ជាតិ
២៥ខេត្ត/រាជធានី
ក្រសួងបរិស្ថាន ធ្វើកម្មវិធីបោះជំរំ នាថ្ងៃទី១៤ កុម្ភៈ នៅតំបន់ព្រៃឡង់
08, Feb 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំ «កម្មវិធីបោះជំរំ» លើកទី៣ ក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់» ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ ផ្សព្វផ្សាយពីការយល់ដឹង និងចូលរួមការពារ អភិរក្ស នូវធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។



កម្មវិធីបោះជំរំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅស្នាក់ការគម្ពោធគយ ខេត្តក្រចេះ។ កម្មវិធីនេះ បើកទូលាយឲ្យមានការចូលរួមពី ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម អង្គការក្រៅរដ្ឋាភិបាល បណ្ដាញសហគមន៍ថ្នាក់តំបន់ និងប្រជាសហគមន៍មូលដ្ឋាន ប្រមាណ៣០០នាក់។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «គោលបំណងនៃការរៀបចំនេះ គឺដើម្បីសម្ដែងក្ដីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងក្នុងប្រទេសទាំងមូល។ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ បំផុសគំនិត និងស្មារតីដល់ប្រជាជនគ្រប់រូប ក៏ដូចជាយុវវ័យ ឲ្យស្រឡាញ់ និងបង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន»។
សូមជម្រាបថា ព្រៃឡង់ត្រូវបានរដ្ឋាភិបាល បង្កើតឡើងចាប់ពីឆ្នាំ២០១៦មក ដោយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ ដែនជម្រកសត្វព្រៃព្រៃឡង់ មានផ្ទៃដីសរុបប្រមាណ ៤៣ម៉ឺនហិកតា គ្របដណ្ដប់លើខេត្ត៤គឺ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងក្រចេះ។

ក្នុងឆ្នាំ២០១៩កន្លងទៅ ក្រសួងបរិស្ថានប្រកាសទទួលស្គាល់ តំបន់ការពារធម្មជាតិចំនួន១៩ ដែលទទួលបានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់។

ដោយឡែកក្នុងឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រពីគម្រោងព្រៃឡង់បៃតង របស់USAID ចុះល្បាតចំនួន ១,៧២៨ករណី បង្រ្កាបបទល្មើសបានចំនួន ១,១០៩ករណី ដោយបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន ៤៧ករណី ពិន័យអន្តរកាណ៍ចំនួន ៦៩ករណី ធ្វើកិច្ចសន្យា និងអប់រំចំនួន ៣៧៩ករណី រឹបអូសរណាយន្តចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង ម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ពីតំបន់ព្រៃឡង់ចំនួន ២,៦៣០អន្ទាក់ កំាភ្លើងកែច្នៃចំនួន ១១៧ដើម និងដកហូតឈើចំនួន ២៧៥ម៉ែត្រគូប៕



Tag:
 ក្រសួងបរិស្ថាន
  កម្មវិធីបោះជំរំលើកទី៣
  ដែនជម្រកសត្វព្រៃឡង់
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com