អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ប្រកាស​ធ្វើការ​ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​១២​ព្រឹក​
31, May 2016 , 8:39 am        
រូបភាព
 
​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​ហ្វីលីពីន​លោក Rodrigo Duterte បានប្រកាសថា លោក​មាន​គម្រោង​ធ្វើការ​ប្រចាំថ្ងៃ​របស់លោក ចាប់ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​១២​ព្រឹក​។ ជាមួយនឹង​ការប្រកាស​នេះ លោក​និយាយថា លោក​មិន​ខ្វល់​នឹង​ម៉ោង​ធ្វើការ​របស់​អ្នកណា​ទេ ហើយ​លោក​ក៏​នឹង​ជិះ​យន្តហោះ​រាល់ថ្ងៃ​ពី​ទីក្រុង​Davao ទៅ​រដ្ឋធានី​ម៉ានីល ដើម្បី​ធ្វើការ​ផងដែរ​។

 
​លោក Rodrigo Duterte ដែល​ឈ្នះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន ប្រកាសថា ម៉ោង​ធ្វើការ​ប្រចាំថ្ងៃ​របស់លោក ដោយ​លោក​នឹងមិន​ធ្វើការ​តាម​ម៉ោង​៨​ព្រឹក ដល់​៥​ល្ងាច នោះទេ​។ ជំនួស​មកវិញ លោក​នឹង​ចាប់ផ្ដើម​ការងារ​ជា​ប្រធានាធិបតី​របស់លោក​នៅ​ម៉ោង​១​រសៀល និង​បញ្ចប់​នៅ​ម៉ោង​១២​ព្រឹក​។ 
 
​ក្នុង​សន្និសីទកាសែត ដែល​ធ្វើឡើង​កណ្ដាលយប់​ក្នុង​ក្រុង​Davao លោក Rodrigo Duterte បញ្ជាក់ថា លោក​មិន​ខ្វល់​នឹង​ម៉ោង​ការងារ​ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក ដល់​៥​ល្ងាច​ទេ​។ លោក​បន្តថា​៖ «​អំឡុង​ពេលនោះ ខ្ញុំ​ដេក​ទៅហើយ​។ តើ​អ្នក​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើការ​ដោយ​របៀប​ណា​»? 
 
​ជាមួយគ្នានេះ លោក Rodrigo Duterte ដែល​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​៣០ ខែមិថុនា ក៏​គ្មាន​គម្រោង​រើ​ផ្ទះ​របស់លោក ក្នុង​ក្រុង​Davao ទៅកាន់​វិមាន​ប្រធានាធិបតី​នៅឯ​រដ្ឋធានី​ម៉ានីល​ដែរ​។ លោក Durterte ដែល​ធ្វើជា​អភិបាលក្រុង​Davao អស់​ពេល​២០​ឆ្នាំ​មកហើយ​នោះ ប្រកាសថា លោក នឹង​ជិះ​យន្តហោះ​ទៅមក​ទីក្រុង​ម៉ានីល រៀងរាល់ថ្ងៃ រហូតដល់​ពេល​លោក​អាច​ស៊ាំ​នឹង​ការ​រស់នៅក្នុង​វិមាន​ប្រធានាធិបតី​បាន​។ ហើយ​លោក នឹងធ្វើ​របៀបនេះ យ៉ាងហោចណាស់​ក៏​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការចូល​កាន់តំណែង​ដែរ​។ 
 
«​គ្រែ​របស់ខ្ញុំ​នៅទីនេះ​។ បន្ទប់​របស់ខ្ញុំ​នៅទីនេះ​។ ផ្ទះ​របស់ខ្ញុំ ជាទី​មាន​ផាសុខភាព​របស់ខ្ញុំ​។ វា​ជា​រឿង​សំខាន់ ដែល​ខ្ញុំ​ត្រូវ​សម្រាក និង​មុជទឹក​ឲ្យ​បាន​ស្រួល​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​រូបនេះ ពី​ទីក្រុង​Davao ដែល​ផ្សាយ​តាមរយៈ​សារព័ត៌មាន The Strait Times​។ 
 
​សូមបញ្ជាក់ថា លោក Rodrigo Duterte ដែល​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី ៩ ខែឧសភា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកដទៃ​យ៉ាងខ្លាំង​លើ​របៀបរបប​ការងារ​របស់លោក​។ ជាក់ស្ដែង​នោះ លោក ជារឿយៗ តែង​ធ្វើ​សន្និសីទកាសែត​នៅពេល​ពាក់កណ្ដាល​អា​ធ្រា​ត្រ ឬ​ពេលព្រឹក​ព្រលឹម​។​
 
​ជាមួយគ្នា​នោះ បុរស​រូបនេះ​ក៏​តែង​ប្រកាស​ពី​គោលនយោបាយ​សំអាត​អំពើពុករលួយ និង ឧក្រិដ្ឋកម្ម​ក្នុងប្រទេស​ហ្វីលីពីន ដោយ​លោក​ថែមទាំង​គំរាម ដាក់ទោស​ប្រហារជីវិត​ឧក្រិដ្ឋ ជន​ទៀតផង​។ ចំពោះ​បញ្ហា​សេដ្ឋកិច្ច លោក​នឹង​បន្ត​គោលនយោបាយ​របស់​ប្រធានាធិបតី ចប់​អាណត្តិ​លោក Benigno Aquino ផងដែរ​។ 
 
​ឆ្លៀត​ពេលនោះ លោក Rodrigo Duterte ក៏​សង្កត់ធ្ងន់​ដែរ​ថា ការងារ​សំខាន់​របស់លោក គឺ​ពិនិត្យ​ឲ្យ​ផ្ចិតផ្ចង់​លើ​ឯកសារ​ទាំងអស់ មុនពេល​លោក​ចុះហត្ថលេខា​។ លោក​បន្តថា លោក​មិន​ចូលចិត្ត​ចុះហត្ថលេខា​លើ​ឯកសារ​អ្វី​ទេ លុះត្រាតែ​លោក​ដឹង​ពីអ្វី​ដែល​ត្រូវ​ចុះហត្ថលេខា​ជាមុនសិន​៕  
 
   

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com