ជាតិ
សង្គមជាតិ
ទោះប្រឈមគ្រោះថ្នាក់ តែឧទ្យានុរក្ស ហ្វាអុីលីន ធ្វើការដោយពេញចិត្តដើម្បីធនធានធម្មជាតិ
07, Feb 2021 , 10:30 pm        
រូបភាព
លោកម៉ាន ហ្វាអុីលីន វ័យ២៩ ជាមន្ត្រីឧទ្យានុរក្ស ក្នុងដែនជម្រកស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរី
លោកម៉ាន ហ្វាអុីលីន វ័យ២៩ ជាមន្ត្រីឧទ្យានុរក្ស ក្នុងដែនជម្រកស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរី
ដោយ៖ ប៉ូ សុភា

ជាង១២ឆ្នាំហើយ ដែលលោក ម៉ាន ហ្វាអុីលីន បំពេញតួនាទីជាមន្ត្រីឧទ្យានុរក្ស នៅក្នុងដែនជម្រកសត្វព្រៃ នៅខេត្តមណ្ឌលគិរី។ ទោះប្រឈមគ្រោះថ្នាក់រាប់មិនអស់ តែលោក ហ្វាអុីលីន មិនដែលត្អូញត្អែរ និងរួញរាឡើយ។ តែឧបសគ្គទាំងនោះ កាន់តែជំរុញឲ្យលោក ស្រលាញ់ការងារឧទ្យានុរក្សថែមទៀត។



ប្រឈមគ្រោះថ្នាក់ ច្រើនជាងសំណាង! គឺជាកិច្ចការងារដែលលោក ម៉ាន់ ហ្វាអុីលីន  ត្រូវអនុវត្តជារៀងរាល់ថ្ងៃ ក្នុងតួនាទីជាមន្ត្រីឧទ្យានរក្ស ចុះល្បាតនិងបង្ក្រាបបទល្មើសកាប់ព្រៃ បរបាញ់សត្វ និងការទន្រ្ទានដីព្រៃខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី។ ឧបសគ្គជាច្រើន ដែលយុវជន ម៉ាន ហ្វាអ៊ីលីន ជួបប្រទះពេលចុះទៅល្បាតនោះ គឺប្រឈមមុខជាមួយជនល្មើសព្រៃឈើប្រដាប់ដោយអាវុធ ជាពិសេសគ្រោះថ្នាក់ដោយសារអន្ទាក់ជាដើម។ប៉ុន្តែឧបសគ្គទាំងនេះ មិនបានធ្វើឱ្យចិត្ត ហ្វាអុីលីន រួញរានោះទេ។

ស្ថិតក្នុងឯកសណ្ឋានជាឧទ្យានុរក្ស ពណ៌បៃតងចាស់ និងស្ពាយកាំភ្លើងនៅស្មាចំហៀងខាងស្ដាំ បុរសវ័យ២៩ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖« ពេលដើរល្បាតយើងមិនអាចដឹងមុនថា នឹងជួបប្រទះបញ្ហាអ្វីទេ។ ឧទ្យានុរក្សកាន់តែប្រឈមនឹងគ្រោះថ្នាក់ ព្រោះប្រសិនបើជនល្មើសមានអាវុធ។ ដូច្នេះ ឧបករណ៍ការពារខ្លួនគ្រប់គ្រាន់ អាចធ្វើឱ្យពួកយើងមានអារម្មណ៍សុវត្ថិភាព និងមានលំនឹងផ្លូវចិត្ត »។


លោកម៉ាន ហ្វាអុីលីន វ័យ២៩ ជាមន្ត្រីឧទ្យានុរក្ស ក្នុងដែនជម្រកស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរី

ក្នុងមួយខែ យុវជន ហ្វាអុីលីន និងក្រុមការងារខ្លួន ត្រូវចុះល្បាត និងសម្រាកក្នុងព្រៃ ចន្លោះពី១៦ ទៅ២០ថ្ងៃ ដោយត្រូវដើរល្បាតលើផ្ទៃដីរាប់រាយហិកតា នៅក្នុងដែនជម្រកសត្វព្រៃ នៅខេត្តមណ្ឌលគិរី។ ចេញដំណើរល្បាតតាំងពីព្រឹក រហូតដល់ពេលល្ងាច នៅត្រង់ចំណុចណា គឺ ហ្វាអុីលីន និងក្រុមការងារ ត្រូវបោះទីតាំងសម្រាកសម្រាកនៅកន្លែងនោះ ដោយចងអង្រឹងភ្ជាប់ពីដើមឈើមួយ ទៅដើមឈើមួយ ធ្វើជាទីសំណាក់។

ដើរក្នុងព្រៃចម្ងាយរាប់រយគីឡូម៉ែត្រ បុរសសម្បុរស្រអែមរូបនេះ បានឃើញគ្រប់រូបភាពនៃការកាប់បំផ្លាញព្រៃឈើ និងបទល្មើសសត្វព្រៃ ។ ទិដ្ឋភាពទាំងនេះហើយ បានធ្វើឱ្យយុវជន ហ្វាអុីលីន កាន់តែស្ដាយស្រណោះធនធានធម្មជាតិ និងស្រលាញ់ការងារជាឧទ្យានុរក្ស កាន់តែខ្លាំង។ «សព្វថ្ងៃខ្ញុំ និងក្រុមការងារពេញចិត្តនឹងភារកិច្ចជាមន្ត្រីឧទ្យានុរក្សនៅក្នុងខេត្តមណ្ឌលគិរីនេះណាស់ ព្រោះមិនថាគ្រួសារ សហគមន៍ រួមនឹងប្រជាជនកម្ពុជា សុទ្ធតែរីករាយនឹងឱ្យតម្លៃលើធនធានធនជាតិនៅក្នុងព្រៃ ដែលពួកយើងខំប្រឹងថែរក្សាពីដើមរហូតមកដល់បច្ចុប្បន្ននេះ»។ នេះជាសម្តីរបស់លោក ហ្វាអុីលីន។

លោក ប៉ែត ភក្ត្រា ដែលនៅជានាយកដែនជម្រកសត្វព្រៃស្រែពក ឈរនៅក្បែរលោក ហ្វាអុីលីន ដែរនោះ បានឆ្លៀតប្រាប់ថា ឧទ្យានុរក្សគ្រប់រូបបានលះបង់ច្រើន ដើម្បីចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ និងជីវចម្រុះក្នុងដែនជម្រកសត្វព្រៃកម្ពុជា តាំងពីដើម មកដល់បច្ចុប្បន្ននេះ។ បើតាមលោក ភក្ត្រា នៅពេលមន្ត្រីឧទ្យានុរក្សចុះល្បាតនោះ ក៏មានជួបប្រទះបទល្មើសខ្លះ ដែលមានលក្ខណៈសាហាវឃោឃៅផងដែរ ដោយសារជនល្មើសមានអាវុធប្រើប្រាស់ សម្រាប់តទល់ជាមួយកម្លាំងឧទ្យានុរក្ស។


លោក ប៉ែត ភក្ត្រា ដែលនៅជានាយកដែនជម្រកសត្វព្រៃស្រែពក នៅខេត្តមណ្ឌលគិរី

« បើជនល្មើសមានអាវុធ ហើយឧទ្យានុរក្សគ្មានអ្វីសោះក្នុងដៃ ពេលចុះទៅបង្ក្រាបពួកគេអាចពិបាក និងគ្រោះថ្នាក់បំផុត។ ទោះមានឧបគ្គយ៉ាងណា ក៏មន្ត្រីឧទ្យានុរក្សគ្រប់គ្នានៅតែតស៊ូមិនចុះចាញ់ »។ នេះជាសម្ដីរបស់នាយកដែនជម្រកសត្វព្រៃស្រែពក ។

ផ្ដើមការងារជាឧទ្យានុរក្សតាំងពីឆ្នាំ២០០៩ យុវជន ម៉ាន ហ្វាអ៊ីលី មិនដែលមានចិត្តចង់បោះបង់ចោលការងារនេះម្ដងណាឡើយ ទោះបីជាដឹងថា ការងារឧទ្យានុរក្សនេះ ប្រឈមគ្រោះថ្នាក់ខ្លាំងក្តី។ នោះក៏ព្រោះតែ ហ្វាអ៊ីលុីន មានចិត្តស្រលាញធនធានធម្មជាតិ និងចង់រួមចំណែកការពារសម្បត្តិជាតិ។

« តួនាទីជាឧទ្យានុរក្សសម្រាប់ខ្ញុំពិតជាមានតម្លៃណាស់ ព្រោះយូរឆ្នាំហើយដែលខ្ញុំនិងគ្រួសារបរិស្ថានរួមគ្នាក្នុងបេសកកម្មនេះ។ ទោះប្រឈមមុខនឹងឧបសគ្គគ្រប់ពេលធ្វើដំណើរក្តី ខ្ញុំក៏មិនដែលគិតថាចង់បោះបង់ឡើយ។ ពួកយើងសង្ឃឹមថា ការតស៊ូកន្លងមកអាចជាកោសិការមួយដ៏សំខាន់ ជួយរួមចំណែកកាត់បន្ថយបទល្មើស ការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃរបស់កម្ពុជា»។ នេះជាសម្តីរបស់បុរសវ័យ២៩ ដែលកំពុងបំពេញការងារជាឧទ្យានុរក្ស ជាង១២ឆ្នាំមកនេះ៕


 


សកម្មភាព ឧទ្យានុរក្សដើរក្នុងដែនជម្រកសត្វព្រៃ ស្រែពកខេត្តមណ្ឌលគិរី


 

Tag:
 ដែនជម្រក
  សត្វព្រៃ
  តំបន់ការពារ
  ជីវចំរុះ
© រក្សាសិទ្ធិដោយ thmeythmey.com