ជាតិ
នយោបាយជាតិ
ឈប់ប្រើពាក្យ «ដ៏ខ្ពង់ខ្ពស់» ទៅ! លោក ហោ ណាំហុង ជ្រេញ
×
ភាសាឈើ ភាសាលើកជើង ភាសាទំយើ ឬ «Langue de Bois» ក្នុងភាសាបារាំង «Wooden Language» ក្នុងភាសាអង់គ្លេស គ្មានន័យឡើយសម្រាប់សង្គមដែលត្រូវការអ្នកអនុវត្ត ជាងអ្នកនិយាយ។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានអាយុ៨០ឆ្នាំទៅហើយនោះ ហាក់ដូចជាស៊ាំទៅហើយចំពោះភាសាបែបនេះ ប៉ុន្តែលោកនៅតែគិតថា វាជារឿងឥតប្រយោជន៍។
ឈប់ប្រើពាក្យ «ដ៏ខ្ពង់ខ្ពស់» ក្នុងលិខិត ឬកំណត់បង្ហាញសរសេរមកខ្ញុំ។ នេះជាបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងលិខិតមួយចុះថ្ងៃទី៤ ខែមីនា ផ្ញើទៅកាន់ថ្នាក់ដឹកនាំក្រសួង ប្រធាននាយកដ្ឋាន ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលកម្ពុជាទាំងអស់ប្រចាំនៅបរទេស។
លោក ហោ ណាំហុង មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។ ក្នុងវ័យឈានចូលដល់៨០ឆ្នាំទៅហើយនោះ ប្រហែលជាលោកមើលឃើញថា មន្ត្រីដែលចូលចិត្តប្រើពាក្យលើកជើង ជាមន្ត្រីអសកម្ម ពោលគឺបានតែមាត់ ហើយគ្មានសកម្មភាព។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់សម្តែងការជ្រេញផងដែរចំពោះមន្ត្រីមួយចំនួនដែលចូលចិត្តនិយាយពាក្យថា «តាមអនុសាសន៍សម្តេច»។ «តើអត់អនុសាសន៍ វាងាប់អី?» នេះជាការចំអករបស់សម្តេចនាយករដ្ឋមន្ត្រី ទៅកាន់មន្ត្រីមួយចំនួនដែលចូលចិត្តយកមុខយកមាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com