ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា ចរចា​គ្នា ពេល​លោក សុន ឆ័យ កំពុង​ថ្លែង​ក្នុង​សភា​
13, Jan 2016 , 2:29 pm        
រូបភាព
ដោយ:
 
​ជាការ​ជួបគ្នា​ដ៏​កម្រ​រវាង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​។ ជំនួប​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ​។ ប្រធានបទ​នៃ​ជំនួប​រវាង​សម្តេច ហ៊ុន សែន និង​ឯកឧត្តម លោក កឹម សុខា គ្មាន​មន្ត្រី​ណាមួយ​ដឹង​ឡើយ​។​



ពេលដែល​លោក សុន ឆ័យ កំពុងតែ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា សម្តេច ហ៊ុន សែន បាន​ចេញពី​កៅអី​របស់ខ្លួន ដើរទៅ​ជួប​ឯកឧត្តម កឹម សុខា នៅ​កៅ​អី​ជួរ​ខាង​ស្តាំ​នៃ​​បន្ទប់​ប្រជុំ​សភា​នៅថ្ងៃនេះ​។ ឯកឧត្តម កឹម សុខា ក៏បាន​ក្រោកឈរ​ជជែក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ប្រមាណ​ជា ៤ ទៅ ៥ នាទី​។ តែ​នៅក្នុង​ជំនួប​នោះ ដោយសារតែ​ពេល​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងនិយាយ​ក្នុង​អង្គប្រជុំ​សភា​អំពី​ការយក​លុយ​ពី​អ្នកដំណើរ​នៅ​ផ្លូវជាតិ​លេខ ៤  ទើប​សំឡេង​នៃ​ការពិភាក្សា​រវាង​សម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា មិនអាច​ឮ​ដល់​តំណាងរាស្ត្រ​ដទៃទៀត​។​
 
លោក កង គឹម​ហាក់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នោះ ហើយ​ដែល​បាន​ថត​សក​សម្មភាព​លោក​ប្រមុខ​ដឹកនាំ​បក្ស​ទាំងពីរ​ចរចា​គ្នា​ដែរនោះ បញ្ជាក់ថា ខ្លួន​មិនដឹងថា សម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា លើកឡើង​បញ្ហា​អ្វី​ជជែក​ជាមួយគ្នា​នោះទេ​។​« គ្រាន់តែ​ខ្ញុំ​គិត​ខ្លួនឯង​ទេ​ថា ពួកគាត់​ប្រហែលជា​និយាយ​ពី​បញ្ហានយោបាយ​បច្ចុប្បន្ន​។ ខ្ញុំ​មិនអាច​បញ្ជាក់ថា រឿង​អ្វីមួយ​ឲ្យ​ច្បាស់​ទេ ព្រោះ​ពេលនោះ​ឯកឧត្តម សុន ឆ័យ កំពុងនិយាយ​»​។ បើទោះបី​យ៉ាងណា លោក កង គឹម​ហាក់ កត់សម្គាល់ថា ក្រោយពី​ជំនួប​រវាង​លោក​ទាំងពីរ ប្រមុខ​រដ្ឋាភិបាល​បានសម្រេច​ឈប់​យកលុយ​ពី​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៤ ចាប់ពី​ថ្ងៃ ១២ យប់​នេះ​តទៅ​។​
 
​ជាមួយគ្នានេះ លោក រៀល ខេ​ម​រិ​ន្ទ្រ  តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា ដោយសារ​លោក​នៅ​ឆ្ងាយ​ពីស​ម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា លោក​មិនដឹង​ពី​ប្រធានបទ​នៃ​ការជជែក​គ្នា​រវាង​លោក​ទាំងពីរ​ទេ​។​«​ខ្ញុំ​ឃើញ​សម្តេច ហ៊ុន សែន គាត់​និយាយ​អម​នឹង​កាយវិការ​ចុះឡើង​ជាមួយ​ឯកឧត្តម កឹម សុខា​។ តែ​ខ្ញុំ​គ្រាន់តែ​ថត​សកម្មភាព តែ​មិនដឹង​ប្រធានបទ​ដែល​គាត់​និយាយ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រៀល ខេ​ម​រិ​ន្ទ្រ​។​
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

Tag:
 ហ៊ុន សែន​
 ​កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com