ជាតិ
The voice៖ មួយ​គាចាញ់ហ្សាណា តែធ្វើ​ឲ្យគ្រូបង្វឹក និងអ្នកទស្សនាស្រក់ទឹកភ្នែក
24, Apr 2016 , 11:08 pm        
រូបភាព
បើទោះបីជា​ខ្លួនមានសួតតែមួយចំហៀងក៏ដោយ បេក្ខនារី អ៊ឹង មួយ​គា បាន​ប្រឹង​ប្រែង​អស់​ពីសមត្ថភាពនៅក្នុងការ​ប្រកួត​របស់​នាង​ នៅក្នុង​វគ្គ The Battle សប្តាហ៍ទី២ នៃកម្មវិធី The Voice Cambodia រដូវកាលទី២។ បើទោះបីជា​មិន​អាច​យក​ឈ្នះ​គូប្រកួតរបស់ខ្លួន គឺ​បេក្ខនារី រ៉េត ស៊ូហ្សាណា​បាន​ក៏​ដោយ ប៉ុន្តែអ៊ឹង មួយ​គា បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក និងអ្នកទស្សនាទប់ទឹក​ភ្នែក​មិន​បាន ដោយ​សារ​តែការខំប្រឹងបញ្ចេញសមត្ថភាពរបស់នាង។



នៅក្នុង​វគ្គ The Battle សប្តាហ៍ទី២ នៃកម្មវិធី The Voice Cambodia រដូវកាលទី២ បេក្ខនារី អ៊ឹង មួយ​គា បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក និងទស្សនិកជនស្រក់ទឹក​ភ្នែក ដោយ​សារ​តែ​ការ​ប្រឹង​បញ្ចេញសមត្ថភាពរបស់នាង។ បេក្ខនារី អ៊ឹង មួយ​គា បាន​ច្រៀងបទ«Girl on Fire» ​ជា​មួយ​ដៃគូដ៏មានសមត្ថភាពម្នាក់ទៀត គឺ​បេក្ខនារី​ រ៉េត ស៊ូហ្សាណា ដែល​មក​ពី​រាជធានីភ្នំពេញដូចគ្នា។


បើតាម​ការ​បញ្ជាក់របស់ កញ្ញា ឱក សុគន្ធកញ្ញា ដែល​ជា​គ្រូបង្វឹក កូនក្រុម​របស់ខ្លួន គឺ​កញ្ញា អ៊ឹង មួយ​គា បានវះកាត់​សួតមួយចំហៀង និង​មានបញ្ហាបំពង់សំឡេង ទើបធ្វើ​ឲ្យនាង​មាន​បញ្ហា​នៅពេលច្រៀង។ ក្រោយ​ដឹង​ថានាងមានបញ្ហានេះទាំងគ្រូបង្វឹក និង​ទស្សនិកជន មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ឡើយ ព្រោះ​តែស្ញើចសរសើរ​នូវ​ការ​តាំង​ចិត្ត ប្រឹង​ប្រែងរបស់មួយ​គា ទាំង​ដែល​ខ្លួន​មាន​សួត​តែ​មួយ​ចំហៀង។

សម្រាប់កញ្ញា ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកផ្ទាល់ បានបញ្ជាក់ថា នាងស្រឡាញ់ការ​ខំប្រឹងប្រែង តស៊ូ របស់ស៊ូហ្សាណា និងមួយ​គាស្មើគ្នា។ មិនតែប៉ុណ្ណោះនាង​ថែមទាំង​បាន​សរសើរ​ពីការ​ខិតខំប្រឹងប្រែង  តស៊ូរបស់កូនក្រុម​ទាំងពីរថា  ពួកគេ​មានឆន្ទៈ ខំ​ពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយ​ជា​តារាចម្រៀង​។ សុគន្ធកញ្ញា បាន​និយាយទាំង​អួល​ដើមកថា៖«ខ្ញុំរំភើបចិត្ត ហើយ​ខ្ញុំ​ត្រេក​អរ ដែល​បានទទួល​ក្មេង​ស្រីពីរនាក់​នេះជា​កូន​ក្រុមរបស់​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់អ្នក​ទាំង​ពីរ»។

ក្រោយពីបញ្ជាក់ពីសមត្ថភាព និងការ​ខំប្រឹង​របស់កូនក្រុម​វ័យក្មេង​ទាំង​ពីរនាក់​របស់​ខ្លួន គ្រូបង្វឹករូបនេះ បាន​សម្រេចចិត្តជ្រើសរើសយក បេក្ខនារី រ៉េត ស៊ូហ្សាណា ទៅកាន់វគ្គLive Show ដែលការ​សម្រេចចិត្តនេះ មាន​ន័យថា កញ្ញា អ៊ឹង មួយ​គា ត្រូវធ្លាក់ចេញពីកម្មវិធី។

បើទោះបីជាមិនបានបន្តទៅវគ្គLive Show ក៏ដោយកញ្ញា អ៊ឹង មួយ​គា បាន​និយាយថានាងសប្បាយចិត្ត ហើយនេះជាជោគជ័យដ៏ធំមួយរបស់ខ្លួន។ មួយគាបញ្ជាក់យ៉ាងនេះថា៖​«ខ្ញុំ​ទទួលបានជោគជ័យ​មួយដ៏ធំបំផុតនៅក្នុងជីវិតរបស់នាង»។ ការ​ប្រឹង​ប្រែងរហូតឈានដល់​វគ្គ The Battle នេះក៏​ជា​ឱ​កាស​ដ៏ធំបំផុត​របស់​នាង​ដែរ។ នេះ​ជា​ការ​បន្ថែម​របស់​ មួយ​គា មុននឹងនាងចាកចេញ ទន្ទឹមនឹងការ​​អះអាងថា ខ្លួននឹង​មក​កាន់​កម្មវិធី​នេះ នៅ​រដូវកាល​ក្រោយៗ​ទៀត​៕





© រក្សាសិទ្ធិដោយ thmeythmey.com