ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា រងបទចោទស្តីពី «ការបដិសេធ​ក្នុងការចូលខ្លួន» ដែលអាច​ជាប់គុក​៦​ខែ
26, May 2016 , 10:26 pm        
រូបភាព
ដោយ: ថ្មីៗ
អយ្យការអម​សាលា​ដំបូងរាជ​ធានីភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពីរទំព័រ ទាក់ទង​នឹងប្រតិបត្តិការតាម​ស្វែង​រក និង​ចាប់​ខ្លួន​ឯកឧត្តម កឹម សុខា រយៈពេល​ពេញមួយ​ថ្ងៃ។ អយ្យការ​បាន​អះអាង​ថា ប្រតិបត្តិការនេះ កើត​ឡើង​បន្ទាប់ពី​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ការកោះហៅ​ពីរលើក​របស់​តុលាការ ក្នុងនាម​ជាសាក្សី​លើ​សំណុំ​រឿង​សញ្ចា​រកម្ម។ អយ្យការ​បាន​បញ្ជាក់ថា នេះ​ជា​បទល្មើស​ជាក់​ស្តែង ហើយ​បាន​សម្រេច​ចោទ​ប្រកាន់​ឯកឧត្តម កឹម សុខា ពី​បទ «បដិសេធ​ក្នុង​ការ​ចូល​ខ្លួន» តាមមាត្រា​៥៣៨​នៃក្រមព្រហ្មទណ្ឌ។



មាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលើក​ឡើង​ជាទឡ្ហីករណ៍នោះ ​បានចែងថា រាល់បុគ្គលណា ដែល​ត្រូវបានកោះហៅ​ឲ្យមកឆ្លើយជាសាក្សីនៅ​មុខ​អយ្យការ ឬនៅមុខចៅក្រមស៊ើបសួរ ឬនៅមុខ​តុលាការព្រហ្មទណ្ឌ ហើយ​មិនព្រមចូលខ្លួន​មក​តាមដីកាកោះហៅនោះ ដោយគ្មានហេតុ​ផល​សមស្រប​ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ខែទៅ ៦ ខែ និងពិន័យជាប្រាក់ពី ១ សែនរៀល​ទៅ ១​ លានរៀល​។ បើផ្អែកតាមមាត្រានេះ ប្រសិនបើតុលាការ​រកឃើញថា ឯកឧត្តម កឹម សុខា ពិតជាមានកំហុសមែន ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ រូបនេះ អាច​នឹង​ជាប់ពន្ធនាគារពី ១ ខែដល់ ៦ ខែដូចដែលច្បាប់បានចែង។

សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូង​ ក៏អះអាងថា​ សកម្មភាពមិនព្រម​ចូលខ្លួនរបស់ឯកឧត្តម កឹម សុខា នាព្រឹកថ្ងៃទី ២៦ ខែឧសភា គឺជាបទល្មើសជាក់ស្តែង ដែលស្របតាម​ខ្លឹមសារ​មាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលកំណត់ពីនិយមន័យ​បទឧក្រិដ្ឋ​ និងបទមជ្ឈិមជាក់ស្តែង​។

ទន្ទឹម​នឹង​សម្រេច​ចោទ​ប្រកាន់​ឯកឧត្តម កឹម សុខា ពីបទ​បដិសេធ​ក្នុង​ការចូលខ្លួន ហើយបញ្ជូនសំណុំរឿងទៅ​ចៅក្រមស៊ើបសួរ អយ្យការអមសាលាដំបូង បានស្នើឲ្យមន្រ្តីនគរបាល​យុត្តិធម៌​ ដើម្បីអនុវត្តការស្វែង​រក​ និង​ចាប់​ខ្លួនឯកឧត្តម កឹម សុខា មកចំពោះមុខ​អយ្យការ​សាលាដំបូងរាជធានីភ្នំពេញ ក្នុងក្រមខណ្ឌនៃការស៊ើប​អង្កេត​បទល្មើស​ជាក់​ស្តែង។ ជាមួយគ្នានេះ ស្ថាប័នមួយនេះ ក៏ឆ្លៀត​បក​ស្រាយជុំវិញការបញ្ជាឲ្យនគរបាលយុត្តិធម៌ឃាត់រថយន្តឯកឧត្តម កឹម សុខា កាលពីម៉ោង ១១ កន្លះ ថ្ងៃទី ២៦ ខែឧសភា ដោយ​ចាត់ទុក​សកម្មភាពនោះថា ជាសកម្មភាពស្រមតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ 



Tag:
 ឯកឧត្តម កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com