អន្តរជាតិ
អ៊ីរ៉ង់ប្តេជ្ញាពង្រឹងសមត្ថភាពប្រព័ន្ធមីស៊ីលទប់ទល់អាមេរិកនិងអ៊ីស្រាអែល
× តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ថា ខ្លួននឹងប្រឹងប្រែងបង្កើនសមត្ថភាពការពារជាតិដោយពង្រឹងសមត្ថភាពប្រព័ន្ធមីស៊ីលទប់ទល់ការគំរាមកំហែងសន្តិសុខពីខាងក្រៅ។ អ៊ីរ៉ង់អះអាងថា ខ្លួនមានសិទ្ធិពេញលេញនិងចាំបាច់ត្រូវត្រៀមលក្ខណៈការពារខ្លួនដើម្បីរួចផុតពីការគំរាមកំហែងនៃចលនាភេរវកម្មដែលគាំទ្រដោយអ៊ីស្រាអែល អាមេរិកនិងសត្រូវអ៊ីរ៉ង់ផ្សេងទៀត។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Hossein Dehghan បានថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីថ្ងៃពុធទី ២៧ ថា អ៊ីរ៉ង់នឹងប្រឹងប្រែងដើម្បីការពារសុវត្ថិភាពនិងសន្តិសុខខ្លួនតាមដែលអាចធ្វើបាន និងពង្រឹងសមត្ថភាពប្រព័ន្ធមីស៊ីលរបស់ខ្លួនផង។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ដែលទៅម៉ូស្គូដើម្បីចូលរួមក្នុងសន្និសីទសន្តិសុខអន្តរជាតិលើកទី៥នោះ បានសង្កត់ធ្ងន់ថា គ្មានអ្នកណាមួយអាចទប់ស្កាត់ឬបំផ្លាញផែនការរបស់អ៊ីរ៉ង់ក្នុងការធ្វើទំនើបកម្មសមត្ថភាពយោធាជាពិសេសប្រព័ន្ធមីស៊ីលបានឡើយ។
ប្រមុខការពារជាតិអ៊ីរ៉ង់ខាងលើបានពន្យល់ថា ការបង្កើនសមត្ថភាពយោធានិងប្រព័ន្ធមីស៊ីលជារឿងស្វ័យការពារខ្លួននិងទប់ទល់ការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើតឡើងបច្ចុប្បន្ន ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ព្រោះសកម្មភាពអាមេរិក អ៊ីស្រាអែលនិងប្រទេសក្នុងតំបន់មួយចំនួនទៀតផងដែរ។
ក្រៅពីចោទថា អាមេរិកនិងអ៊ីស្រាអែលគាំទ្រចលនាភេរវកម្មនៅលើពិភពលោក អ៊ីរ៉ង់ក៏រិះគន់ថា អាមេរិកនេះបានអនុវត្តស្តង់ដារពីរឬបី ឬច្រើនជាន់ឯណោះក្នុងវេទិកាអន្តរជាតិ។
យ៉ាងណាក៏ដោយ មន្ត្រីខាងលើបានអះអាងផងដែរថា អ៊ីរ៉ង់មិនគំរាមកំហែង និងឈានទៅបង្កការភ័យខ្លាចដល់ប្រទេសណាមួយឡើយ ហើយអ៊ីរ៉ង់ថ្កោលទោសប្រទេសណាដែលហ៊ានប្រើប្រាស់កម្លាំងដើម្បីរំលោភបំពានរដ្ឋអធិបតេយ្យ។
ទាក់ទិនការកសាងសមត្ថភាពការពារជាតិ កាលពីប៉ុន្មានសប្តាហ៍មុន អ៊ីរ៉ង់បានប្រកាសថាខ្លួនបានទទួលសព្វាវុធរុស្ស៊ី «ប្រព័ន្ធការពារដែនអាកាស S-300» លើកដំបូងបំផុតចាប់តាំងពីកិច្ចព្រមព្រៀងលក់សព្វាវុធនេះត្រូវបានគេភាគីបង្កើតឡើងក្នុងឆ្នាំ ២០០៧ មកម្ល៉េះ។
ថ្វីបើអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរជាមួយមហាអំណាច ៦រួមទាំង អាមេរិកក៏ដោយ អ៊ីរ៉ង់មិនដែលមើលឃើញអាមេរិកក្នុងផ្លូវល្អទេ ហើយមហិច្ឆតាផលិតនិងបាញ់សាកល្បងមីស៊ីលកន្លងមកនាំឲ្យសហគមន៍អន្តរជាតិដាក់ការសង្ស័យលើអ៊ីរ៉ង់ផងដែរ។ គេបារម្ភថា អ៊ីរ៉ង់អាចផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេរអ៊ែបានផងដែរ។ យោងតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ីរ៉ង់មិនអាចផលិតមីស៊ីដែលអាចបាញ់ឆ្លងទ្វីបនិងអាចភ្ជាប់ជាមួយក្បាលគ្រាប់នុយក្លេរអ៊ែរបានឡើយ៕
Tag:
អ៊ីរ៉ង់
សន្និសីទសន្តិសុខអន្តរជាតិ
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com