ជាតិ
តំណាង​និស្សិត​ម្នាក់​រង់ចាំ​អញ្ជើញ​ស្រីមុំ ឲ្យ​ចូលរួម​សិក្ខាសាលា នៅ​ក្រសួងមហាផ្ទៃ​
11, Mar 2016 , 11:00 am        
រូបភាព
ដោយ:
 
​និស្សិត​ម្នាក់ ដែល​អះអាងថា ខ្លួន​តំណាង​ឲ្យ​និស្សិត ១០០ នាក់​នៅ​សកល​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ កំពុង​រង់ចាំ​កញ្ញា​ស្រ​មុំ ដែល​កំពុង​ឆ្លើយបំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ នៅក្រសួង​មហា​ផ្ទៃ​នៅ​ព្រឹក​នេះ ដើម្បី​ប្រគល់​លិខិតអញ្ជើញ​ដល់​កញ្ញា​ស្រីមុំ ឲ្យ​ចូលរួម​សិក្ខាសាលា​។


 
​តាម​លិខិតអញ្ជើញ​នោះ សិក្ខាសាលា នឹង​រៀបចំ​ធ្វើ​នៅ​វិទ្យាស្ថាន​អភិវឌ្ឍ​សេដ្ឋកិច្ច ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នា​ម៉ោង ២ រសៀល នៅ​ថ្ងៃទី ១១ ខែមីនា​នេះ ក្រោម​ប្រធានបទ «​ផលប៉ះពាល់​នៃ​ខ្សែអាត់​សំឡេង​ដែល​គេ​សង្ស័យថា សំឡេង​លោក កឹម សុខា និង​ការបង្ហាញ​ភស្តុតាង​បញ្ជាក់ថា ខ្សែអាត់​សំឡេង​ដូច​ស្រីមុំ ១០០ ភាគរយ​»​។​

តំណាងនិស្សិតដែលចុះហត្ថលេខាអញ្ជើញស្រីមុំ លោក ម៉ី ម៉េងស៊ា បានថ្លែងថា ក្រុមរបស់លោកមានភស្តុតាងជាក់លាក់ដែលអាចបញ្ជាក់ថា សំឡេងនោះ​ ពិតជា​សំឡេង​កញ្ញាស្រី មុំ ហៅ ឃុំ ច័ន្ទ​តារាទី និយាយ​ជាមួយឯកឧត្តម​ កឹម សុខា ​ពិតប្រាកដ​មែន តែ​លោក​មិន​លម្អិត​ថា ភស្តុតាង​នោះយ៉ាង​នោះ​ទេ។ លោក​ឲ្យ​អ្នក​សារព័ត៌មានរង់​ចាំ​ការ​បក​ស្រាយ​របស់​ក្រុម​ខ្លួន​នៅ​ក្នុង​សិក្ខា​សាលា​​នៅ​រសៀល​នេះ។
 
​និស្សិត​មួយក្រុម​នេះ ដែល​តាំងខ្លួន​ថា​ជា​អ្នកតំណាង​ឲ្យ​និស្សិត​ទាំងអស់​នៅ​ភ្នំពេញ ជា​ញឹកញាប់​តែង​ប្រមូលផ្តុំ​គ្នា​តវ៉ា​ស្នើ​ឲ្យ​ឯកឧត្តម កឹម សុខា ចេញមុខ​បកស្រាយ​ខ្សែអាត់​សម្លេង​ស្នេហា​ជាមួយ​ស្រីមុំ ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពួកគេ ថែមទាំង​ធ្លាប់​នាំគ្នា​តាម​ទៅ​ជួប​ឯកឧត្តម កឹម សុខា ដល់​វេទិកា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅតាម​ខេត្ត ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក កឹម សុខា ដែរ​។ តែ​បំណង​របស់​ពួកគេ​មិនបាន​សម្រេច​នោះឡើយ​៕

Tag:
 កឹម សុខា​
 ​ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com