួកគេគិតថា ក្រុមបឹងកេតអង្គរពេលនេះមានគ្រាប់ចំណេញ ២ នៅក្នុងដៃ ខណៈ YANGON UNITED មានគ្រាប់ចំណេញ៣។
ត្រង់ចំណុចនេះលោក ប្រាក់ សុវណ្ណរ៉ា គ្រូបង្វឹករបស់ក្រុមបឹងកេតអង្គរបានពន្យល់ប្រាប់ពីមួលនេះថា ប្រសិនបើការប្រកូតនៅថ្ងៃស្អែកបើសិនជាក្រុមបឹងកេតអង្គរ អាចទប់ទល់ជាមួយក្រុម YANGON UNITED ក្នុងលទ្ធផល ០-០ នោះក្រុមបឹងកេតនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបើសិនជាក្រុមមីយ៉ាន់ម៉ា អាចរកគ្រាប់បាល់បាន ១-១ នោះក្រុម YANGON UNITED នឹងឡើងទៅបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រូបង្វឹកក្រុមបឹងកេតរូបនេះ បានអត្ថាធិប្បាយយ៉ាងដូច្នេះ៖«សម្រាប់ការប្រកួតក្នុងទឹកដីណាមួយប្រសិនបើក្រុមភ្ញៀវស៊ុតបញ្ជូលទីក្រុមម្ចាស់ផ្ទះឈ្នះមួយគ្រាម់គេទទួលបាន ២ពិន្ទុ តែប្រសិនបើក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីឈ្នះក្រុមភ្ញៀវមួយគ្រាប់ នោះទទួលបានតែមួយពិន្ទុប៉ុណ្ណោះ»។ លោកបន្ថែមថា៖«ជាក់ស្តែងសម្រាប់ការប្រកួតជម្រុះជុំដំបូងក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុម LAO TOYOTA FC ក្នុងលទ្ធផល ២គ្រាប់ នោះមានន័យថាបឹងកេតមាន៤ពិន្ទុលើគ្រាប់បាល់ ដោយឡែកក្រុម YANGON UNITED បានយកឈ្នះលើក្រុម LAO TOYOTA FC ក្នុងលទ្ធផល ៣គ្រាប់នៅលើទឹកដីរបស់ខ្លួនមានន័យថាក្រុម YANGON UNITED មានតែ៣ពិន្ទុប៉ុណ្ណោះ»។
គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015 បានពន្យល់ ប្រាប់រូបមន្តពិន្ទុគ្រាប់ស៊ុតថា ប្រសិនបើក្រុមបឹងកេតអង្គរ អាចរក្សាលទ្ធផលត្រឹម ០-០ ដោយមិនមានគ្រាប់ស៊ុតបញ្ចូលទីនោះ ក្រុមបឹងកេតអង្គនឹងមានសិទ្ធទៅវគ្គបន្ត ប៉ុន្តែបើស្មើដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីគឺក្រុម YANGON UNITED ជាអ្នកទៅវគ្គបន្ត។
ក្រុមបឹងកេតអង្គរ ត្រូវប្រកួតជាមួយក្រុម YANGON UNITED របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៦:៣០នាទី នៅពហុកីឡដ្ឋានជាតិក្នុងជម្រុះជុំដំបូង ដើម្បីកាត់សេចក្តីពីជោគវាសនារបស់ខ្លួន ខណៈក្រុម BECAMEX BINH DUONG FC របស់វៀតណាម កំពុងរង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកក្រុម BURIRAM UNITED របស់ថៃ រង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ៕
Tag:
Toyota Mekong Club Championship 2015
© រក្សាសិទ្ធិដោយ thmeythmey.com