សេដ្ឋកិច្ច
NBC បញ្ចេញប្រាក់រៀលជាង ៩ ពាន់លានរៀលដល់គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈការដេញថ្លៃ
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានផ្ដល់កម្ចីចំនួន ៩,៤ពាន់លានរៀលជាមួយអត្រាការប្រាក់ ៣ភាគរយដល់គ្រឹះស្ថានហិរញ្ញវត្ថុចំនួនបី តាមរយៈការដេញថ្លៃ នៅថ្ងៃទី១៧ខែមករា។
សេចក្ដីជូនដំណឹងរបស់ NBC បានឲ្យដឹងថា មានគ្រឹះស្ថានចំនួន៣បានចូលរួមដេញថ្លៃយកសាច់ប្រាក់រៀលរបស់ NBC ។ គ្រឹះស្ថានទាំងនេះដេញថ្លៃបានទឹកប្រាក់សរុប ៩,៤ពាន់លានរៀល ក្នុងចំណោមសាច់ប្រាក់ ៤០ពាន់លានរៀល ដែលមានអត្រាការប្រាក់ ៣ភាគរយក្នុង១ឆ្នាំ។
នេះជាការដេញថ្លៃជាលើកទី៤ហើយ នៅក្នុងប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែល NBC បានដាក់ឲ្យអនុវត្តចាប់ពីខែតុលាឆ្នាំ២០១៦ មក ដើម្បីលើកកម្ពស់ការចាយប្រាក់រៀល និងបញ្ចេញឥណទានប្រាក់រៀលរបស់គ្រឹះស្ថានហិរញ្ញវត្ថុជាមួយអត្រាការប្រាក់សមរម្យ។ តាមរយៈប្រតិបត្តិការ LPCO នេះ NBC នឹងផ្ដល់កម្ចី ឬផ្ដល់ទុនបង្វិលជាប្រាក់រៀលដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលចូលរួមដេញថ្លៃ ដោយគ្រឹះស្ថានទាំងនោះត្រូវដាក់ឧបករណ៍អាចជួញដូរបាន NCD ជាប្រាក់រៀល ឬដុល្លារ ជាវត្ថុធានាបំណុលរបស់ខ្លួន។ កម្ចីប្រាក់រៀលទាំងនេះ នឹងត្រូវបង្វិលទៅ NBC វិញក្នុងរយៈបីខែ។ ការដេញថ្លៃប្រព្រឹត្តទៅជារៀលរាល់ខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com