ជាតិ
ក្រសួងមុខងារសាធារណៈ នឹងចុះពិនិត្យបញ្ជីវត្តមានមន្ត្រីរាជការតាមស្ថាប័នរដ្ឋ ដោយស្ងាត់ៗ
×
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ប្រកាសថានឹងចុះត្រួតពិនិត្យការអនុវត្តបញ្ជីវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា គ្រប់ស្ថាប័នរដ្ឋទាំងអស់ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធានាប្រសិទ្ធភាពការងារ។ ប្រតិបត្តិការនេះ នឹងមិនមានការជូនដំណឹងជាមុនដល់ក្រសួង ស្ថាប័នទាំងអស់នោះឡើយ។
បើតាមលោក ជុប មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន AKP នៅថ្ងៃទី១៨ខែឧសភា មានប្រសាសន៍ថា ក្រុមការងារក្រសួងមុខងារសាធារណៈ នឹងទៅត្រួតពិនិត្យបញ្ជីវត្តមាននៅតាមក្រសួង ស្ថាប័នរដ្ឋទាំងអស់ ដើម្បីស្រាវជ្រាវរកភាពមិនប្រក្រតីលើការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។ លោកបន្ថែមថា ការចុះត្រួតពិនិ ត្យនេះ នឹងមិនមានការជូនដំណឹងដល់ក្រសួង ឬស្ថាប័នទាំងនោះជាមុនឡើយ។
លោក ជុប មុន្នី អះអាងថា ការគ្រប់គ្រងបញ្ជីវត្តមានមន្ត្រីរាជការបានល្អ នឹងជួយបង្កើនប្រសិទ្ធភាពការងារ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការជាបន្តបន្ទាប់។
អនុរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរូបនេះ លើកឡើងទៀតថា នីតិវិធីគ្រប់គ្រងវត្តមានមន្ត្រីរាជការ ត្រូវធ្វើទៅតាមឋានានុក្រម ពោលគឺមន្ត្រី ដែលមានឋានុក្រមខ្ពស់ ត្រូវគ្រប់គ្រងវត្តមានមន្ត្រី ដែលមានឋានៈទាបជាង។ លោកពន្យល់ថា អគ្គនាយកត្រូវពិនិត្យវត្តមានអគ្គនាយករង និងមន្ត្រីក្រោមឱវាទទាំងអស់។ ចំណែកប្រធាននាយកដ្ឋាន ត្រួតពិនិត្យវត្តមានលើអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ ខណៈដែលប្រធានការិយាល័យ ត្រូវមើលវត្តមានអនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទ។
បើយោងតាមអនុក្រឹត្យលេខ៥៦ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា កំណត់ថា មន្ត្រីរាជការស៊ីវិលត្រូវអនុវត្តន៍កាតព្វកិច្ចការងាររយៈពេល៨ម៉ោងក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍ ឬ៤០ម៉ោងក្នុងមួយសប្តាហ៍។ ករណីអវត្តមានគ្មានច្បាប់អនុញ្ញាតចាប់ពី៥ថ្ងៃ ដល់១០ថ្ងៃក្នុងមួយឆ្នាំ នឹងមិនត្រូវបានអនុញ្ញាតឱ្យឡើង ថ្នាក់ ឬឋានន្តរស័ក្តិប្រចាំឆ្នាំឡើយ។ ដោយឡែកការអវត្តមានគ្មានច្បាប់ជាប់ៗគ្នាចាប់ពី១៥ថ្ងៃឡើងទៅ នឹងត្រូវ ចាត់វិធានការផ្អាកប្រាក់បៀវត្សរ៍ ឬដាក់ទណ្ឌកម្មលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌ៕
Tag:
ជុប មុន្នី
វត្តមានមន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com