ជាតិ
កញ្ញា ធី សុវណ្ណថា ប្រាប់សម្តេចថា ពលរដ្ឋនៅអារ៉ែង កាប់ឈើលក់ព្រោះជីវភាពខ្វះខាត រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
×
ភ្នំពេញ៖ កញ្ញា ធី សុវណ្ណថា បានឡើងថ្លែងនៅចំពោះមុខ សម្តេច ហ៊ុន សែន ថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អារ៉ែង គឺជាអ្នកកាប់ព្រៃឈើ យកទៅលក់ឲ្យក្រុមឈ្មួញ។ កញ្ញា បានប្រាប់សម្តេច ទៀតថា ការកាប់ព្រៃឈើលក់បែបនេះ ដោយសារតែពលរដ្ឋទាំងនោះខ្វះខាតជីវភាព។
កញ្ញា ធី សុវណ្ណថា លើកឡើងថា មូលហេតុដែលប្រជាពលរដ្ឋ នាំគ្នាកាប់ព្រៃឈើលក់ ដោយសារតែប្រជាពលរដ្ឋ មិនមានមុខរបរផ្សេងក្រៅពីការទទួលផលធនធានធម្មជាតិ។ ដូច្នេះ កញ្ញា បានស្នើឲ្យសម្តេច ហ៊ុន សែន ក៏ដូចជារដ្ឋាភិបាល បង្កើតយន្តការយ៉ាងណា ដើម្បីបង្រៀនប្រជាពលរដ្ឋទាក់ទងនឹងសារប្រយោជន៍ព្រៃឈើ និងការប្រកបមុខរបរផ្សេងៗ ដូចជាធ្វើស្រែចម្ការ ជាដើម ដើម្បីបញ្ចៀសពួកគាត់ ពីការកាប់ព្រៃឈើ ធ្វើជាមុខរបរចិញ្ចឹមជីវិត។
កញ្ញា បានបញ្ជាក់បែបនេះថា៖«ខ្ញុំ ឃើញប្រជាពលរដ្ឋនៅតំបន់អារ៉ែង គាត់នាំគ្នាកាប់ព្រៃលក់។ ដល់ពេលអាជ្ញាធរចាប់ ក៏ថា ចាប់តែពលរដ្ឋតូចតាច មិនទៅចាប់ឈ្មួញធំៗ។ អ៊ីចឹង អាជ្ញាធរ ចាប់ក៏ខុស មិនចាប់ក៏ខុស»។
ការថ្លែងរបស់កញ្ញា ធី សុវណ្ណថា ធ្វើឡើងក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំឡើងនៅវិមានសន្តិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ៕
Tag:
ធី សុវណ្ណថា
ហ៊ុន សែន
ព្រៃឈើ
អារ៉ែង
© រក្សាសិទ្ធិដោយ thmeythmey.com