អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម​ប្រឹង​ឱប​អាមេរិក ផ្ទុយស្រឡះ​ពី​ហ្វីលីពីន​ដែល​ងាក​រក​ចិន​?
21, Oct 2016 , 11:38 am        
រូបភាព
    ក្រុង​ហាណូយ​កំពុង​ដើរ​លើផ្លូវ​ដាច់ដោយឡែក​ពី​សម្ព័ន្ធមិត្ត​អាមេរិក «​ហ្វីលីពីន​» ដោយ​ងាក​ទៅ​ឱប​អាមេរិក​និង​គាំទ្រ​វត្តមាន​អាមេរិក​នៅក្នុង​តំបន់​ឥតមាន​ងាករេ​ទៀត​។ ដើម​សប្តាហ៍​នេះ អនុរដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​លោក Nguyen Chi Vinh បាន​ថ្លែង​យ៉ាងច្បាស់​ថា វៀតណាម​គាំទ្រ «​ការអន្តរាគមន៍​យោធា​របស់​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​» បើសិន​អន្តរាគមន៍​នោះ​នាំមក​នូវ​សន្តិភាព​, ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។​


​ក្នុងជំនួប​ជាមួយ​ឧបការី​រង​ទទួលបន្ទុក​កិច្ចការ​ការពារជាតិ​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​លោកស្រី Cara Abercrombie លោក​អនុរដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម Nguyen Chi Vinh បានបញ្ជាក់​យ៉ាងច្បាស់​ថា វៀតណាម​នឹង​គាំទ្រ​ការអន្តរាគមន៍​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឲ្យ​តែ​អន្តរាគមន៍​នោះ​មិន​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​ក្រសួងការពារជាតិ​វៀតណាម​  លោកឧ​ត្ត​ម​សេនីយ៍ Nguyen Chi Vinh បាន​ថ្លែងថា​ប្រាប់​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​ថា​៖« វៀតណាម​គាំទ្រ​ការអន្តរាគមន៍​ក្របខណ្ឌ​អន្តរជាតិ​របស់​អាមេរិក​និង​ដៃគូ​ផ្សេងទៀត​នៅក្នុង​តំបន់ ឲ្យ​តែ​អន្តរាគមន៍​នោះ​នាំមក​នូវ​សន្តិភាព​, ស្ថិរភាព និង​វិបុលភាព​នោះ​»​។​
 
​ការលើកឡើង​នេះ​បញ្ជាក់​ឲ្យ​ឃើញថា វៀតណាម​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​គាំទ្រ​វត្តមាន​អាមេរិក​នៅក្នុង​តំបន់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​យោធា​ជាមួយ​សម​ភាគី​អាមេរិក​ក្នុងពេល​អនាគត​។ 
 
​ចំណែក​លោកស្រី Cara Abercrombie បាន​ថ្លែងប្រាប់​ទៅកាន់​មន្ត្រីជាន់ខ្ពស់​វៀតណាម​វិញ​ផងដែរ​ថា ទៅក្នុង​កាលៈទេសៈ​ណាក៏ដោយ វា​នឹង​គ្មាន​ការផ្លាស់ប្តូរ​នយោបាយ​ការបរទេស​ត្រឡប់​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ​។ ដែល​នេះ​មានន័យថា អាមេរិក​នៅតែ​បន្ត​ការសហការ​និង​ពង្រឹង​តួនាទី​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ថែម​ទៀតផង​។ កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច នយោបាយ សន្តិសុខ នឹងត្រូវ​ពង្រឹង​ទៅមុខ​ថែមទៀត នៅពេល​រដ្ឋបាល​ថ្មី​ឡើងកាន់តំណែង​នៅ​ដើមឆ្នាំ​ក្រោយនេះ​។​
 
​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ជជែក​ពិភាក្សាគ្នា​ពី​បញ្ហា​ច្រើន​ដែរ មាន​ទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី ដូចជា​កិច្ចសហការ​រក្សា​សន្តិសុខ​សមុទ្រ​, រក្សា​សន្តិភាព​, រៀបចំ​ហ្វឹកហ្វឺន​សម្រាប់​ផ្តល់ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​ពេល​មាន​គ្រោះមហន្តរាយ​ជាដើម​។ ចំណែក អាមេរិក​ក៏​ត្រៀម​ជួយ​វៀតណាម​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​នៅ​វៀតណាម ក៏ដូចជា​ដោះស្រាយ​បញ្ហា​ម្សៅ​ទឹកក្រូច​ដែល​ត្រូវ​កងទ័ព​អាមេរិក​បាចសាច​លើ​ទឹកដី​វៀតណាម​សម័យ​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ ១៩៦០-១៩៧០ នោះ​។ 
 
​ទាក់ទិន​បញ្ហា​ជម្លោះ​ក្នុង​តំបន់ អ្នក​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ផងដែរ ថា​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ហាណូយ​គាំទ្រ​ការដោះស្រាយ​ជម្លោះ​ដែនទឹក​ដោយ​សន្តិវិធី​ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​ជាពិសេស​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២​។ 
 
​យ៉ាងណា​ក៏ដោយចុះ ការលើកឡើង​របស់​ភា​គី​វៀតណាម​ជុំវិញ​ការគាំទ្រ​អន្តរាគមន៍​របស់​វៀត​ណា​ម ជា​រឿងចម្រូងចម្រាស​មួយ ហើយ​វា​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​គោលជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន​។  វៀតណាម​ទំនងជា​បំភ្លេច​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ដែល​ធ្លាប់​កើតមាន​កាលពី​ជាង​៤​ទសវត្សរ៍​មុន នៅពេលដែល​អាមេរិក​ធ្វើសង្គ្រាម​ប្រឆាំង​ពួក​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង​ហើយ​។ ប៉ុន្តែ​វា​គ្មានអ្វី​ចម្លែក​ទេ ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង វៀតណាម​ត្រូវ​ប្រឹង​ស្រ​វ៉ា​ឱប​មហាអំណាច​អាមេរិក​ដើម្បី​ធ្វើជា​ខ្នងបង្អែក ហើយ​អាមេរិក​ជា​ប្រទេស​តែមួយគត់​ដែល​អាច​ពឹងពាក់​បាន​ក្នុង​កាលៈទេសៈ​ចាំបាច់​។​
 
​តាមពិតទៅ​ប្រទេស​ទាំង​ពីរបាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ​នៅ​ឆ្នាំ ១៩៩៥ ដែល​កាលនោះ​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​រដ្ឋបាល​លោក ប៊ី​ល គ្លី​ន​តុ​ន ។ ហើយ ទំនាក់ទំនង​ទ្វេភាគី​នេះ​ប្រែប្រួល​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ នៅ​ខែឧសភា ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម ហើយ​លោក​ក្លាយជា​ប្រធានាធិបតី​ទី​បី​ដែល​អញ្ជើញ​ទៅ​ទស្សនកិច្ច ប្រទេស​នេះ​ក្នុង​រយៈពេល ៤១ ឆ្នាំ​ពោលគឺ​ចាប់ពី​ពេល​សង្គ្រាម​វៀតណាម​ចប់​ទៅ​។ កាលនោះ​លោក បានប្រកាស​ដក​ការហ៊ុមព័ទ្ធ​ការលក់​អាវុធ​ធុន​ធ្ងន់​ឲ្យ​វៀតណាម​ថែមទៀត​ផង​។​
 
​កាលពីដើម​ខែតុលា​កន្ល​ង​ទៅ នាវាចម្បាំង​អាមេរិក​បាន​ចូល​សំចត​នៅ​កំពង​ផែ​ទឹក​ជ្រៅ កាំ​រា​ញ់ (Cam Ranh) ប្រទេស​វៀតណាម ដែល​វា​ជា​វត្តមាន​នាវាចម្បាំង​អាមេរិក​លើកដំបូង​បំផុត​នៅ​វៀតណាម​ចាប់ពី​សង្គ្រាម​វៀតណាម​រលត់​ទៅ​នៅ​ឆ្នាំ ១៩៧៥​។ វត្តមាន​នាវា​ពិឃាត​របស់​អាមេរិក​ជា​លើកដំបូង​នេះ​ជា និមិត្តរូប​មួយ​សំខាន់​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផ្នែក​យោធា​ទៅ​ថ្ងៃក្រោយ​ទៀត​។​
 
១.​វៀតណាម និង​ហ្វ​លី​ពី​ន​កំពុង​ដើរ​លើផ្លូវ​ពី​ផ្សេងគ្នា​?
​មកដល់​បច្ចុប្បន្ន វៀតណាម​នៅ​រក្សា​ជំហរ​រឹងត្អឹង​ដោយ​បន្ត​ទាមទារ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រឈមមុខ​ជាមួយ​ក្រុង​ប៉េកាំង និងរ​ត់រក​ខ្នងបង្អែក​និង​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ផង​។ រយៈពេល​ចុងក្រោយ​ក្រុង​ហាណូយ បាន​ប្រឹងប្រែង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​ក្រុង​តូ​ក្យូ​ដែលជា​សម្ព័ន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ថែមទៀត​។  មហាអំណាច​ជប៉ុន​បាន​ជួយ​វៀតណាម​ច្រើន ដោយ​ប្រទេស​នេះ​ក៏​ខ្លាចរអា​ពេល​ឃើញ​ចិន​កាន់តែ​កោងកាច​និង​រះ​ត្រដែត​ឡើង​ដែរ​រយៈពេល​ចុងក្រោយ​ព្រោះ​ប្រទេស​នេះ​ក៏​កំពុង​ជាប់​ជម្លោះ​ជាមួយ​ក្រុង​ប៉េកាំង​រឿង​ជម្លោះ​កោះ​សេន​កា​គូ និង​កោះ​ឌៀវ​យូ​ដែរ​។ ការជួយ​វៀតណាម​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ពង្រឹងកម្លាំង​ប្រឆាំង​ចិន​នៅក្នុង​តំបន់​។​
 
​ផ្ទុយស្រឡះ​ពី​វៀតណាម ហ្វីលីពីន បន្ទន់​ជំហរ​របស់ខ្លួន និង​ស្រុះស្រួល​ជាមួយ​ក្រុង​ប៉េកាំង​ដើម្បី​ឈានទៅ​ជជែក និង​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​នេះ​វិញ​។ ហ្វីលីពីន​ក៏​ប្រឹងប្រែង​ស្តារ​ចំណង​ការទូត​ជាមួយ​មហា​យក្ស​ចិន​ដើម្បី​សម្រួល​ដល់​បរិ​យា​ការដែល​អាប់អួរ ហើយ​រដ្ឋ​អាស៊ី​អា​គ្នេ៍​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​នោះ​ព្យាយាម​ដើរចេញ​ឆ្ងាយ​ពី​អាមេរិក​ទៀត​។ អាច​ថា វា​ជាការ​ផ្លាស់ប្តូរ​នៃ​ភូមិសាស្ត្រ​នយោបាយ​តំបន់​ដែល​កម្រ​កើតមាន​ពីមុនមក​ដែរ​។​
 
​ទាក់ទិន​ការ​ងាក​ទៅរក​ចិន ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន Rodrigo Duterte ធ្លាប់​លើកឡើងថា វា​ជា​រឿង​ដែល​ចៀស​មិន​រួច​ទៅ​ដែល​ហ្វីលីពីន​ត្រូវ​សហការ​និង​ជជែក​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​វា​ជា​រៀង​មិនអាច​ទៅរួច​ទេ​ដែល​ហ្វីលីពីន​ត្រូវ​ប្រឹង​ប្រឈមមុខ​ជាមួយ​ចិន​នោះ​។ ដូច​ពាក្យចាស់​ពោលថា «​កុំ​យក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម​»​។ នេះ​បញ្ជាក់​ច្បាស់​ហើយ​ថា វា​ជា​ជម្រើស​ល្អ​សម្រាប់​ហ្វីលីពីន​ដោយ​មិន​បន្ត​ប្រឈមមុខ​ជាមួយ​ចិន ដើម្បី​បញ្ចៀស​ការខាតបង់​ច្រើន​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​សន្តិសុខ​ថែមទៀត​។ ជាក់ស្តែង ជំហរ​ងាក​ទៅរក​ចិន​រយៈពេល​ចុងក្រោយ​បាន​បង្កើត​ផ្លែផ្កា​មួយចំនួន  តួយ៉ាង​ដូចជា​ការកាត់បន្ថយ​ការហាមឃាត់​ការនាំ​ផល្លានុផល​ពី​ហ្វីលីពីន​មាន​ចេក និង ម្នាស់ ទៅកាន់​ទីផ្សារ​ចិន​។ គ្រាន់តែ​មានការ​បន្ធូរបន្ថយ​ភ្លាម​តម្លៃ​ផលិតផល​កសិកម្ម​ទាំងនេះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កសិករ​ហ្វីលីពីន​ក៏​សប្បាយរីករាយ​ចំពោះ​ការផ្លាស់ប្តូរ​នេះដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ ក្រៅពី​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​ចិន ក្រុង​ម៉ានីល ក៏​ប្រកាស​ពី​ជំហរ​ងាក​ទៅរក​រុស្ស៊ី ហើយ​រដ្ឋាភិបាល​នេះ​ក៏​បន្ត​ទិតៀន​ក្រុង​វ៉ាស៊ីនតោន​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឥត​ឈប់ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល របប​ដឹកនាំ​លោក Duterte ទម្លាក់​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ខ្លួន​ទៀត​។ ថ្ងៃ ២០ តុលា ម្សិលមិញ លោក Duterte បានប្រកាស ប្រកាស​ផ្តាច់ទំនាក់ទំនង​ជា​ផ្លូវការ​ពី​អាមេរិក​លើ​វិស័យ​យោធា និង​សេដ្ឋកិច្ច ហើយ​ប្រកាស​ភ្ជាប់​សម្ព័ន្ធភាព​ថ្មី​ជាមួយ​ចិន និង​រុស្ស៊ី​ឯណោះ​វិញ​។ សម្តី​ប៉ុន្មាន​ម៉ាត់​របស់​មេដឹកនាំ​ហ្វីលីពីន បន្ទន់ចិត្ត​ក្រុង​ប៉េកាំង ហើយ​លោក ស៊ី ជិន​ពីង បានប្រកាស​ផ្តល់​លុយ​ជំនួយ​ផង និង​កម្ចី​ផង​មិនតិចជាង​៩​ពាន់​លាន​ដុល្លារ​ឡើយ​ឲ្យ​ដល់​ហ្វីលីពីន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com