ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន អរគុណ​យុវជន​ដែល​គាំទ្រ​កូន​របស់ខ្លួន
01, Dec 2015 , 9:36 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​មោទកភាព ចំពោះ​យុវជន​កម្ពុជា​ទូទាំងប្រទេស​ដែល​បាន​ប្រឹងប្រែង​ងើបឈរ​ឡើង​ក្នុងឋានៈ​ជា​យុវជន​នៃ​ប្រទេស​ដែល​ធ្លាប់មាន​ប្រវត្តិ​ដ៏​រុងរឿង​ពី​អតីតកាល ស្របពេល​កូន​ទី​បួន​របស់លោក គឺ លោក ហ៊ុន ម៉ា​នី ទទួល​ពានរង្វាន់ The Gusi Peace Prize ពី​មូលនិធិ Gusi Peace Prize ។​


​លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ពិសេស យុវជន​ដែល​បាន​គាំទ្រ លោក ហ៊ុន ម៉ា​នី ក្នុងការ​បំពេញភារកិច្ច​កន្លងមក​។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ឥស្សរជន​ខ្មែរ​ទីមួយ​ដែល​ឈ្នះ​ពាន Gusi Peace Prize ក្នុងចំណោម​ឥស្សរជន​ចំនួន ១៩​នាក់​លើ​ពិភពលោក ដែល​ទទួល​ពានរង្វាន់ The Gusi Peace Prize ពី​មូលនិធិ Gusi Peace Prize ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​
 
​លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​តាមរយៈ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃនេះ​ថា​៖«​ក្នុងនាម​ជា មាតា បិតា ហ៊ុន ម៉ា​នី ដែល​ទើប​ទទួលបាន​ពានរង្វាន់ The Gusi Peace Prize ថ្មីៗ​នេះ យើងខ្ញុំ​សុំ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ពិសេស យុវជន​ដែល​បាន​គាំទ្រ​ដល់ ម៉ា​នី ក្នុងការ​បំពេញភារកិច្ច​កន្លងមក ដែល​ធ្វើ​ឲ្យ ហ៊ុន ម៉ា​នី ឈាន​ជើង​ទៅ​ទទួលយក​ពានរង្វាន់​ដ៏​មាន​កិត្តិយស​នេះ​។ ពានរង្វាន់​នេះ​មិនមែនជា​របស់ ហ៊ុន ម៉ា​នី ម្នាក់ឯង​ទេ​តែ​ជា​របស់​អ្នកគាំទ្រ​រាប់លាន​នាក់​»​។ លោក​បន្ត​សរសេរ​ទៀតថា​៖«​ខ្ញុំ​មាន​មោទនៈភាព​ដែល​យុវជន​យើង​នៅ​ទូរ​ទាំង​ប្រទេស​​បាន​ប្រឹងប្រែង​ងើបឈរ​ឡើង​ក្នុងឋានៈ​ជា​យុវជន​នៃ​ប្រទេស​ដែល​ធ្លាប់មាន​ប្រវត្តិ​ដ៏​រុងរឿង​ពី អតីតកាល​»​។ 
 
​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹមថា យុវជន​កម្ពុជា​ទូទាំងប្រទេស នឹង​រួមដៃគ្នា កាន់​តែមាន​ប្រសិទ្ធភាព​នូវ​គ្រប់​កិច្ចការ​ទាំងអស់​របស់​ជាតិ​។ «​ខ្ញុំ​សង្ឃឹមថា យុវជន​យើង ទាំង​នៅ​ទីក្រុង ទាំង​នៅ​ជនបទ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ខិតខំ​ចូលរួម​កាន់តែខ្លាំង កាន់តែ​ធំ​ទូលាយ កាន់តែ​ស៊ីជម្រៅ និង​កាន់​តែមាន​ប្រសិទ្ធភាព នៅក្នុង​គ្រប់​កិច្ចការ ទាំងអស់​របស់​ជាតិ​យើង​។ ជូនពរ​ក្មួយៗ ចៅៗ​ជា​យុវជន​ទាំងអស់​ទទួលបាន​នូវ​សេចក្ដីសុខ និង​ជោគជ័យ​គ្រប់​ការងារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន​៕

Tag:
 ហ៊ុន សែន​
 ​ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com