ជាតិ
តំណាងរាស្ត្រ​CNRP អាច​នឹងមិន​ចូលរួម មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨
28, Nov 2015 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​អាច​មិន​ចូលរួម​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA)  ដែលមាន​ប្រទេស​ចំនួន​២៣ ចូលរួម​នោះទេ ដោយសារតែ​បញ្ហានយោបាយ​មិនទាន់មាន​ដំណោះស្រាយ​។ អ្នកនាំពាក្យ​រដ្ឋសភា យល់ថា ការមិន​ចូលរួម​មហាសន្និបាត​គឺជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិន​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​នោះឡើយ​។​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) លើក​ទី​៨ រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៧ ដល់ ថ្ងៃទី​១២ ខែធ្នូ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ ដើម្បី​ពិភាក្សា​ក្រោម​ប្រធានបទ «​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​នៅ​តំបន់​អាស៊ី​» ។



​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​លោក មិនទាន់​ច្បាស់​ថា នឹងចូលរួម​មហាសន្និបាត​សភា​តំបន់​អាស៊ី​នេះ​ឬ​អត់​ទេ ព្រោះ​មិនទាន់មាន​ដំណោះស្រាយ​នយោបាយ​លើ​បញ្ហា​ដក​អភ័យឯកសិទ្ធិ​តំ​ណា​រាស្ត្រ លោក សម រង្ស៊ី ការដក​តួនាទី​អនុប្រធាន​សភា​លោក កឹម សុខា និង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ខ្លួន​។​«​យើង​រងចាំ​មើល​ដំណោះស្រាយ​បញ្ហា​លើ​អភ័យឯកសិទ្ធិ​លោក​ប្រធាន សម រង្ស៊ី ការដក​តួនាទី​អនុប្រធាន​លោក កឹម សុខា និង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​។ បើ​ទាន់​មាន​ដំណោះស្រាយ​បញ្ហានយោបាយ​នេះ យើង​ក៏​មិនទាន់​ច្បាស់​ថា​នឹងចូលរួម​មហាសន្និបាត​សភា​នេះដែរ ឬ​យ៉ាងណាទេ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ មុននឹង​លោក​បន្ថែមថា បញ្ហានយោបាយ​ទាំងអស់នេះ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​បក្ស​ខ្លួន​ពិបាក​សម្រេចចិត្ត​ចូលរួម​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង យល់ថា ការចូលរួម ឬ​មិន​ចូលរួម​គឺជា​សិទ្ធិ​ក្នុងការ​សម្រេច​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​បើទោះជា​មិនមាន​អ្នកចូលរួម​ក៏​មិនមាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​នោះដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​៖«​យើង​មិនទាន់​ដឹងថា ពួកគាត់​ចូលរួម ឬ​មិន​ចូលរួម​នោះទេ ព្រោះ​ពួកគាត់​មានការ​ចាត់​តាំងពី​សភា​តាម​តួនាទី​គណៈកម្មការ​នីមួយៗ​។ ប៉ុន្ដែ​បើ​ពួកគាត់​មិន​ចូលរួម​នោះ​គឺជា​សិទ្ធិ​របស់​ពួកគាត់ ហើយ​យើង​ក៏​មិន​អាចធ្វើ​អ្វី​ពួកគាត់​ដែរ​។ ហើយក៏​មិន​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​មហាសន្និបាត​នោះទេ ព្រោះ​ប្រទេស​ផ្សេងទៀត ក៏មាន​តំណាងរាស្ត្រ​ខ្លះ​ចូលរួម ខ្លះ​មិន​ចូលរួម​ដែរ​»​។​

​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា លោក ងួន ញិ​ល បាន​ឲ្យ​ដឹងថា មហាសន្និបាត​នេះ​នឹងមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិកសភា​តំបន់​អាស៊ី​(APA)​ចំនួន ២៣ ប្រទេស​រួមទាំង​កម្ពុជា​។ ក្រៅពីនេះ​ក៏​ការអញ្ជើញ​ចូលរួម​ពី​អគ្គលេខាធិការ​សភា​តំបន់​អាស៊ី​(APA) លោក NEJAD Hosseinian  និង​ប្រធាន​ទី​១​នៃ​សភា​តំបន់​អាស៊ី​(APA) លោក HADDAD Adel ។ គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​ប្រធានព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា ចំនួន​២​ប្រទេស និង​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​អនុប្រធានរដ្ឋសភា​ចំនួន ៤​ប្រទេស​។

​សូមបញ្ជាក់ថា មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) នឹងមាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ចំពោះ​កិច្ច​ស្តីពី​បទបញ្ញត្តិ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​បុគ្គលិក​។ កិច្ចប្រជុំ​ក្រុមការងារ​ចំពោះ​កិច្ច​ស្តីអំពី​ច្បាប់រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​វប្បធម៌​នៅក្នុង​តំបន់​អាស៊ី​។ ការបង្កើត​សភា​អាស៊ី និង​សមាជិកសភា​ប្រឆាំងនឹង​អំពើពុករលួយ និង​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហានយោបាយ សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចការ​សង្គម វប្បធម៌ និង​បញ្ហា​ស្ត្រី​៕

© រក្សាសិទ្ធិដោយ thmeythmey.com