អន្តរជាតិ
នាវាចម្បាំងអាមេរិកបើកកាត់សមុទ្រតៃវ៉ាន់ជាលើកដំបូង ក្រោយលោក បៃឌិន ឡើងកាន់តំណែង នាវាចម្បាំងអាមេរិក USS John S. McCain ។ រូបថតក្រសួងការពារជាតិអាមេរិក
× នាវាចម្បាំងមួយគ្រឿងអាមេរិកឈ្មោះ USS John S. McCain បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការប្រកាសរបស់កងនាវាចរណ៍ទី៧ នៃទ័ពជើងទឹកអាមេរិក។ នេះជាវត្តមានលើកទីមួយនៃនាវាចម្បាំងអាមេរិកនៅច្រកសមុទ្រខណ្ឌចែកចិនដីគោក និងកោះតៃវ៉ាន់ ក្រោយការស្បថកាន់តំណែងរបស់លោក ចូ បៃឌិន ជាប្រធានាធិបតីអាមរិក។
នាវាចម្បាំង USS John S. McCain ថ្នាក់ Arleigh Burke ជាប្រភេទមីស៊ីលផ្ទុកមីស៊ីលប្រដេញប្រចាំការក្នុងកងនាវាចរណ៍ទី៧ របស់កងទ័ពជើងទឹកអាមេរិក ដែលឈរជើងនៅអាស៊ីប៉ាស៊ីហ្វិក។ ជារឿយនាវានេះ បានកាត់ច្រកសមុទ្រតៃវ៉ាន់ដែលនៅចន្លោះរវាងដែនកោះតៃវ៉ាន់ និងចិនដីគោក។
នៅថ្ងៃទី៤ ខែកុម្ភៈ កងនាវាចរណ៍ទី៧ ប្រកាសថា នាវាចម្បាំងនេះ បានបើកកាត់ផ្លូវសមុទ្រនេះជាថ្មី។ សេចក្តីថ្លែងការណ៍អះអាងថា ការបើកកាត់របស់នាវាចម្បាំង USS John S. McCain បង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ ហើយយោធាអាមេរិក នឹងហោះហើរ បើកបរ និងប្រតិបត្តិការនៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ។
នេះក៏ជាលើកដំបូងក្នុងឆ្នាំ២០២១ ដែលនាវាចម្បាំងអាមេរិកបើកកាត់ច្រកសមុទ្រនេះដែរ។ បើតាមករសួងការពារជាតិតៃវ៉ាន់ ក្នុងឆ្នាំ២០២០ កន្លងទៅ នាវាចម្បាំងអាមេរិកបើកកាត់ច្រកសមុទ្រតៃវ៉ាន់ចំនួន១៣ដង។ ចំណែកការបើកកាត់របស់នាវា USS John S. McCain ធ្វើឡើងបន្ទាប់ពីយន្តហោះស៊ើបការណ៍ចំនួនពីរគ្រឿង និងយន្តហោះដឹកប្រេងរបស់អាមេរិក បើកចូលដែនអាកាសរបស់តៃវ៉ាន់នៅថ្ងៃទី១ ខែកុម្ភៈ។
អ្វីដែលគេមើលឃើញនោះ ការបញ្ជូននាវាចម្បាំងនេះ ជាសញ្ញានៃការបន្តការគាំទ្ររបស់រដ្ឋបាលអាមេរិកថ្មីលើតៃវ៉ាន់ ដែលរងការគំរាមកាន់តែខ្លាំងពីចិន។ តាំងពីលោកស្រី Tsai Ing-wen ជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ក្នុងឆ្នាំ២០១៦ ចិនបានបង្កើនសម្ពាធយោធា សេដ្ឋកិច្ច និងការទូតលើដែនកោះមួយនេះ។ លោកស្រី Tsai ជាមេដឹកនាំតៃវ៉ាន់ ដែលមានជំហរដាច់ខាតប្រឆាំងនឹងការគំរាមពីចិន និងមិនទទួលស្គាល់ការលើកឡើងដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន។
គិតត្រឹមពេញមួយឆ្នាំ២០២០ ក្រសួងការពារជាតិតៃវ៉ាន់ អះអាងថា យន្តហោះចម្បាំងរបស់ចិនបានបើកចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ចំនួន៣៨០ដង។ អ្នកវិភាគមួយចំនួន អះអាងថានេះជាភាពតានតឹងរវាងតៃវ៉ាន់ និងចិនដ៏ខ្លាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។ ចំពោះវត្តមាននាវា និងយោធាអាមេរិក ក្នុងសមុទ្រចិនភាគខាងត្បូង ចិនលើកឡើងថា ការដែលអាមេរិកបញ្ជូនជារឿយៗនូវ នាវាផ្ទុកយន្តហោះ និងនាវាចម្បាំង មិនអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ។
អាមេរិក ក៏ដូចជាបណ្តាប្រទេសសឹងតែទាំងអស់លើលោកពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ធ្លាប់ប្រាប់សមាជិកព្រឹទ្ធសភាថា អាមេរិកនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកុំឱ្យចិនកាន់កាប់តៃវ៉ាន់ដោយកម្លាំងអាវុធ។ លោក Austin ក៏បញ្ជាក់ថាអាមេរិកនឹងប្តេជ្ញា គាំទ្រតៃវ៉ាន់ឱ្យមានសមត្ថភាពក្នុងការការពារខ្លួនឯងទប់ទល់នឹងចិនផងដែរ៕
Tag:
អាមេរិក
តៃវ៉ាន់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com