ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​ចរាចរណ៍៖សម្ដេច ហ៊ុន សែន ដក​តួនាទី​ប៉ូលីស​ផ្កាយ៣ម្នាក់​ពី​ស្ថាប័ន​អន្តោប្រវេសន៍
30, Jun 2016 , 9:26 am        
រូបភាព
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ដក​តួនាទី​ប៉ូលីស​ផ្កាយ៣ម្នាក់​ឈ្មោះ ម៉ម ស្រ៊ី​ម​វណ្ណា ចេញពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយសារតែ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការប្រើ​ពាក្យសម្ដី​មិនគួរសម លើ​មន្ត្រីនគរបាល​ចរាចរ​ណ៍។



ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ទង្វើ​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​ពាក្យសម្តី​លោក ម៉ម ស្រ៊ី​ម​វណ្ណា ជា​ពាក្យ​ប្រមាថមើលងាយ​ថ្នាក់ក្រោម និង​ស្ថាប័ន​នគរបាល​ចរាចរ​ណ៌​ទាំងមូល។តាមរយៈ​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ជា​បន្តបន្ទាប់​នោះ​ប្រមុខ​រដ្ឋាភិបាល បាន​អះអាងថា លោក​បាន​សរសេរ​លិខិត​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ដក​តួនាទី​លោក ម៉ម ស្រ៊ី​ម​វណ្ណា ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ ប៉ុន្តែ​រក្សាទុក​ឋានន្តរសក្តិ​លោក ម៉ម ស្រ៊ី​ម​វណ្ណា ជា​ឧ​ត្ត​ម​សេនីយ​ឯកនៃ​នគរបាលជាតិ​ដដែល ដោយ​សម្ដេច​ចាត់ទុកថា នេះ​ឱកាស​សម្រាប់​លោក ស្រ៊ី​ម​វណ្ណា កែប្រែ​ខ្លួន។

តែយ៉ាងណា​សម្ដេច ហ៊ុន សែន បានប្រាប់​ក្រសួងមហាផ្ទៃ​ថា បើសិនជា​លោក ម៉ម ស្រ៊ី​ម​វណ្ណា ស្គាល់​កំហុស​និង​ធ្វើការ​កែប្រែ​ខ្លួន ក្រសួងមហាផ្ទៃ​អាច​លើកសំណើរ​តែងតាំង​ក្នុង​មុខដំណែង​ណាមួយ​សមស្រប​វិញ​បាន។

បើតាម​ការ​បង្ហោះ​រូបភាព ដែលមាន​សរសេរ​​អក្សរ​នោះ មន្ត្រីនគរបាល​ចរាច​រណ៍​ម្នាក់​ឈ្មោះ សូត្រ កញ្ញា ដែល​បាន​ឃាត់​រថយន្ត​លោក ម៉ម ស្រ៊ី​ម​វណ្ណា កាលពី​ប៉ុន្មាន​ថ្ងៃនេះ បាន​សុំ​អន្តរា​គម៍​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ដោយសារតែ​រូបគេ​ត្រូវបាន​អង្គភាព​បញ្ឈរជើង​មិន​ឲ្យ​បំពេញការងារ​ឡើយ។

ត្រង់ចំណុច​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​រាជធានី ប្រគល់​ការងា​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ឈ្មោះ សូត្រ កញ្ញា នេះ​បំពេញការងារ​ឡើងវិញ ដោយ​គ្រាន់តែ​អប់រំ​ពាក្យសម្ដី​មន្ត្រីនគរបាល​ចរាចរ​ណ៍​រូបនេះ​ឲ្យ​បាន​សមរម្យ​នៅពេល​បំពេញការងារ។ ហើយ​ស្នងការ​នគរបាល ត្រូវ​អប់រំ​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​ឲ្យ​មាន​សី​លធ​ម៍ សុ​ជី​វធ​ម៍ វិន័យ សុភាពរាបសារ ក្នុងការ​អនុវត្ត​ច្បាប់។

កាលពី​ថ្ងៃទី២៤ មិថុនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចូល​បង់ប្រាក់​ផាកពិន័យ១៥០០០រៀល នៅ​ប៉ុស្ដិ៍នគរបាល​ចតុមុខ​ដែរ ដោយសារ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព។ សម្ដេច ហ៊ុន សែន បាន​សុំទោស​ប្រជាជន​កម្ពុជា ដែល​រូបលោក​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព ដោយ​សម្ដេច​ទទួល​យក​កំហុស​ទាំងស្រុង ពី​ប្រជាពលរដ្ឋ ដែល​បាន​ទិតៀន​រូបលោក តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ដែរ ។ សម្ដេច ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ គោរព​ច្បាប់​ចរាចរណ៍ និង​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ដោយមិន​ត្រូវយក​គំរូ​អាក្រក់​តាម​រូបលោក​ឡើយ។

សម្ដេច ហ៊ុន សែន ក៏​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​ត្រូវអនុវត្ត​ច្បាប់ ដោយ​គ្មាន​ការរើសអើង និង​គ្មាន​ការលើកលែង​ឲ្យ​អ្នកតូច ឬ​អ្នកធំ​ណា ដែល​ប្រព្រឹត្តិ​ល្មើសច្បាប់​ដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com