ជាតិ
នយោបាយជាតិ
លោក កឹម សុខា ស្កាត់ទៅជួបលោក សម រង្ស៊ី នៅហ្វីលីពីន ដើម្បីរៀបចំយុទ្ធសាស្ត្រថ្មី រូបលោក សម រង្ស៊ី និងលោក កឹម សុខា នៅប្រទេសនាពេលកន្លងមក
× លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ វិច្ឆិកា ទៅជួបលោក សម រង្ស៊ី ដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រនយោបាយ និងដំណើរការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។ការចាកចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោកបានវិលត្រឡប់កម្ពុជាវិញនៅថ្ងៃទី២៤ ខែវិច្ឆិកាកន្លងមក។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោក កឹម សុខា នឹងជួបលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន ឬក៏នៅថៃ ដើម្បីពិគ្រោះយោបល់គ្នាពីស្ថានភាពនយោបាយ និងរៀបចំយុទ្ធសាស្ត្រសម្រាប់បក្ស ក្នុងការរកដំណោះស្រាយនយោបាយរវាងគណបក្សទាំងពីរ។
បន្ថែមពីលើនេះអ្នកនាំពាក្យមួយរូបទៀត លោក យឹម សុវណ្ណ បានឲ្យដឹងថា ការចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា ពេលនេះ ក៏ដើម្បីរកអន្តរាគមន៍នានាពីបរទេស ជំរុញឲ្យមានដំណោះស្រាយនយោបាយ ដែលកំពុងមានភាពចលាចលដូចជា ការប្រើអំពើហិង្សាវាយលើតំណាងរាស្ត្រ ការតាមចាប់ខ្លួន និងដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី និងការដកតួនាទីលោក កឹម សុខា ជាដើម។
តែយ៉ាងណាអ្នកនាំពាក្យទាំងពីររូបនេះ មិនទាន់អាចបញ្ជាក់ថា លោក កឹម សុខា និងត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ។
កាលពីថ្ងៃទី២៤ វិច្ឆិកា លោក កឹម សុខា បានបញ្ជាក់ថា លោកចង់ឃើញស្ថានភាពនយោបាយវិលទៅរកភាពដើម ហើយបន្តធ្វើការងាររួមគ្នាដើម្បីជាតិ។ លោកអះអាងថា នឹងរកវិធីដោះស្រាយបញ្ហាប្រកបដោយឆន្ទៈ៕
Tag:
CNRP
កឹម សុខា
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com