ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​ជោគវាសនា​ឯ​ឧ​ត្ត​ម កឹម សុខា បែបណា​ នៅ​ថ្ងៃទី​០៩ កញ្ញា​?
07, Sep 2016 , 9:39 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៩ កញ្ញា​នេះ តុលាការ​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ​ករណី​ឯកឧត្តម កឹម សុខា ដែល​រង​បទ​ចោទ​«​បដិសេធ​ក្នុងការ​ចូលខ្លួន​» ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង សញ្ចារកម្ម តាម​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អយ្យការ​បញ្ជាក់ថា ជា​បទល្មើស​ជាក់ស្តែង​។ តើ​ឯកឧត្តម កឹម សុខា នឹង​អាច​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​តុលាការ​កាត់ទោស​?



​ត្រង់ចំណុច​នេះ​គេ​អាច​មើល​ទៅលើ​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​នេះ ចែងថា រាល់​បុគ្គល​ណា​ដែល​ត្រូវបាន​កោះហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅមុខ​អយ្យកា ឬ​ចៅក្រម​ស៊ើបសួរ ឬ តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​កោះហៅ​នោះ ដោយគ្មាន​មូលហេតុ​សម​ស្រម ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១ ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១ សែន​រៀល ទៅ​១​លាន​រៀល​។​

​បើ​ដូច្នេះ​មែន​នោះ យោងតាម​បទ​ចោទ​របស់​ឯកឧត្តម កឹម សុខា ក្នុង​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ ទំនង​អាច​ប្រឈម​នឹង​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​រហូតដល់ ៦ ខែ និង​ត្រូវ​បង់ប្រាក់​ពិន័យ​តាម​ការសម្រេច​របស់​តុលាការ​។

​តែ​យ៉ាងណា​បើទោះជា​គេ​មិនទាន់​អាច​ដឹង​ច្បាស់​ថា តើ​ឯកឧត្តម កឹម សុខា នឹងត្រូវ​តុលាការ​សម្រេច​កាត់ទោស នៅ​ថ្ងៃទី​០៩ កញ្ញា​នោះ បែបណា​ក្ដី តែ​សម្ដេច ហ៊ុន សែន ធ្លាប់​លើក​ទឡ្ហីករណ៍​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​ឯកឧត្តម កឹម សុខា នេះ​កាលពី​ខែមិថុនា​កន្លងមក ត្រង់​មាត្រា ២០៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ថា ការឃុំខ្លួន​បណ្ដោះអាសន្ន អាចអនុវត្ត​បានតែ​ក្នុងករណី​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ដែល​ច្បាប់​កំណត់​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ស្មើ ឬ​លើសពី​១​ឆ្នាំ​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ពន្យល់ថា បុគ្គល​ដែល​ជាប់ទោស​ក្រោម​១​ឆ្នាំ​នោះ នឹងមិន​ត្រូវ​ជាប់ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ទេ​។​

​បន្ថែម​ពីលើ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​និយាយ​ប្រយោល​ដោយ​មិន​ចំ​ឈ្មោះថា លោក​គ្មាន​សិទ្ធិអំណាច​បញ្ជា​លើ​ប្រព័ន្ធតុលាការ ដែល​កំពុង​បន្ត​នីតិវិធី​ទេ លុះត្រាតែ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ ទើប​លោកនាយក​រដ្ឋមន្ត្រី អាចមាន​សិទ្ធិ​ស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​ឡាយព្រះហស្ថលេខា​លើកលែងទោស​ឲ្យ​បាន​។​

​ជុំវិញ​បញ្ហា​នេះដែរ​មេធាវី​ការពារ​ក្ដី​ឲ្យ​ឯកឧត្តម កឹម សុខា បានដាក់​ពាក្យ​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ជំទាស់​នីតិវិធី​បើក​ការជំនុំជម្រះ​របស់​សាលាដំបូង​ដែរ តែ​ត្រូវបាន​ឧទ្ធរណ៍ ច្រានចោល​ក្រោម​ហេតុផល​ថា នីតិវិធី​របស់​សាលាដំបូង​លើ​ដំណើការ​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​៩ កញ្ញា​នោះ នឹង​មិនមាន​នីតិវិធី​ណាមួយ​រាំងស្ទះ​ឡើយ​។ ក្រុម​មេធាវី​បានតែ​ត្រឹម​ពោល​ពាក្យ​ថា តុលា​ការបន្ត​នីតិវិធី​លើ​ដំណើរការ​ករណី​ឯកឧត្តម កឹម សុខា លឿន​ជាង​ករណី​ផ្សេងទៀត​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​ឃុំ​ខ្លួនឯង​នៅ​ទីស្នាក់ការ​គណបក្ស​ជាង​៣​ខែ​មកហើយ ក្រោយពី​រង​ការចាប់ខ្លួន​ក្រោម​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ពី​សំណាក់​តុលាការ ចាប់តាំងពី​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៦​មក​។ ។ ឯកឧត្តម កឹម សុខា មិនបាន​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​ដោយផ្ទាល់​នោះទេ ពោលគឺ​បានត្រឹមតែ​ជួប​ពលរដ្ឋ​នៅក្នុង​ទីស្នាក់ការ​បក្ស​ប៉ុណ្ណោះ ។

​ដូច្នេះ​ថា​តើ​ឯ​ឧ​ត្ត​ម កឹម សុខា នឹងត្រូវ​តុលាការ​កាត់ទោស​បែបណា នៅ​ថ្ងៃទី​០៩ កញ្ញា​នោះ​? តើ​ឯកឧត្តម កឹម សុខា នឹង​អាច​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​តុលាការ​កាត់ទោស​? ឬ មួយ​មាន​ផ្លូវ​ដំណោះស្រាយ​នយោបាយ​លើកលែងទោស តាមរយៈ​ការចរចា​នយោបាយ ដែល​ខាង​គណបក្សកាន់អំណាច​ធ្លាប់​អះអាងថា នឹង​អាចមាន​ការជជែក​គ្នា​ក្រោយ​តុលាការ​សម្រេច​សាលក្រម​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com