ជាតិ
បទ​ភ្លេង «​មេត្តា​រៀម​ផង​» ក៏មាន​កំណើត​ពី​ប្រទេស​ជប៉ុន​
17, Dec 2015 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ លោក ឃុ​ត សុខឿន នឹង​ជម្រាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់​នូវ​ប្រវត្តិ​របស់​បទ​ច​ម្រៀ​ង​ខ្មែរ​មួយ​បទ​ដែលមាន​ចំណងជើង​ថា  "​មេត្តា​រៀម​ផង​"​។





 ​មិត្តអ្នកស្តាប់​បាន​ជ្រាប​ហើយ​ថា បទ​ចម្រៀង​នេះ​មាន​ចំណងជើង​ថា  "​មេត្តា​រៀម​ផង​"​។ បទ​ចម្រៀង​នេះ ច្រៀង​ដោយ​អ្នកចម្រៀង​ពីរ​នាក់​បងប្អូន​ដែលជា​តារាភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​មុន​ឆ្នាំ​១៩៧៥ គឺ​លោក គង់ សំអឿន និង លោក គង់ ចន្ថា​។ បទ​នេះ​ត្រូវបាន​ផលិតឡើង​នៅ​ឆ្នាំ ១៩៧២ ដើម្បី​ដាក់ បញ្ចូល​ទៅក្នុង​ខ្សែភាពយន្ត​ខ្មែរ​រឿង "​លំអង​ពុធ​ឆាត​" ។ មិត្តអ្នកស្តាប់​ជាទី​មេត្រី ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​សង្ខេប​រឿង "​លំអង​ពុធ​ឆាត​" ជូន​ប្រិយមិត្ត​ស្តាប់​បន្តិច​សិន​។

​    ​កាលពីព្រេងនាយ មាន​យុវជន​ម្នាក់​ឈ្មោះ ពុធ​ឆាត​និង​មិត្តភក្តិ​២​នាក់​ទៀត បាននាំគ្នា ទៅ​រៀន​មន្តអាគម​វិជ្ជាការ ពី​អាចារ្យ​ទិសាបាមោក្ខ​ម្នាក់​។ លុះ​ចំណេរ​ក្រោយមក នៅឯ​ស្រុក​មួយ  មាន​ពួកចោរ​ចូលលុកលុយ និង​លួច​ប្លន់​អ្នកស្រុក​។ មេភូមិ​ក៏​ផ្ញើលិខិត​សុំ​ជំនួយ​ពី​អាចារ្យ​ទិសាបាមោក្ខ​នោះ​។  លោកគ្រូ ក៏​អនុញ្ញាតអោយ​សិស្ស​ទាំងបី នាក់​ចុះ​ពី​ភ្នំ​ដើម្បី​ជួយ​យកអាសារ​អ្នកស្រុក​។

​    ​បន្ទាប់ពី​ច្បាំង​ឈ្នះ​ពួកចោរ អ្នកភូមិ​បាន​សម្តែង​សេចក្តីត្រេកអរ និង​ដឹងគុណ​ចំពោះ​យុវជន ទាំង​៣​នាក់ និង​បានអោយ​ពួកគេ​ស្នាក់នៅ​ក្នុងភូមិ​ស្រុក​នោះ​ជា​បណ្តោះអាសន្ន​សិន​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុងភូមិ​ស្រុក​នោះ  ពុធ​ឆាត និង​មិត្ត​របស់គេ​ម្នាក់ទៀត បាន​បាក់ ចិត្ត​ស្រឡាញ់​នាង លំអង ដែលជា​កូនស្រី​របស់​មេភូមិ​។ ប៉ុន្តែ នាង​លំអង ស្រឡាញ់​តែ ពុធ​ឆាត​តែ​ម្នាក់​ប៉ុណ្ណោះ​។​

​លុះ​ក្រោយមក​មិនយូរប៉ុន្មាន អំពើចោរកម្ម​បានកើត​មាន​ឡើង​នៅឯ​ស្រុក​ឆ្ងាយ​មួយទៀត​។​អាចារ្យ​ទិសាបាមោក្ខ បាន​សរសេរ​លិខិត​អោយ​ពួកគេ​ទាំង​៣​ទៅ​ជួយ​អ្នកស្រុក​នៅ​ទីនោះ​។ ពុធ​ឆាត ដែល​ជាប់ចិត្ត​ស្រឡាញ់​នាង លំអង ខ្លាំងពេក បានសម្រេច​ចិត្ត​មិន​ព្រម​ចាក​ចេញពី​នាង​ទេ​។ ដោយ​ចង់អោយ ពុធ​ឆាត ទៅ​ជួយ​ជីវិត​អ្នកស្រុក នាង​លំអង បាន​ប្រើ ឧបាយកល​ធ្វើជា​ស្អប់ ពុធ​ឆាត ។ នៅ​ទីបំផុត ពុធ​ឆាត បានសម្រេច​ចាកចេញ​ពី​នាង លំអង ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួកចោរ​។ ដំណើរ​ផ្សងព្រេង និង​រឿងរ៉ាវ​ស្នេហា របស់​យុវជន​ទាំងបី បាន​ផ្តើម​ជា​បន្តបន្ទាប់​………

​    ​នៅ​ចុងបញ្ចប់​នៃ​សាច់រឿង នាង​លំអង បាន​ជិះសេះ​ទៅរក​ពុទ្ធ​ឆាត ដល់​ស្រុក​ឆ្ងាយ​នោះ​។ ប៉ុន្តែ ពុធ​ឆាត ដែល​បានដឹង​រឿងរ៉ាវ​អស់ហើយ​នោះ បានធ្វើ​ពុត​ជា​មិន​ស្រឡាញ់​នាង​វិញ ឡើយ​។ ដោយ​អស់សង្ឃឹម នាង​លំអង ប្រុង​នឹងធ្វើ​អត្តឃាដ ប៉ុន្តែ ពុធ​ឆាត មកជួយ​នាង ទាន់ពេល ហើយ​ពួកគេ​ទាំងពី ក៏​យល់ចិត្ត​យល់​ថ្លើម​គ្នា​ដូចដើម​វិញ​។

​    ​ខ្សែភាពយន្ត​រឿង លំអង​ពុទ្ធ​ឆាត ជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​រឿង​ដោយ លោក គង់ សំអឿន និង​ផលិត​ដោយ​ផលិតកម្ម​អង្គរវត្ត​ភាពយន្ត​។ តួ​សម្តែង​សំខាន់ៗ​នៅក្នុង​រឿងនេះ​មាន លោក គង់ សំអឿន លោក គង់ ចន្ថា លោក គង់ សំអាត អ្នកស្រី ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី អ្នកស្រី គីម ណូ​វ៉ា​។  ចំណែក​បទ​ចម្រៀង​"​មេត្តា​រៀម​ផង​" និពន្ធ​ទំនុកច្រៀង​ដោយ​លោក ញ៉ែម ផុន រៀប​សម្រួល​បទ ភ្លេង​ដោយ​លោក ម៉ម ប៊ុន​ណា​រ៉ៃ​។ ប៉ុន្តែ​បទ​ភ្លេង​នៃ​បទ​ចម្រៀង​នេះ មិនមែនជា​បទ​ភ្លេងខ្មែរ​នោះទេ​។ បទ​ភ្លេង​នេះ​មាន​ប្រភព មកពី​ប្រទេស​ជប៉ុន​។

​បទ​ចម្រៀង​ជប៉ុន​ដែល​លោកអ្នក​កំពុង​ស្តាប់​នៅពេលនេះ មាន​ចំណងជើង​ថា Ameno Nakano Futari (​អា​មែ ណូ ណា​កា ណូ ហ្វ៊ឹ​តា​រិ​) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "​គូស្នេហ៍​ក្រោម​តំណក់ភ្លៀង​"​។

បទ​ចម្រៀង​នេះ បរិយាយ​អំពី​គូស្នេហ៍​វ័យក្មេង​មួយគូ ដើរ​បាំង​ឆ័​ត្រ​ជាមួយគ្នា​ក្រោម​តំណក់ ភ្លៀង​។ បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តេចក្តី ក៏​ពួកគេ​ទាំងពី​សប្បាយរីករាយ​នឹង​ពេល វេលា​ដែល​ពួកគេ​នៅ​ជាមួយគ្នា​។ សម្រាប់​ពួកគេ តំណក់ទឹកភ្លៀង​ដែល​ស្រក់​ចុះមក គឺ​ប្រៀប​បី​ដូចជា​គ្រាប់​គជ់​ធ្លាក់ចុះ​ពីលើ​មេឃ យ៉ាង​ដូច្នេះ​ដែរ​។​

​បទ​ចម្រៀង​"​គូស្នេហ៍​ក្រោម​តំណក់ភ្លៀង​"​បានចេញ​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ ១៩៦៦ ។ បទ​នេះ​ច្រៀង​ដោយ​អ្នកចម្រៀង​ឈ្មោះ Yukio Hashi  និពន្ធ​ទំនុកច្រៀង​ដោយ Tetsuo Miyagawa (​តេ​ហ្ស៊ឹ​អុ មី​យ៉ា​ហ្កា​វ៉ា​)​និង​និពន្ធ​បទ​ភ្លេង​ដោយ Tone Ichiro (​តូ​ណេ អ៊ី​ជី​រ៉ូ​)​។​

​    ​ដូចគ្នា​នឹង​បទ​ចម្រៀង​ជប៉ុន​មួយចំនួនទៀត បទ​ចម្រៀង​នេះ បានក្លាយ​ជា​បទ​ចម្រៀង​ដ៏​ល្បី ក្នុង​តំបន់​។ ក្រៅតែពី​សិល្បករ​ខ្មែរ សិល្បករ​ចិន​មួយចំនួន ក៏បាន​យក​បទ​ចម្រៀង​នេះ ទៅជា​ច្រៀង​ជាថ្មី ជា​ភាសាជាតិ​របស់ខ្លួន​ផងដែរ​។


Tag:
 ឃុ​ត សុខឿន
© រក្សាសិទ្ធិដោយ thmeythmey.com