ធនាគារជាតិ នឹងស៊ើបអង្កេតលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់សង្គមស៊ីវិល ដែលចេញផ្សាយថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើតាមអគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ លោកស្រី ជា សិរី ដែលបានលើកឡើងបែបនេះ នៅលើបណ្ដាញសង្គម។
អង្គការលីកាដូ និងសមាគមធាងត្នោត ដែលបានចេញផ្សាយរបាយការណ៍រួមគ្នាមួយកាលពីថ្ងៃទី៧ សីហា ស្តីពី «ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា» បានរកឃើញថា ពលរដ្ឋកម្ពុជាប្រមាណ ២,៣៨ លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ប្រមាណ ៨,០០០ លានដុល្លារ ដែលមានមធ្យមភាគឥណទានខ្ពស់ ប្រមាណ ៣,៣៧០ ដុល្លារក្នុងមួយកម្ចី ហើយលើសពីចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ដែលមានត្រឹម ១,៣៨៤ដុល្លារនាឆ្នាំ២០១៧។ ក្នុងរបាយការណ៍អង្គការទាំងពីរ បានអះអាងថា ពលរដ្ឋទាំងនោះត្រូវបានរងការរំលោភបំពានសិទ្ធិមនុស្សជាច្រើនរួមមាន៖ ការបង្ខំឱ្យលក់ដី, ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ, ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួន(ធ្វើជាកម្មករ)ដើម្បីដោះបំណុលជាដើម។
អង្គការទាំងពីរ បានសិក្សាស្រាវជ្រាវលើករណីនេះ ក្នុងឃុំចំនួន១០ នៅខេត្តចំនួន ៤ រួមទាំងរាជធានីភ្នំពេញ។ ក្នុងនោះករណីសិក្សាលម្អិតចំនួន៧ ករណី លើការរំលោភបំពានសិទ្ធិមនុស្ស និងបានសម្ភាសមនុស្សចំនួន២៨នាក់ ដែលជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ លោកស្រី ជា សិរី ហាក់មិនបានបដិសេធចោលទាំងស្រុងទៅលើរបាយការណ៍នោះទេ ដោយលោកស្រីបានថ្កោលទោសលើទង្វើអសីលធម៌របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានរកឃើញក្នុងរបាយការណ៍ផងដែរ។ ដ្បិតមិនច្រានចោលក្តី ប៉ុន្តែលោកស្រី ជា សិរី បានដាក់ការងឿងឆ្ងល់វិញថា តើរបាយការណ៍ ដែលសម្ភាសមនុស្សត្រឹមតែ២៨នាក់ មកធ្វើជាតឹកតាងនេះ វាអាចគ្រប់ដណ្ដប់ទាំងមូលទៅលើវិស័យមីក្រូហិរញ្ញវត្ថុ រួមទាំងអ្នកខ្ចីប្រាក់៥លាននាក់ដែរទេ?
«វាហាក់បីដូចជាការស្ទង់មតិមួយដែលធ្វើលើមនុស្សត្រឹម ២៨ នាក់ (ដែលត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន) អាចតំណាងឲ្យវិស័យទាំងមូល ដែលមានមនុស្សរហូតដល់៥ លាននាក់ បូករួមទាំងអ្នកខ្ចី បានអ៊ីចឹង»។ នេះជាលើកឡើងរបស់អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ ដែលទំនងចង់ផ្លែផ្កាទៅរបាយការណ៍សង្គមស៊ីវិលខាងលើ។
តែយ៉ាងណាធនាគារជាតិ ទំនងមិនទុកបញ្ហាដែលខាងអង្គការសង្គមស៊ីវិល រកឃើញនេះចោលឡើយ។ អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិរូបនេះ បានសរសេរលើបណ្ដាញសង្គមខ្លួនដូច្នេះថា៖« ធនាគារជាតិនឹងស៊ើបអង្កេត ហើយនឹងមានវិធានការចាំបាច់ណាមួយ ដូចរបាយការណ៍ដែលបានលើកឡើងខាងលើនេះ»។
ឆ្លើយតបបែបនេះហើយលោកស្រី ជា សិរី ក៏បង្ហាញអារម្មណ៍ឃ្នើសចិត្តចំពោះសារព័ត៌មានបរទេស ដែលបានចុះផ្សាយពីករណីនេះដែរ។ លោកស្រី សិរី ចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិទាំងនោះ គឺមានបំណងព្រួតដៃគ្នា បំផ្លាញមុខមាត់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្អែកប្រភពពីអង្គការក្រៅរដ្ឋាភិបាលនេះ។
« ការចុះផ្សាយ(សារព័ត៌មានអន្តរជាតិ)ដោយមិនបានត្រួតពិនិត្យលើភាពពិតប្រាកដត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បាននិយាយថា ករណីសិក្សាពីរឿងឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ គ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ឬវាយប្រហាទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្តុនៅកម្ពុជានោះទេ ពោលគឺគ្រាន់តែចង់ជំរុញឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមលើពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសកសិករក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ស្តីពី« ការវិនិយោគ ត្រូវផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស» ប៉ុណ្ណោះ។ លោក អំ សំអាត ក៏ទទួលស្គាល់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្តុ បានចូលរួមចំណែកក្នុងការជួយដល់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍលើសេដ្ឋកិច្ចជាតិ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់អង្គការលីកាដូរូបនេះ បាននិយាយដូច្នេះថា៖« យើងបានជួបពលរដ្ឋច្រើនជាងនេះ។ បើទោះបីជាវាមានលក្ខណៈតូចក៏ដោយប៉ុន្តែវាជាចំណុចចាប់ផ្ដើមមួយ ដែលឲ្យស្ថាប័នពាក់ព័ន្ធចាប់ផ្ដើមពិនិត្យមើលបន្ថែម ថាតើកម្ចីមានបញ្ហាដែរឬទេ ហើយធ្វើយ៉ាងណាដើម្បីកែសម្រួល។ ហើយយើងចង់ឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញទៅលើបញ្ហានេះ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលបានចូលរួមជាមួយគ្រឹះស្ថានមិក្រូហិរញ្ញវត្តុ ក្នុងការបង្ខិតបង្ខំពលរដ្ឋឲ្យលក់ដីសងបំណុលប៉ុណ្ណោះ។ ក្នុងន័យ(របាយការណ៍)របស់យើងចង់ឲ្យធ្វើអ៊ីចឹង»។
បញ្ហាដែលបណ្ដាលឲ្យពលរដ្ឋខ្វះលទ្ធភាពសង ឬជំពាក់បំណុលច្រើន ក៏មកពីទីផ្សារកសិផលរបស់ពួកគេគ្មានស្ថិរភាព ខណៈមន្ត្រីអនុវត្តច្បាប់ នៅខ្វះចន្លោះការបំពេញតួនាទី តាមគោលនយោបាយរបស់រដ្ឋាភិបាល។ ដូច្នេះរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហទាំងនោះ ហើយត្រូវធានាថា កម្ចីទាំងនេះ ជាកម្ចីបែបចីរភាព និងធានាឲ្យជីវភាពរបស់ពលរដ្ឋមានភាពល្អប្រសើរ។ នេះជាការបញ្ជាក់របស់លោក អំ សំអាត។
កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវពន្យាពេលដល់ប្រជាពលរដ្ឋ ដែលជាកូនបំណុលខ្លួន ដោយមិនត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ នៅពេលដែលខ្វះលទ្ធភាពសងត្រឡប់ឡើយ។ សម្ដេច ក៏បញ្ជាឲ្យអាជ្ញាធរចាត់វិធានការលើមីក្រូហិរញ្ញវត្ថុ ដែលរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋនេះដែរ។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាលក៏បានរំឭកឲ្យពលរដ្ឋខ្ចីលុយពីធនាគារ ដោយត្រូវប៉ាន់ប្រមាណពីសមត្ថភាពខ្លួន ដែលអាចសងត្រឡប់វិញផង៕