ជាតិ
ពីនេះ ពីនោះ
តើ​ពេលណា​ដែល​គេ​សរសេរ​«​បរិបូរ​, បរិបូណ៌ និង បរិបូរណ៍​»​នៅក្នុង​សំណេរ​ភាសា​ខ្មែរ​?
09, Mar 2023 , 7:29 am        
រូបភាព
​ភ្នំពេញ​៖ ពាក្យ​ថា «​បរិបូរ​, បរិបូណ៌ និង បរិបូរណ៍​»​គឺជា​ពាក្យ​ដែល​សាធារណជន លោក​នៅមាន​ភាពមិនច្បាស់លាស់​នៅក្នុង​ការសរសេរ​នៅឡើយ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់ដឹង​ក្នុង​ការសរសេរ​ពាក្យពេចន៍ ឲ្យ​បាន​ត្រឹម​តាម​ក្បួនខ្នាត​វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា​«​បរិបូរ​, បរិបូណ៌ និង បរិបូរណ៍​»​មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖



​នៅក្នុង​សំណេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជា​កិរិយាសព្ទ និង គុណសព្ទ​គឺ​ត្រូវ​សរសេរថា «​បរិបូរ និង បរិបូណ៌​» ដែល​មានន័យថា ដែល​គ្រប់គ្រាន់ ដែល​ពេញ​គ្រប់គ្រាន់ សម្បូរ ដែល​ឆ្អែត​ហើយ ជាដើម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​បរិបូរណ៍​» ដែល​មានន័យថា ការ​គ្រប់គ្រាន់ ការ​ពេញលេញ សម្បូរ​ណ៍ ជាដើម​។​

​ករណី​ពិសេស​៖ ប្រសិនបើ​សាធារណជន ចង់​សរសេរ​ពាក្យ​នេះ ដោយ​ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការ​បរិបូរណ៍​, ក្ដី​បរិបូរណ៍​, សេចក្ដី​បរិបូរណ៍ និង​ដំណើរ​បរិបូរណ៍​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​បរិបូរណ៍​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា​«​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​បរិបូរ និង បរិបូណ៌​»​ទើប​ត្រឹមត្រូវ​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com