ជាតិ
ទូត​អង់គ្លេស​លើកទឹកចិត្ត​យុវជន​ឲ្យ​ចូលរួម​កម្មវិធី​ហាត់​ការ Chevening លើកដំបូង នៅ​កម្ពុជា​
03, Aug 2016 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ជ្រើសរើស​យុវជន​កម្ពុជា​ទូទាំងប្រទេស​ចំនួន ១០​រូប ចូលរួម​កម្មវិធី​ហាត់​ការ Chevening លើកដំបូង ពេញ​ម៉ោង តាម​ស្ថាប័ន​នានា រយៈពេល​ពេល ៣​ខែ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​បទពិសោធន៍​អាជីព​ការងារ និង​ការទំនាក់ទំនង​កាន់តែ​ប្រសើរ​។​



​ស្ថានទូត​អង់គ្លេស​បាន​ផ្តួចផ្តើម​បង្កើត​កម្ម​វី​ធី​ហាត់​ការ Chevening នេះ​ឡើង ក្នុង​គោលដៅ​ផ្តល់ឱកាស​ឲ្យ​សិស្ស និស្សិត​កម្ពុជា ទទួលបាន​បទពិសោធ​ន៍​ការងារ និង​ភាពជា​អ្នកដឹកនាំ​ពី​បញ្ញវ័ន្ត និង​អ្នកជំនាញ​តាម​ស្ថាប័ន​នានា​ដោយផ្ទាល់​។​

​កញ្ញា ស្តើង ភា​រ៉ុង អ្នកគ្រប់គ្រង​គម្រោង Chevening Internship Programme ប្រចាំ​ស្ថានទូត អង់គ្លេស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ពី​បំណង​កម្មវិធី Chevening លើកដំបូង​នេះ​ថា អង់គ្លេស​ចង់​លើកទឹកចិត្ត​យុវជន​ដែល​លំបាក​ការងារ និង​ការសិក្សា​ឲ្យ​ចេះ​ទំនាក់ទំនង ស្វែងរក​ព័ត៌មាន​ការងារ និង​ការសិក្សា​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ពួកគេ​ក្នុង​អាជីព​ការងារ នៅ​ថ្ងៃ​អនាគត​។​

«​យើង​ជ្រើសរើស​យុវជន​មាន​សមត្ថភាព ១០​រូប ចូលរួម​កម្មវិធី​លើកដំបូង​នេះ​។ យុវជន​កម្ពុជា​រស់នៅ​តាម​បណ្តា​ខេត្ត ដែល​កំពុង​ជួបប្រទះ​ការលំបាក​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ និង​បន្ត​ការសិក្សា​ត្រូវបាន​លើកទឹកចិត្ត​ខ្ពស់ អោយ​ដាក់ពាក្យ​ចូល​កម្មវិធី​»​។ កញ្ញា ស្តើង ភា​រ៉ុង លើក​ទឹក​បេក្ខជន​ដែល​ចង់​ទទួលបាន​ជំនាញ និង បទពិសោធន៍​កា​ងារ​ច្បាស់លាស់ ពី​គំនិត​ផ្តួចផ្តើម​របស់​ស្ថានទូត និង​សមាគម​អតីត​និស្សិត​អាហារូបករណ៍ Chevening ក្នុងប្រទេស​កម្ពុជា (the British Chevening Alumni Association of Cambodia) ក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល​អង់គ្លេស​។​

​បេក្ខជន​មាន​សមត្ថភាព​ទាំង​ពីរភេទ ត្រូវមាន​ភាពជឿជាក់​លើ​ខ្លួនឯង ហើយ​ចេះ​បត់បែន​ក្នុងការ​ដោះស្រាយ​បញ្ហា រួមទាំង​ការគ្រប់គ្រង​ពេលវេលា​បានល្អ​។ ស្ថានទូត​ផ្តល់ឱកាស​ដល់​យុវជន​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ ដូចជា បាន​ឬ​ត្រៀម​បញ្ចប់​ថ្នាក់​វិទ្យាល័យ ឬ​កំពុង​បន្ត​ថ្នាក់​បរិញ្ញាបត្រ ហើយ​ពួកគេ​អាច​និយាយ ឬ​សរសេរ​ភាសា​ខ្មែរ និង​អង់គ្លេស​បានល្អ ចំណេះដឹង​ខ្លះ​ផ្នែក​កុំព្យូទ័រ ព្រមទាំង​កំណត់ត្រា​លទ្ធផល​សិក្សា​ល្អ និង​បទពិសោធន៍​ការងារ (​ប្រសិនបើ​មាន​)​។​

​លើសពីនេះ បេក្ខជន​ត្រូវមាន​គោលបំណង​ច្បាស់លាស់​ក្នុងការ​រៀនសូត្រ និង​អាជីព​ផ្ទាល់ខ្លួន​ដើម្បី​អភិវឌ្ឍ​ន៏​ខ្លូន នាពេល​អនាគត ព្រមទាំង​មានការ​ប្តេជ្ញាចិត្ត​ចូលរួម​ហាត់​ការងារ​ពេញលេញ​ច្បាស់លាស់​ពីដំបូង​រហូត ដល់ទី​បញ្ចប់ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងករណី​បេក្ខជន​មកពី​ស្រុកកំណើត​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ពួកគេ​ត្រូវធ្វើ​លិខិតបញ្ជាក់​ពី​ឪពុកម្តាយ ឬ​អាណាព្យាបាល និង​សាលារៀន​ដែល​អនុញ្ញាត ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ហាត់​ការងារ នៅ​រាជធានី​ភ្នំពេញ រយៈពេល ៣​ខែ ក្រោយពេល​ពួកគេ​ជាប់​វគ្គ​សម្ភាសន៍​។​

​ជ័យលាភី​នឹង​ទទួលបាន​ការផ្តល់​ប្រឹក្សា​បង្កើត​ទំនាក់ទំនង​បែប​វិជ្ជាជីវៈ​ក្នុង​អាជីព​ការងារ វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ព្រមទាំង​ការផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ លើ​ចំណាយ​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​មធ្យោបាយ​ធ្វើដំណើរ ក្នុងអំឡុងពេល​កម្មវិធី​ហាត់​ការ​។​

​បេក្ខជន​ត្រូវបំពេញ​ពាក្យស្នើសុំ​ចូលរួម កម្មវិធី Chevening Internship Programme តាម​លក្ខខណ្ឌ​កំណត់​ជា​ភាសា​អង់គ្លេស ឬ ខ្មែរ ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ។ «​រាល់​ព័ត៌មាន​ដែល​បេក្ខជន​ផ្តល់អោយ​នឹងត្រូវ​បាន​លាក់​ការ​ជាសម្ងាត់​»​។ ស្ថានទូត​ជូនដំណឹង​បញ្ជាក់​ពី​ការរក្សា​ជីវប្រវត្តិ​បេក្ខជន ពុំ​បែកធ្លាយ​។ ស្ថានទូត​នឹង​ទាក់ទង​យុវជន​ដែលមាន​សមត្ថភាព​ចូល​វគ្គ​សំភាសន៍ ក្រោយពី​ពួកគេ​ពិនិត្យ​ពាក្យស្នើសុំ​។​

​សិស្ស និស្សិត​មានបំណង​ទទួល​ដាក់ពាក្យ ហើយ​ចង់​ទទួលបាន​ព័ត៌មាន​កម្មវិធី​បន្ថែម​អាចទាក់ទង​ស្ថានទូត​អង់គ្លេស​តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ៤២៧ ១២៤ (​លេខ​បន្ត ២២១៨), ០១២ ៨៧៣ ៣០៨ ឬ​អ៊ី​ម៉ែ​ល Project.[email protected] និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក British Embassy in Cambodia ឬ​ធ្វី​តឺ​: @UKinCambodia ៕


Tag:
 ​អង់គ្លេស​
  កម្ពុជា​
  Chevening Internship Programme
© រក្សាសិទ្ធិដោយ thmeythmey.com