ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី CNRP កំពុង​រៀបចំ​ពាក្យ​ប្ដឹង​ហើយ តែ​លោក ស្រី ចំរើន ប្រកាសថា មិន​ភ័យខ្លាច
30, Mar 2016 , 10:19 pm        
រូបភាព
មេធាវី CNRP
មេធាវី CNRP
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា មេធាវី​គណបក្ស​លោក​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ដាក់ពាក្យ​ប្ដឹង​លោក ស្រី ចំរើន ដែល​បាន​ដឹកនាំ​ក្រុមអ្នកតវ៉ា ដោយ​ក្លែងបន្លំ​អត្តសញ្ញាណ​គណបក្ស​ខ្លួន​។



​លោក អេង ឆៃអ៊ាង បាន​បន្ថែមថា គណបក្ស​លោក​មិន​អនុញ្ញាត​ឲ្យ​បុគ្គល ឬ​ក្រុម​ណាមួយ​យក​សញ្ញា​របស់​គណបក្ស​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ ដូច្នេះ​មេធាវី​កំពុង​សិក្សា​លើ​ករណីនេះ ដើម្បី​ដាក់ពាក្យ​ប្ដឹង​លោក ស្រី ចំរើន តែ​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​បាន​នៅឡើយ​ទេ​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត​នៅ​ព្រឹក​នេះ​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ប្ដឹង​ព្រោះ​យើង​ស្គាល់​មេក្រុម ឯ​ចំពោះ​អ្នក​ពាក់​អ្នក​កាន់​ទង់​យើង​អត់​ស្គាល់​ទេ ដូចនេះ​ធម្មតា​កាលណា​មាន​ក្រុម មាន​មេក្រុម មេក្រុម​ត្រូវ​ទទួលខុសត្រូវ​ហើយ រឿង​ទាំងឡាយ​ណាក៏ដោយ​។ មេធាវី​របស់​គណបក្ស​កំពុងតែ​រៀបចំ​សិក្សា​»​។​



​តំណាង​ក្រុមយុវជន​លោក ស្រី ចំរើន ដែល​តែងតែ​ដើរ​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា បកស្រាយ​រឿងអាស្រូវ​ស្នេហា​នោះ បាន​បញ្ជាក់ថា លោក​មិនមាន​ការភ័យព្រួយ និង​ការប្ដឹង​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយ​លោក​ស្វាគមន៍​ចំពោះ​ពាក្យបណ្ដឹង​របស់​គណបក្ស​នេះ​។ «​ខ្ញុំ​ឮ​ហើយ​អស់សំណើច​។​ខ្ញុំ​មិនមែនជា​អ្នក​កាន់​ទង់ ខ្ញុំ​មិនមែន​អ្នក​ពាក់អាវ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ​។ តែ​អ្នកចូលរួម​ជាមួយ​ខ្ញុំ​ពួកគាត់​ចង់​ពាក់អាវ ចង់​កាន់​ទង់​នេះ ហើយ​ខ្ញុំ​ក៏បាន​ហាម​ដែរ ។ តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ប្ដឹង​អ្នក​ទាំងនោះ បែ​ជា​ចង់​មកប្ដឹង​បុគ្គល​ទៅវិញ​។ ក្រុម​ខ្ញុំ​គ្មាន​ការភ័យព្រួយ ភ័យខ្លាច​នឹង​ការប្ដឹង​នេះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស្រី ចំរើន​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ក្រុមនិស្សិត ស្រី ចំរើន ដែល​បាន​យក​ទង់ អាវ និង​មួក​ដែលមាន​សញ្ញា​សម្គាល់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមីនា ។ CNRP បាន​លើកឡើងថា នេះ​ជា​អំពើ​ក្លែងបន្លំ​ដោយ​ចេតនា​ក្នុង​បំណង​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជាការ​រំលោភច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា និង​ក្រមព្រហ្មទណ្ឌ​៕


Tag:
 CNRP
  ​ស្រី ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com