កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីស្រាអែលត្រៀមចាក់វ៉ាក់សាំង COVID-19 ឱ្យអត្តពលិក ដើម្បីចូលរួមអូឡាំពិកក្រុងតូក្យូ
× អ៊ីស្រាអែល គ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យអត្តពលិករបស់ខ្លួនទាំងអស់ដែលត្រូវចូលរួមប្រកួតនៅអូឡាំពិកក្រុងតូក្យូ នៅខែឧសភា ឆ្នាំ២០២១។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ប្រកាសដូច្នេះនៅថ្ងៃទី២៧ ខែមករា ខណៈព្រឹត្តិការណ៍អូឡាំពិកដែលជប៉ុនធ្វើម្ចាស់ផ្ទះនឹងដំណើរការនៅថ្ងៃទី២៣ ខែកក្កដា។
អ្នកនាំពាក្យ IOC បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈ Email ថា អ៊ីស្រាអែលបានត្រៀមការចាក់វ៉ាក់សាំងដើម្បីបង្ការ COVID-19 បាន៥០ភាគរយហើយ សម្រាប់ប្រតិភូ និងអត្តពលិកអ៊ីស្រាអែលដែលត្រូវទៅកាន់ទីក្រុងតូក្យូ។ ស្ថាប័នគ្រប់គ្រងកីឡាអូឡាំពិកអន្តរជាតិបញ្ជាក់ទៀតថា អ្នកដែលត្រូវទៅចូលរួមព្រឹត្តិការណ៍នេះ នឹងត្រូវចាក់វ៉ាក់សាំងទាំងស្រុងនៅចុងខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី២៨ ខែមករានេះ នៅសល់ជិត៦ខែទៀតអូឡាំពិករដូវក្តៅនឹងដំណើរការប្រកួត ប្រសិនបើគ្មានការពន្យារ ឬក៏ផ្អាកជាលើកទី២ទេនោះ។ អូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ត្រូវបានពន្យាររយៈពេល១ឆ្នាំ ពោលគឺត្រូវទៅធ្វើនៅថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ វិញ។
បើទោះ COVID-19 នៅបន្តរាតត្បាតខ្លាំងឡើងវិញនៅជុំវិញពិភពលោក និងក្នុងប្រទេសជប៉ុន រហូតបិទព្រំដែន និងដាក់ខេត្តជាច្រើនក្នុងស្ថានភាពអាសន្នក្តី នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូស៊ីហ៊ីដេ ប្តេជ្ញាបន្តត្រៀមខ្លួនឆ្ពោះទៅកាន់ការរៀបចំអូឡាំពិកក្រុងតូក្យូនៅឆ្នាំ២០២១ឲ្យខាងតែបាន។
ចំនួនករណីឆ្លង COVID-19 នៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី១៨ ខែមករានេះ កើនដល់ជាង ៣៧១០០០ករណី ក្នុងនោះស្លាប់ជាង ៥២៥០ និងសះស្បើយជាង ៣០៨១៦០នាក់។ ដោយឡែកអ៊ីស្រាអែលមានករណីឆ្លងលើសជប៉ុន ក្នុងចំនួនដល់ទៅជាង ៦២១៥៩០នាក់ ប៉ុន្តែស្លាប់តិចជាងត្រឹមជាង ៤៦០០នាក់ និងជាពីជំងឺជាង ៥៤២៣៤០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com