ជាតិ
នយោបាយជាតិ
CPP នៅតែមិនផ្តល់ភ្លើងខៀវដល់ CNRP
× អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងជាថ្មីថា គណបក្សលោកនៅតែរក្សាជំហមិនជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ លើករណីឯកឧត្តម កឹម សុខា និងការចាប់ឃុំលើតំណាងរាស្ត្រឡើយ ព្រោះគណបក្សមិនអាចរំលោភលើអំណាចតុលាការបានទេ ។ លោក សុខ ឥសាន ឆ្លើយតបទៅអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែលប្រកាសប្រាប់អ្នកគាំទ្រខ្លួននៅព្រឹកនេះថា គណបក្សទាំងពីរកំពុងមានគម្រោងជួបគ្នា។
លោក សុខ ឥសាន អះអាងថា គណបក្សលោកគ្មានកិច្ចការអ្វី ដែលត្រូវជួបពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ ដែលប៉ះពាល់ដល់ដំណើរការរបស់តុលាការ លើករណីឯកឧត្តម កឹម សុខា និងតំណាងរាស្ត្របក្សប្រឆាំងនេះឡើយ ព្រោះករណីនេះមិនមែនជាប់ពាក់ព័ន្ធរឿងនយោបាយទេ។ «បើសិនជាតុលាការមានការសម្រេចសាលក្រមជាស្ថាពរនោះ ប្រហែលជាអាចមានការជួបចរចាគ្នា ហើយនាយករដ្ឋមន្ត្រី គាត់អាចមានសិទ្ធិជួយអន្តរាគមន៍បាន»។ នេះជាការបញ្ជាក់របស់លោក សុខ ឥសាន ដែលបកស្រាយផ្ទុយពីការរំពឹងទុករបស់គណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសប្រាប់អ្នកគាំទ្រខ្លួននៅទីស្នាក់ការបក្សនៅព្រឹកថ្ងៃច័ន្ទនេះថា ស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នមានការវិវត្តខ្លះៗហើយ ហើយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កំពុងមានគម្រោងនឹងជួបគ្នានៅពេលខាងមុខ។ តែលោក មិនបានបញ្ជាក់ពីពេលវេលាកំណត់ជាក់លាក់ក្នុងការជួបគ្នានោះទេ ។
ត្រង់ចំណុចនេះលោក សុខ ឥសាន ឆ្លើយតបវិញថា គណបក្សសង្គ្រោះជាតិ កំពុងយកបញ្ហាចរចាគ្នាមកបំភ័ន្តភ្នែកប្រជាពលរដ្ឋ ហើយទម្លាក់កំហុសមកលើគណបក្សប្រជាជន ថា ជាអ្នកបង្កើតបញ្ហានយោបាយហើយ មិនព្រមចរចាដោះស្រាយជាមួយបក្សប្រឆាំងប៉ុណ្ណោះ។
កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នៅតែបើកផ្លូវចរចាជាមួយគណបក្សសង្គ្រោះជាតិជានិច្ច ប៉ុន្ដែមិនរំលោភលើដែនសមត្ថកិច្ចរបស់តុលាការ ដែលពាក់ព័ន្ធនិងការឃុំខ្លួន និងសំណុំរឿងរបស់តំណាងរាស្ត្របក្សប្រឆាំងនៅក្នុងដៃតុលាការឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com