ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ចិន​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧
05, Feb 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន បាន​ឯកភាព​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ បាន​ដល់​ចំនួន ៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ។ ភាគី​ទាំងពីរ ក៏​ឯកភាព​បន្ត​ផ្តល់​ការគាំទ្រ  ដល់ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែរ​។ ការឯកភាព​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ដើម្បី​អនុវត្តន៍​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​រាជរដ្ឋាភិបាល​កម្ពុជា រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​ចិន ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។



​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា  មាន​ចំណុចរួម​ជាច្រើន​ទៀត ដែល​ត្រូវបាន​ឯកភាព នៅក្នុង​កិច្ចប្រជុំ​ដែលមាន​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក យ៉ាង ជា​ឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ធ្វើជា​សហប្រធាន​នេះ មាន​ជាអាទិ៍​៖

- ភាគី​ទាំង​២ ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី កិច្ចសហប្រតិបត្តិការ​កម្រិត​រដ្ឋាភិបាល ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស ការប្រឆាំង​ភេរវកម្ម និង​ការបង្ក្រាប​ការរត់ពន្ធ​មនុស្ស​ជា   ក្រុម​។

- ឯកភាព​ឲ្យ​មានការ​រៀបចំ និង​ចុះហត្ថលេខា​លើ​ឯកសារ ស្តីពី​កិច្ចសហប្រតិបត្តិការ​«​ខ្សែ​ក្រ   វ៉ា​ត់​មួយ ផ្លូវ​មួយ​» និង​ជំរុញ​ការរៀបចំ និង​អនុវត្តន៍​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ - ក្រុងព្រះសីហនុ​។ ជាមួយគ្នា​នោះ ភាគី​ចិន​ស្វាគមន៍​ការ​នាំចូល​កសិផល​កម្ពុ​ជា​បន្ថែមទៀត ទៅកាន់​ទីផ្សារ​របស់​ចិន តែ​ត្រូវ​ស្របតាម​ស្តង់ដារ​ច​ត្តា​លី​ស័​ក្ត និង​តម្រូវការ​របស់​ចិន ខណៈ​កម្ពុជា បានស្នើ​ឲ្យ​ចិន​ជួយ​សម្រួល​ការនាំ​កសិផល​កម្ពុជា​ជាច្រើន​ទៀត ដូចជា​កៅស៊ូ​ក្រែប ដំឡូង​ស្ងួត ស្ករស និង​ម្រេច ទៅ​ចិន​។

- ភាគី​ចិន បន្ត​ផ្តល់​ដល់​កម្ពុជា​នូវ​ជំនួយ​អភិវឌ្ឍន៍ និង​ឥណទាន​សម្បទាន ដោយ​ភាគី​ទាំងពីរ បន្ត​ជំរុញ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ សម្រាប់​គាំទ្រ​ដល់​គម្រោង​នានា ដូច​មាន​ក្នុង​ផែនការ​សហប្រតិបត្តិកា​រ ៥​ឆ្នាំ ២០១៥ - ២០១៩ ដូចដែល​កម្ពុជា​បានស្នើ​ឡើង​។  លើសពីនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​បង្កើន​ជំនួយ​របស់​ចិន នៅក្នុង​វិស័យ​ដែល​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​គម្រោង​សហប្រតិបត្តិ​ការសំខាន់ៗ​រវាង​ប្រទេស​ទាំងពីរ ដូចជា​គម្រោង សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មន្ទីរពេទ្យ​។​ល​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ភាគី​ទាំង​២ បាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​វិស័យ​កសិកម្ម អប់រំ ទេសចរណ៍ និង​វប្បធម៌​ជាដើម​។ ក្រៅពីនោះ ភាគី​ចិន​គាំទ្រ​កម្ពុជា​ក្នុងការ​បំពេញ​តួនាទី​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ ព្រមទាំង​ការចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APEC) ហើយ​ភាគី​ទាំងពីរ​បានកំណត់​រៀប​ចំ​កិច្ចប្រជុំ​លើក​ទី​៤ របស់​គណៈកម្មាធិការ​សម្របសម្រួល អន្តររដ្ឋាភិបាល​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ ៕


Tag:
 ពាណិជ្ជកម្ម​
 ​ កម្ពុជា​-​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com