ជាតិ
បទវិភាគ
យុវជន​បរិសុទ្ធ​ស្អប់ខ្ពើម​ទង្វើ​​អសីលធម៌​!
05, Mar 2016 , 1:25 pm        
រូបភាព
តាម​ពី​ភ្នំពេញ​ដល់​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​អំពី​ខ្សែអាត់​សំឡេង​ស្នេហា​។ នេះ​ជា​ចំណុច​ដ៏​វិជ្ជមាន​មួយ​របស់​សង្គមជាតិ​ដែលមាន​ក្រុមយុវជន និស្សិត នាំគ្នា​ប្រឆាំងនឹង​ទង្វើ​អសីលធម៌​របស់​អ្នកនយោបាយ​ជាន់ខ្ពស់​។



​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៤ ខែមីនា យុវជន​ជាង​៥០​នាក់​ដែល​បាន​អះអាងថា ជា​ក្រុមយុវជន និង​និស្សិត​សកលវិទ្យា​ល័យ​នានា​នៅ​ភ្នំពេញ បាននាំគ្នា​ទៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ដើម្បី​ដាក់​ញត្តិ​តវ៉ា ឲ្យ​ឯកឧត្តម កឹម សុខា ចេញមុខ​បកស្រាយ​នូវ​ការពិត​ស្តីអំពី​ខ្សែអាត់​សំឡេង​ស្នេហា​អសីលធម៌​។​

​សំឡេង​អាត់​ដែល​ក្រុមយុវជន​លើកឡើង​នោះ គឺ​ចេញពី​ការផ្សាយ​ជា​បន្តបន្ទាប់​របស់​គណ​នី​ហ្វេ​ស​ប៊ុ​ក​អនាមិក​មួយ​ដែលមាន​ឈ្មោះ «Mon Srey» ដែល​ថត​ពី​ការសន្ទនា​ស្នេហា​របស់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​។ សំឡេង​បុរស​ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​សំឡេង​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក ប៉េង ភី​រេ​ន ដែល​តំណាង​ឲ្យ​ក្រុមយុវជន​ដែល​តវ៉ា​នោះ បាន​អះអាងថា ពួកគាត់​គ្រាន់តែ​ជា​និស្សិត​ប៉ុណ្ណោះ មិនមាន​ជាប់​និន្នាការ​គាំទ្រ​នយោបាយ​ណាមួយ​ឡើយ​។ អ្វីដែល​ពួក​និស្សិត​ចង់បាន​នោះ គឺ​ចង់​ឲ្យ​ឯកឧត្តម កឹម សុខា ចេញមុខ​បកស្រាយ​នូវ​ការពិត​។​

«​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​»​។ នេះ​ជាគោលការណ៍​ដែល​ប្រធានស្តីទី​គណបក្សប្រឆាំង​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់ខ្លួន ដោយ​បញ្ជាក់ថា ត្រូវ​នាំគ្នា​ផ្តោតលើ​យុទ្ធសាស្ត្រ​យកឈ្នះ​ការបោះឆ្នោត​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ លោក យ៉ែម បុញ្ញឫទ្ធិ ដែលជា​អ្នកនាំពាក្យ​បក្ស បាន​លើកឡើងថា គណបក្ស​របស់លោក​មិន​យក​ពេលវេលា​ទៅ​គិតគូរ​នូវ​រឿង​ដែល​ឥតប្រយោជន៍​នោះឡើយ​។​

​ការស្ងៀមស្ងាត់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មិនបាន​ធ្វើ​ឲ្យ​ក្រុមយុវជន​ដែល​ស្រឡាញ់​នូវ​ភាព​ស្អាតស្អំ​ស្ងប់ចិត្ត​។ នៅ​ថ្ងៃនេះ ពួកគេ​មួយចំនួន​ប្រហែលជា​បាន​ចំណាយ​ថវិកា​ផ្ទាល់​លើ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា ធ្វើការ​បកស្រាយ ខណៈ​មាន​កម្មវិធី​ជួបជុំ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ខ្លួន​។ ប៉ុន្តែ​នៅតែ​គ្មាន​ចម្លើយ​។​

​នាពេល​អនាគត ក្រសួង​អប់រំ យុវជន និង​កីឡា ឬ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រហែលជា​មិន​ខ្វះ​ធនធាន​នោះឡើយ ពីព្រោះ​បច្ចុប្បន្ន យុវជន​កំពុងតែ​បង្ហាញ​ពី​ស្អាតស្អំ​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​អសីលធម៌ ឬ​ស្នេហា សហាយស្មន់ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​ដ៏​បរិសុទ្ធ​។​

​គេ​សង្ឃឹមថា ឯកឧត្តម កឹម សុខា មិនមែនជា​គោលដៅ​តែ​ម្នាក់​គត់​នោះឡើយ​របស់​ក្រុមយុវជន​ដែល​ស្អប់ខ្ពើម​អំពើ​អសីលធម៌​នៃ​អ្នកនយោបាយ បើទោះបី​វា​ជា​រឿង​ឯកជន​ក៏ដោយ​។ ឯកឧត្តម ឧកញ៉ា និង​អ្នកនយោបាយ​ជាន់ខ្ពស់​គ្រប់​និន្នាការ​ទាំងអស់​ច្បាស់​ជា​រង​ការ​ប្រឈម​នឹង​ការទាមទារ​ឲ្យ​បង្ហាញ​ការពិត​ជាមិនខាន បើសិន​បើ​ហ៊ាន​លួច​មាន​ស្រី ឬ​ចិញ្ចឹម​ស្រី​ស្នេហ៍​លាក់កំបាំង​ភរិយា​។​

​សំណួរ​សួរថា តើ​យុវជន ឬ​ក្រុមនិស្សិត​ពិតជា​ធ្វើ​សកម្មភាព​ចេញពី​ចិត្ត​របស់ខ្លួន​ពិត​ប្រាក​ដ ឬ​យ៉ាងណា​? ប្រសិនបើ​ពួកគាត់​ធ្វើតាម​ការបញ្ជា ឬ​តាម​ក្រុម​បក្ខពួក​អ្វីមួយ ដែល​មិនមែនជា​ស្មារតី​ពិតប្រាកដ​របស់ខ្លួន​ទេនោះ សង្គមជាតិ​ត្រូវ​រង់ចាំ​រហូត​ដល់ពេលណាទៅទើប​បាន​ធនធានយុវជន​ពិត​ប្រាកដ?





Tag:
 ឯកឧត្តម កឹម សុខា
  គណបក្ស​សង្គ្រោះ​ជាតិ
  ស្នេហា
© រក្សាសិទ្ធិដោយ thmeythmey.com