ជាតិ
តារាចម្រៀង​ខ្មែរ ៥ រូប​ប្រកាស​មិន​ច្រៀង​បទ​ចម្រៀង​ចម្លង​ពី​បរទេស​
25, Dec 2015 , 8:21 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​អះអាងថា រូបលោក​និង​សិល្បករ សិល្បការិនី ៤ រូប​ទៀត បាន​ប្តេជ្ញាចិត្ត​ឈប់​ច្រៀង​ចម្រៀង​ចម្លង​ពី​បរទេស​ចាប់ពីពេលនេះ​តទៅ បើទោះបីជា​ផលិតកម្ម​តម្រូវ​ឲ្យ​ច្រៀង​ក៏ដោយ​។ បើតាម​លោក សុះ ម៉ាច តារាចម្រៀង​ទាំងនោះ បាន​តាំងចិត្ត​ថា ទោះបី​ខ្លួន​មាន​ជីវ​ភាពមិន​ប្រសើរ ហើយ​ត្រូវ​ផលិតកម្ម​ចម្រៀង​បញ្ឈប់​ពី​ការងារ​ក្តី ក៏​ពួកគេ​មិន​ច្រៀង​ចម្រៀង​ចម្លង​ពី​បរទេស​ដែរ​។​



​អ្នកនាង ម៉េង កែវ ពេជ្រ​ចិន្តា កញ្ញា មាស សុខ​សោភា អ្នកនាង ពេជ្រ សោភា និង​លោក ហេង ពិ​ទូ សុទ្ធតែជា​តារាចម្រៀង​ដែល​បាន​ប្តេជ្ញាចិត្ត​ថា នឹងមិន​ច្រៀង​ចម្រៀង​ដែល​ចម្លង​ពី​បរទេស​ទៀត​នោះឡើយ​។ នេះ​ជាការ​អះអាង​របស់លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ហើយក៏​ជា​អ្នក​ច្រៀង​ដែល​បដិសេធ​ច្រៀង​ចម្រៀង​លួច​ពី​បរទេស​ផងដែរ​នោះ​។ កូនប្រុស​របស់ លោក សុះ ម៉ាត់ តារា​ល្បី​ជំនាន់​លោក ស៊ិន ស៊ី​សាមុត រូបនេះ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  តារាចម្រៀង​ទាំង ៤ នាក់​ខាងលើ​បាន​ប្តេជ្ញាចិត្ត​ជាមួយ​រូបលោក​ហើយ​ថា បើទោះបីជា​ពួកគេ​ត្រូវមាន​ជីវភាព​ខ្សត់ខ្សោយ និង​ម្ចាស់​ផលិតកម្ម​បញ្ឈប់​ពី​ការងារ​ក្តី ក៏​ដាច់ខាត​មិន​ច្រៀង​ចម្រៀង​ដែល​លួច​ពី​បរទេស​ដែរ​។​

​លោក សុះ ម៉ាច បាន​បន្ថែមថា មូល​ហេតុដែល​រូបលោក​និង​តារាចម្រៀង ៤ រូប​ទៀត​ប្រកាស​ឈប់​ច្រៀង​ចម្រៀង​ពី​បរទេស គឺ​ដោយសារ​ពួកខ្លួន​ឈឺចាប់​នឹង​បរទេស​ដែល​មើលងាយ និង​បន្តុះ​បង្ហាប់​វិស័យ​ចម្រៀង​ខ្មែរ ដោយសារតែ​តារា និង​ផលិតកម្ម​ចម្រៀង​ខ្មែរ​លួច​ចម្លង​ចម្រៀង​ពី​បរទេស​។ «​ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មិនបាន​ចេញ Album ថ្មី ហើយ​ខ្ញុំ​ចង់​ធ្វើ​បដិវត្ត ខ្ញុំ​ចង់​រើស​បម្រាស​។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មើលងាយ​សិល្បៈ​ចម្រៀង​យើង​ទេ​។ ខ្ញុំ​មានការ​ឈឺចាប់​ណាស់​ដែល​ប្រទេសជិតខាង​បង្អាប់​ចម្រៀង​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុះ ម៉ាច​។​

​ស្តាប់​សំឡេង​លោក សុះ ម៉ាច​



​ទាក់ទង​នឹង​បញ្ហា​នេះ លោក ហេង ពិ​ទូ តារាចម្រៀង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​មួយរូប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូបលោក​ពិតជា​បាន​ប្តេជ្ញាចិត្ត​ជាមួយ​លោក សុះ ម៉ាច និង​តារាចម្រៀង​មួយចំនួន​ទៀតថា នឹងមិន​ច្រៀង​ចម្រៀង​ដែល​ចម្លង​ពី​បរទេស​ទៀតឡើយ​។ លោក ហេង ពិ​ទូ រម្លឹកថា អស់​រយៈពេល​ជាង ២ ឆ្នាំ​មកហើយ ដែល​លោក​មិនបាន​ចេញ Album ចម្រៀង​ថ្មី ដោយសារតែ​លោក​តាំងចិត្ត​មិន​ច្រៀង​ចម្រៀង​ដែល​ចម្លង​ពី​បរទេស​។ លោក​ថា ទើបតែ​មួយរយៈ​ចុងក្រោយ​នេះ​ទេ ដែល​លោក​ចាប់ផ្តើម​ច្រៀង​ឡើងវិញ ហើយ​វា​ជា​បទ​ចម្រៀង​ដែល​លោក​និពន្ធ​ដោយ​ខ្លួនឯង ។ «​ខ្ញុំ​មាន​បេះដូង​ជា​ខ្មែរ​។ ខ្ញុំ​ស្រឡាញ់​កិត្តិយស​ខ្មែរ​។ ដូច្នេះ​ខ្ញុំ​ឈប់​ច្រៀង​ចម្រៀង​ពី​បរទេស​»​។ នេះ​ជាការ​តាំងចិត្ត​របស់លោក ហេង ពិ​ទូ​។​

​តែ​យ៉ាងណា​លោក ហេង ពិ​ទូ យល់ថា តារាចម្រៀង​ខ្មែរ​ខ្លះ ដែល​នៅ​បន្ត​ច្រៀង​ចម្រៀង​ពី​បរទេស ក៏មាន​អារម្មណ៍​ឈឺចាប់​នៅពេលដែល​បរទេស​មើល​ងាយ​វិស័យ​ចម្រៀង​ខ្មែរ ហើយ​ពួកគេ​ក៏​មិន​ចង់​ច្រៀង​បទ​ចម្លង​ពី​បរទេស​ដែរ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​ខ្ញុំ​គិតថា ពួកគេ​ឈឺចាប់​ដូច​ខ្ញុំ​ដែរ​។ តែដោយសារ​គាត់​គ្មាន​ជម្រើស និង​មិនចេះ​និពន្ធ​ដោយ​ខ្លួនឯង ទើប​គាត់​ស​ម្រ​ច​ចិត្ត​ច្រៀង​។ ខុសពី​ខ្ញុំ ខ្ញុំ​ចេះ​និពន្ធ​ខ្លួនឯង​ខ្លះ ខ្ញុំ​មិនចាំបាច់​ច្រៀង​ចម្រៀង​ពី​បរទេស​ទេ​»៕



Tag:
 ចម្រៀង​
 ​ សុះ ម៉ាច​
  ហេង ពិ​ទូ​
© រក្សាសិទ្ធិដោយ thmeythmey.com