កីឡាជាតិ
ជាតិ
«​ឆាយ​នី​ស​-​តៃប៉ិ​» ជា​ឈ្មោះ​ផ្លូវការ​របស់​ក្រុមកីឡា​បាល់ទាត់​នៅ​កោះ​តៃវ៉ាន់​
24, May 2016 , 8:39 pm        
រូបភាព
​លោក គល់ សុផាន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានចេញ​សេចក្តីជូនដំណឹង​មួយ​ដើម្បី​ណែនាំ​ដល់​សារព័ត៌មាន​ទាំងអស់​ឲ្យ​ប្រើប្រាស់​ឈ្មោះ​ផ្លូវការ​របស់​ក្រុម​ពី​កោះ​តៃវ៉ាន់​ថា «​ឆាយ​នី​ស​-​តៃប៉ិ​»​។ ក្រុម​មួយ​នេះ ត្រូវ​ប៉ះ​ជាមួយ​ជម្រើសជាតិ​កម្ពុជា​នៅក្នុង​ប្រកួត Playoff វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ​ព្រឹត្តិការណ៍ AFC Asian Cup​។​



​សេចក្តីជូនដំណឹង​រប​ស់លោក គល់ សុផាន់​ណា អគ្គលេខាធិការ FFC នា​ថ្ងៃទី​២៤ ខែឧសភា ផ្សព្វ​ផ្សា យ​ឡើង​រយៈពេល​៤​ថ្ងៃ​បន្ទាប់ពី​លោក​ទទួលបាន​លិខិត​ពី​លោក Chen Wei-Jen អគ្គលេខាធិការ​សមា គម កីឡាបាល់ទាត់​ឆាយ​នី​ស​-​តៃប៉ិ​។ ក្នុង​លិខិត លោក Chen បាន​ប្រាប់​សម​ភាគី​របស់ខ្លួន​ថា ក្រុម​របស់លោក​បាន​ចុះបញ្ជី​ផ្លូវការ​ក្រោម​ឈ្មោះថា «Chinese Taipei» ហើយ​ក្រោយ​មានការ​ប្រឹក្សា​យោបល់​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ទើប​មានការ​សម្រេច​ប្រែជា​ភាសា​ខ្មែរ​ថា «​ឆាយ​នី​ស តៃប៉ិ​»​។​

​លោក Chen Wei-Jen បានស្នើ​ដល់​លោក គល់ សុផាន់​ណា ឲ្យ​ណែនាំ​ដល់​សារព័ត៌មាន អ្នក​បម្រើការ​ផ្នែក​ទីផ្សារ និង​បោះពុម្ពផ្សាយ​ផ្សេងៗ ប្រើប្រាស់​ឈ្មោះ «​ឆាយ​នី​ស តៃប៉ិ​» ជា​ផ្លូវការ​។ «​ឆាយ​នី​ស តៃប៉ិ​» ឬ «​ចិន​-​តៃប៉ិ​» ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​កម្ពុជា​នៅ​ថ្ងៃទី​២ ខែមិថុនា ហើយ​មកលេង​នៅ​ទឹកដី​កម្ពុជា​វិញ​នា​ថ្ងៃទី​៧ ខែមិថុនា ខាងមុខ​។​

​កាលពី​អំឡុង​ឆ្នាំ​១៩៨០ លោក តេង ស៊ា​វ​ពីង បុរស​រដ្ឋ​កំណែទម្រង់​ចិន បាន​បង្កើត​ប្រព័ន្ធ «One country, two systems» (​ប្រទេសមួយ ប្រព័ន្ធ​ពីរ​) ក្នុង​គោលបំណង​បង្រួបបង្រួម​ប្រទេស​ចិន​។ ទោះបី​មាន​ជាមួយ​គោលនយោបាយ​ចិន​តែមួយ​ក៏ដោយ (One China Policy) តែ​លោក តេង ស៊ា​វ​ពីង បានសម្រេច​ឲ្យ​តំបន់​ស្វយ័ត ដូចជា តៃវ៉ាន់ ហុងកុង និង​ម៉ា​កាវ អាចបង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច នយោបាយ វប្បធម៌ អប់រំ សេវា​សង្គម និង​កីឡា ដោយ​ខ្លួនឯង​។​

​សមាគម​កីឡាបាល់ទាត់​ឆាយ​នី​ស តៃប៉ិ (CTFA) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩២៤ ដែលជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ចិន​។ នៅ​ឆ្នាំ​១៩៤៩ CTFA ស្ថិតក្រោម​ការគ្រប់គ្រង​ផ្តាច់មុខ​របស់​តៃវ៉ាន់ ប៉ុន្តែ​រហូតដល់​ឆ្នាំ​១៩៥៤ ទើប​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ទទួលស្គាល់​ជា​ផ្លូវការ​ក្រោម​ឈ្មោះថា «​តៃវ៉ាន់​» បន្ទាប់មក «​សារ​ធារ​ណ​រដ្ឋ​ចិន​» ហើយ​ចុងក្រោយ «​ឆាយ​នី​ស តៃប៉ិ​» [​ប៉ុន្តែ​សារព័ត៌មាន​ខ្មែរ​និយម​សរសេរថា «​ចិន​-​តៃប៉ិ​»៕


Tag:
 ​បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com