អន្តរជាតិ
អ៊ីរ៉ង់ ហាម​ពលរដ្ឋ​អាមេរិក​ចូល​ទឹកដី​ខ្លួន ដើម្បី​វាយបក​ទៅនឹង​ការសម្រេច​របស់លោក​ត្រាំ​
29, Jan 2017 , 11:23 am        
រូបភាព
ដោយ: រួបរួម
​រដ្ឋាភិបាល​អ៊ីរ៉ង់ កាលពី​ថ្ងៃ​សៅរ៍ បានប្រកាស​បិទទ្វារ​មិន​ឲ្យ​ពលរដ្ឋ​អាមេរិក​ចូលទៅក្នុង​ទឹកដី​របស់ខ្លួន​។ នេះ​ជា​ប្រតិកម្ម​តបត​ទៅ​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ចុះហត្ថលេខា​លើ​បទ​បទបញ្ជា​នីតិប្រតិបត្តិ​ដើម្បី​ព្យួរ​ការទទួលយក​ជន​ភៀសខ្លួន និង ដាក់​វិធានការ​ថ្មី​គ្រប់គ្រង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧​។ អ៊ីរ៉ង់​បានចាត់ទុក​ការសម្រេច​របស់​រដ្ឋបាល​ថ្មី​នៃ​ក្រុង​វ៉ាស៊ីនតោន ថា​ជា «​ការប្រមាថ​» និង «​ខុសច្បាប់​»​។​


​បន្ទាប់ពី​មើលឃើញថា រដ្ឋបាល​ដូ​ណា​ល់ ត្រាំ កំពុង​មើលងាយ​ខ្លួន រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់ បានធ្វើការ​សម្រេចចិត្ត​មួយ​គ្នា តាមរយៈ​ការប្រកាស​បិទ​ច្រកទ្វារ​សម្រាប់​ពលរដ្ឋ​អាមេរិក​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​ឡើងកាន់តំណែង​មិនទាន់បាន​មួយ​សប្តាហ៍​ផង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទ​បទបញ្ជា​នីតិប្រតិបត្តិ ​ដើម្បី​ព្យួរ​ការទទួលយក​ជន​ភៀសខ្លួន និង ដាក់​វិធានការ​ថ្មី​គ្រប់គ្រង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន ៧ (​អ៊ីរ៉ង់​,​អ៊ីរ៉ាក់​,​លី​ប៊ី​, សូ​ម៉ាលី​, ស៊ូដង់​,​ស៊ី​រី និង​យ៉េ​មែន​)​។​

​លោក​ត្រាំ បាន​រារាំង​ពលរដ្ឋ​ពី​ប្រទេស​ឥស្លាម​ទាំង​៧ មិន​ឲ្យ​ចូល​អាមេរិក ដោយ​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ក្នុង​រយៈពេល ៣០​ថ្ងៃ ហើយ​អាមេរិក​ចាប់ផ្តើម​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​និង​សាកសួរ​ពី​ជីវប្រវត្តិ​ដ៏​តឹងតែង​បំផុត​ដែរ​។ លោក​បាន​អះអាង​ការពារ​ការសម្រេចចិត្ត​របស់ខ្លួន​ថា លោក​ចង់​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​មាន​សុវត្ថិភាព​និង​ការពារ​ពួកគេ​ពី​ក្រុម​ភេរវជន​ជ្រុលនិយម​ឥស្លាម (Radical Islam Terrorists)​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស ដែល​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ អ៊ីរ៉ង់ បាន​អះអាងថា ពួកគេ​ពិតជា​គោរព​ពលរដ្ឋ​អាមេរិក ប៉ុន្តែ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​របស់ខ្លួន រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រូវតែ​អនុវត្ត​ដូចគ្នា​ទៅនឹង​ការសម្រេច​របស់​អាមេរិក​។​

ក្រសួងការបរទេស​អ៊ីរ៉ង់ បាន​វាយតម្លៃថា ការសម្រេច​របស់​អាមេរិក គឺ​ខុសច្បាប់ គ្មាន​ហេតុផល និង​ផ្ទុយ​ពី​វិធាន​អន្តរជាតិ​។ ជាមួយគ្នានេះ រដ្ឋ​ភិ​បាល​លោក Hassan Rouhani បាន​ណែនាំ​ដល់​ទូត និង​កុងស៊ុល​របស់ខ្លួន ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត​ចំពោះ​ពលរដ្ឋ​អ៊ីរ៉ង់ ដែល​ជួប​បញ្ហា​នៅលើ​ទឹកដី​អាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com