ជាតិ
សេដ្ឋកិច្ច
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន នឹង​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា ជាង​អាស៊ាន​-​ចិន​
28, Jul 2020 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន នឹង​ផ្ដល់​ប្រយោជន៍​បន្ថែមទៀត​ដល់​កម្ពុជា លើ​ពី​អ្វីដែល​ចិន ផ្ដល់ដល់​អាស៊ាន​កន្លងមក​។ នេះ​បើតាម​លោក សុខ សុភ័ក្ត្រ  រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​។​



​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី លទ្ធផល​បញ្ចប់​នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (FTA ) នា​ព្រឹក​ថ្ងៃទី​២៨ កក្កដា​នេះ លោក សុខ សុ​ភ័​ក្រ បាន​បញ្ជាក់ថា ចិន​បាន​ផ្ដល់ឱ្យ​កម្ពុជា នូវ​ទំនិញ​៣៤០​មុខ ដែល​អនុគ្រោះ​ពន្ធ​៩៥​ភាគរយ ឬ​មិន​គិត​ពន្ធ​តែម្ដង​។ បានន័យថា ទំនិញ​ទាំងនោះ ភាគច្រើន​បង់ពន្ធ​នាំចូល​ទីផ្សារ​ចិន​តែ​៥​ភាគរយ​។ 
 
​ត្រង់ចំណុច​នេះ​លោក សុខ សុ​ភ័​ក្រ បាន​លើក​ជា​ឧទាហរណ៍​ថា ម្រេច​កម្ពុជា ដែល​ត្រូវ​បង់ពន្ធ​២០​ភាគរយ កាលពីមុន​នោះ គឺ​មិនត្រូវ​បង់ពន្ធ​ទៀត​នោះទេ ក្រោយ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​ធរមាន​។ ក្រៅពី​ម្រេច ក៏មាន​ផ្លែឈើ ត្រី សាច់ និង​ប្រភេទ​សត្វ​សមុទ្រ​ផ្សេងទៀត ក៏​រួច​ពន្ធ​ផងដែរ​។​
 
​ចំណែក​មុខទំនិញ ដែល​ចិន​គិត​ពន្ធ​ពី​ក​កម្ពុជា គឺជា​ប្រភេទ​គ្រឿងចក្រ និង​យានយន្ត​ផ្សេងៗ​។ មូលហេតុ​ដែល​ចិន គិត​ពន្ធ​លើ​មុខទំនិញ​ទាំងនេះ ដោយសារ​ចិន មិន​ចង់ឱ្យ​ការ​នាំចូល​ទីផ្សារ​ខ្លួន ប៉ះពាល់​ផលិតផល​ក្នុងស្រុក​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​អះអាងថា ការគិត​ពន្ធ​លើ​មុខទំនិញ​ទាំងនេះ មិនមែនជា​បញ្ហា​ដល់​កម្ពុជា​ទេ ព្រោះ​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​សម្ភារ​ទាំងនោះ​។ 
 
​តាមរយៈ​កិច្ចព្រមព្រៀង​នេះ វា​ក៏​មិនបាន​ប៉ះពាល់​ដល់​សហគ្រិន​ធុន​តូច និង​មធ្យម (SME) នោះដែរ ប៉ុន្តែ​វា​ជាការ​ពង្រឹងសមត្ថភាព SME ក្នុងការ​ប្រកួតប្រជែង​ទៅវិញ​។ ជាពិសេស​ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម សម្រាប់​ការនាំចេញ​។ បើតាម​លោក សុខ សុ​ភ័​ក្រ ក្រុមការងារ​ក្រសួង​ នឹង​ចុះទៅ​ជួយ​ SME ពី​របៀប​ផលិត​នាំ​ចេញទៅ​ប្រទេស​ចិន​។​
 
​រីឯ​កម្ពុជា ក៏បានផ្ដល់​ការអនុគ្រោះ​ពន្ធ​នាំចូល​មុខទំនិញ​ពី​ចិន​ដែរ​។ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ កម្ពុជា​បាន​អនុគ្រោះ​លើ​ផលិតផល​ចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿង​បង្គុំ និង​គ្រឿងចក្រ​ធំ​ជាដើម​។​
 
​កន្លងមក ចិន​ក៏បាន​អនុគ្រោះ​ដល់ ទី​ផ្សារ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែរ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​អាស៊ាន​-​ចិន​។ 
 
​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​ទៅ​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ​១០០០​លាន​ដុល្លារ ខណៈ​ចិន​នាំ​ចូលមក​កម្ពុជា​វិញ ជាង​៦០០០​លាន​ដុល្លារ​។ ទំនិញ​ដែល​កម្ពុជា នាំទៅ​ទីផ្សារ​ចិន ភាគច្រើន​ ជា​ប្រភេទ​ផលិតផល​កសិកម្ម ឯ​ចិន​នាំមក​កម្ពុជា ភាគច្រើន​ជា​សម្ភារ​បច្ចេកទេស គ្រឿងបន្លាស់ និង​គ្រឿងចក្រ​ធំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លោក សុខ សុភ័ក្ត្រ  រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​៕
 
 
 

Tag:
 សេដ្ឋកិច្ច​
  ពាណិជ្ជកម្ម​សេរី
© រក្សាសិទ្ធិដោយ thmeythmey.com