COVID-19
ជាតិ
សម្តេច ហ៊ុន សែន ប្រកាសលែងចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនវិញ ព្រោះហួសអាយុ
05, Feb 2021 , 7:47 pm        
រូបភាព
សម្តេច ទៀ បាញ់ (អាវខ្មៅ) និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នា ពេលសម្តេច ហ៊ុន សែន រៀបឡើងយន្តហោះទៅចូលរួមប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែកក្កដា ឆ្នាំ២០១៩។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
សម្តេច ទៀ បាញ់ (អាវខ្មៅ) និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នា ពេលសម្តេច ហ៊ុន សែន រៀបឡើងយន្តហោះទៅចូលរួមប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែកក្កដា ឆ្នាំ២០១៩។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
នៅព្រលប់ម៉ោងជាង៦ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនព័ត៌មានលើទំព័រហ្វេសប៊ុកថា វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិនឈ្មោះ ស៊ីណូហ្វាម (Sinopharm) អាចចាក់បានតែមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំប៉ុណ្ណោះ។



សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា៖«សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ»។

ប្រមុខរដ្ឋាភិបាល ប្រាប់ថា ទើបនឹងបានទទួលព័ត៌មានអំពីអាយុ ដែលអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមនេះ ពីក្រសួងសុខាភិបាល ហើយក្រសួងសុខាភិបាល បានទទួលព័ត៌មាននេះ តាមរយៈ លិខិតផ្លូវការ ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតចិននៅកម្ពុជា។

កាលពីព្រឹកមិញ (ថ្ងៃ៥កុម្ភៈដដែល) សម្តេច ប្រកាសថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច រួមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នឹងទៅចាក់វ៉ាក់សាំងស៊ីណូហ្វាមមុនគេ លើកលែងតែសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិប៉ុណ្ណោះ ដែលបានចាក់រួចហើយ។

ចិន បានយល់ព្រមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូស ដល់កម្ពុជា ហើយសម្រាប់ដំណាក់កាលដំបូង ចិន នឹងបញ្ជូន៦០ម៉ឺនដូសមកកម្ពុជាសិន នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈនេះ។ សម្រេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា សម្រាប់កម្មវិធីចេញទៅទទួលជំនួយ វ៉ាក់សាំងរបស់ចិន នៅព្រលានយន្តហោះ នៅរក្សាទុកដដែល៕

Tag:
 ហ៊ុន សែន
  វ៉ាក់សាំងកូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com