COVID-19
ជាតិ
វ៉ាក់សាំងកូវីដ-១៩ របស់ចិន នឹងមកដល់កម្ពុជា នៅថ្ងៃ៧កុម្ភៈ
04, Feb 2021 , 11:42 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលព័ត៌មានពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវដឹកមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេច ជូនព័ត៌មាននេះ បន្តទៅកាន់បណ្តាមន្រ្តីពាក់ព័ន្ធ ហើយសំឡេងរបស់សម្តេច ត្រូវបានចែករំលែកតគ្នាតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី៤ កុម្ភៈនេះ។



តាមរយៈសារជាសំឡេងនោះ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះថា៖«ដូចការប្រកាសរបស់ខ្ញុំកន្លងទៅ ខ្ញុំ បានបញ្ជាក់ថា ពេលវ៉ាក់សាំងមកដល់ ខ្ញុំ នឹងទៅទទួល ហើយឥឡូវនេះ ត្រូវរៀបចំកម្មវិធីទទួលវ៉ាក់សាំង នៅឯព្រលានយន្តហោះពោធិ៍ចិនតុង»។

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសកន្លងមកថា ចិន ផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូសដល់កម្ពុជា ហើយសម្រាប់ដំណាក់កាលដំបូងនេះ ចិន នឹងបញ្ជូនមកកម្ពុជាចំនួន៦០ម៉ឺនដូសសិន។

អត្ថបទទាក់ទង


នៅថ្ងៃម្សិលមិញ (៣កុម្ភៈ) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រងការអនុវត្តយុទ្ធសាស្រ្តនិងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩។ ក្រុមការងារនេះ មានលោក ម៉ម ប៊ុនហេង ជាប្រធាន៕

Tag:
 វ៉ាក់សាំងកូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com