អន្តរជាតិ
កិច្ចប្រជុំG7 ចាប់ផ្ដើមនៅជប៉ុន ដោយមានសេដ្ឋកិច្ចជាប្រធានបទសំខាន់
× កិច្ចប្រជុំប្រទេសរីកចម្រើនទាំង៧ (G7) បានចាប់ផ្ដើមហើយនៅថ្ងៃទី២៦ ខែឧសភា នៅឯប្រទេសជប៉ុន។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៧ នឹងពិភាក្សាគ្នាលើប្រធានបទជាច្រើន ដែលរួមមានបញ្ហាសេដ្ឋកិច្ច ភេរវកម្ម និងជនភៀសខ្លួន ខណៈការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ក៏ទំនងជាប្រធានបទធំមួយផងដែរ។
សូមស្ដាប់ព័ត៌មានលម្អិត៖
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានចាប់ផ្ដើមកិច្ចប្រជុំពីរថ្ងៃរបស់ខ្លួននៅឯតំបន់ភ្នំ Ise Shima របស់ជប៉ុន។ ប្រធានបទសំខាន់ដែលត្រូវលើកឡើងក្នុងជំនួបនៃមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ គឺបញ្ហាសេដ្ឋកិច្ចសកល ការប្រយុទ្ធប្រឆាំងភេរវកម្ម លំហូរជនភៀសនៅអឺរ៉ុប និងការចាកចេញរបស់អង់គ្លេសជាដើម។ ការវាតទីរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង ក៏នឹងលើកឡើងផងដែរ។
កិច្ចប្រជុំសំខាន់នេះត្រូវចូលរួមដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ ខេមេរ៉ូន នាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi អធិការបតីអាល្លឺម៉ង់លោកស្រី អង់ហ្គែឡា មែរគែល ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់។
ក្នុងកិច្ចប្រជុំពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ការស្រោចស្រង់សេដ្ឋកិច្ចសកល នឹងជារបៀបវារៈសំខាន់ បើទោះជាមានការខ្វែងគំនិតលើដំណោះស្រាយដែល គួរចំណាយឬត្រូវសន្សំ ដើម្បីជួយសេដ្ឋកិច្ចឡើងវិញ ខណៈជប៉ុននិងអាល្លឺម៉ង់ កំពុងមានគំនិតផ្ទុយគ្នាលើបញ្ហានេះ។ ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស នឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំនេះ ខណៈអ្នកសេដ្ឋកិច្ចព្រួយបារម្ភថា ប្រសិនបើអង់គ្លេសចាកចេញមែន នោះសេដ្ឋកិច្ចសកលវឹកវរមិនខាន។
ចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ មិនមានវត្តមានក្នុងកិច្ចប្រជុំនេះទេ ប៉ុន្តែប្រធានបទទាក់ទងជាមួយចិន នឹងត្រូវលើកឡើងផងដែរ។ ជប៉ុននិងអាមេរិក ទំនងជាឆ្លៀតពេលនៃវេទិកានេះ ដើម្បីទាក់ទាញការគាំទ្រដើម្បីប្រឆាំងនឹងការវាតទីរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង ខណៈចិននៅតែបន្តធ្វើយោធូបនីយកម្មក្នុងតំបន់ជម្លោះនេះ។
លើសពីនេះ លំហូរជនភៀសខ្លួនដែលកំពុងញាំញីអឺរ៉ុប និងអំពើភេរវកម្ម ក៏ជាប្រធានបទក្ដៅក្នុងជំនួបនៅទីក្រុងតំបន់ភ្នំនេះផងដែរ។ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ នឹងយកកិច្ចប្រជុំនេះ ដើម្បីរិះរកមធ្យោបាយដោះស្រាយ ដ្បិតបារាំងក្លាយជាគោលដៅនៃការប្រហារពីសំណាក់ក្រុមជ្រុលនិយម ហើយបារាំងក៏រងការវាយប្រហារពីរដងរួចមកហើយ។
ទន្ទឹមនឹងកិច្ចប្រជុំនេះ ជប៉ុនបានដាក់ពង្រាយកងកម្លាំងរាប់ពាន់នាក់ ដើម្បីរក្សាសន្តិសុខនៅជុំវិញកន្លែងប្រជុំ ស្ថានីយ៍រថភ្លើងជាដើម។ ជប៉ុននិយាយថា ខ្លួននឹងមិនផ្ដល់ឱកាសណាដល់ភេរវជន ដែលចង់មកធ្វើសកម្មភាពដូចដែលធ្លាប់ធ្វើនៅប៉ារីសនិងព្រុចសែលនោះទេ។ សូម្បីតែធុងសំរាម ក៏ត្រូវបានយកចេញពីទីតាំងប្រជុំ ឬក៏គ្របឲ្យជិតទៀតផង។ អាជ្ញាធរជប៉ុននិយាយដែរថា ខ្លួនក៏នឹងផ្ដោតលើទីតាំងផ្សេងទៀតដូចជា កីឡដ្ឋាននិងរោងកុនផងដែរ៕
Tag:
G7
ជប៉ុន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com