អន្តរជាតិ
អង់គ្លេសនឹងចាកចេញពីទីផ្សាររួមរបស់អឺរ៉ុប ដើម្បីមានសិទ្ធិគ្រប់គ្រងលំហូរប្រជាជន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May
× នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May បានដាក់ចេញគោលការណ៍ចាកចេញពីសហភាពអឺរ៉ុបឲ្យដាច់ស្រឡះ និងមិនបន្តស្ថិតនៅផ្នែកណាមួយរបស់សហភាពអឺរ៉ុបទៀតឡើយ សូម្បីតែទីផ្សាររួមរបស់អឺរ៉ុបក្ដី។ លោកស្រី Theresa May ដែលកាន់អំណាចក្រោយប្រជាមតិឆ្នាំ២០១៦ ក៏បានសម្រេចទុកឲ្យសភាអង់គ្លេស ទាំងពីរជាន់ សម្រេចចិត្តចុងក្រោយលើការចាកចេញនេះដែរ។
ទីបំផុតចក្រភពអង់គ្លេស សម្រេចជ្រើសរើសការចែកផ្លូវដាច់ស្រឡះពីសហភាពអឺរ៉ុប (Hard Brexit) ក្រោយការរួមរស់ជាមួយគ្នាអស់ពេលច្រើនជាង៤ទសវត្សរ៍មកហើយនោះ។ បន្ទាប់ពីការធ្វើប្រជាមតិចាកចេញគួរឲ្យភ្ញាក់ផ្អើលក្នុងខែមិថុនា ឆ្នាំ២០១៦ ប្រជាជនអង់គ្លេសជាច្រើន រួមទាំងអ្នកនយោបាយខ្លះនោះ បានលើកយកលទ្ធភាពដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប តែបន្តប្រើប្រាស់ទីផ្សាររួមគ្នារបស់អឺរ៉ុបដូចដែលធ្លាប់ធ្វើកន្លងមក។ ប៉ុន្តែលទ្ធភាពនេះ ត្រូវបានទាត់ចោលទៅហើយ។
នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នៅថ្ងៃទី១៧ ខែមករា បានប្រកាសថា ចក្រភពអង់គ្លេស នឹងចាកចេញពីទីផ្សាររួមរបស់សហភាពអឺរ៉ុប ដើម្បីខ្លួនមានលទ្ធភាពគ្រប់គ្រងបញ្ហាជនអន្តោប្រវេសន៍បានដោយខ្លួនឯង។ ប៉ុន្តែចក្រភពអង់គ្លេស នឹងព្យាយាមចុះកិច្ចព្រមព្រៀងពន្ធគយថ្មីជាមួយអឺរ៉ុប ដើម្បីបើកផ្លូវក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀតលើពិភពលោក រួមទាំងសមាជិកអឺរ៉ុបទាំងអស់ ដោយមិនចាំបាច់ឆ្លងកាត់បទបញ្ញត្តិរបស់សហភាពអឺរ៉ុបឡើយ។
នាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា វាជារឿងចាំបាច់ដែលត្រូវចាកចេញឲ្យដាច់ស្រេច និងមិនត្រូវជ្រើសរើសផ្លូវដែលនាំឲ្យអង់គ្លេសនៅបន្តជាផ្នែកណាមួយរបស់អឺរ៉ុបឡើយ ព្រោះនេះមានន័យថា អង់គ្លេសមិនចេញពីសហភាពអឺរ៉ុបសោះ។ សារព័ត៌មាន BBC ផ្សាយថា តាមផែនការដែលលោកស្រីប្រកាស អង់គ្លេសនឹងមិនស្វែងរកការចូលជាសមាជិកនៃផ្នែកណាមួយរបស់អឺរ៉ុបឡើយ តែក៏មិនមែនអង់គ្លេស ផ្ដាច់ទំនាក់ទំនងទាំងស្រុងពីរដ្ឋសមាជិកអឺរ៉ុបនោះដែរ។
តាំងពីដើមមកនោះ បណ្ដាមេដឹកនាំសហភាពអឺរ៉ុបបានដាក់លក្ខខណ្ឌថា បើអង់គ្លេសចង់បន្តប្រើប្រាស់ទីផ្សាររួម អង់គ្លេសត្រូវទទួលយកគោលការណ៍ផ្លាស់ទីដោយសេរី។ ប៉ុន្តែគោលការណ៍នេះហើយ ជាមូលហេតុសំខាន់ដែលប្រជាជនអង់គ្លេសសម្រេចចិត្តចាកចេញ។ ទាក់ទងរឿងនេះ លោកស្រី Theresa May បានប្រាប់ទូតបរទេសក្នុងកម្មវិធីក្នុងក្រុងឡុងដ៍ថា ការចាកចេញនេះមានន័យថា អង់គ្លេសនឹងគ្រប់គ្រងលំហូរប្រជាជនចូលមកអង់គ្លេស។
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នឹងមានពេលពីរឆ្នាំ ដើម្បីចរចាលក្ខខណ្ឌទាំងឡាយជុំវិញការចាកចេញនេះ។ លោកស្រី May បានសន្យាចាប់ផ្ដើមអនុវត្តតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon នៅខែមិនានេះ ហើយយោងតាមកាលបរិច្ឆេទនេះ អង់គ្លេស នឹងចាកចេញពីអឺរ៉ុបនៅត្រឹមខែមីនា ឆ្នាំ២០១៩ ។ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏ទុកឲ្យសភា ជាអ្នកសម្រេចលើកិច្ចព្រមព្រៀងដែលសម្រេចបានផងដែរ បើទោះជាតុលាការកំពូល មិនទាន់កាត់ក្ដីឲ្យស្ថាប័ននេះមានសិទ្ធិកំណត់ចុងក្រោយក៏ដោយចុះ។
ទាក់ទងនឹងការចរចាចាកចេញនេះ លោកស្រីនាយករដ្ឋមន្ត្រី May ក៏បានព្រមានសហភាពអឺរ៉ុប ដែលចង់ពិន័យអង់គ្លេសលើរឿងចាកចេញនេះដែរ។ បន្ទាប់ពីការបោះឆ្នោតចាកចេញ មេដឹកនាំអឺរ៉ុបខ្លះ ចង់ផ្ដល់មេរៀនខ្លះឲ្យអង់គ្លេស ជាគម្រូសម្រាប់ប្រទេសដទៃដែលចង់ចាកចេញដែរ។ លោកស្រី May គំរាមវិញថា ការដាក់ទណ្ឌកម្មលើអង់គ្លេស នឹងធ្វើឲ្យអឺរ៉ុបផ្ទាល់រងផលប៉ះពាល់ ហើយអង់គ្លេស សុខចិត្តចាកចេញទាំងគ្មានកិច្ចព្រមព្រៀង ជាជាងមានកិច្ចព្រមព្រៀងដែលអាក្រក់មកលើខ្លួន៕
Tag:
Brexit
Theresa May
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com