ជាតិ
ម្ចាស់​ពានរង្វាន់បរិស្ថាន​ពិភពលោក អ៊ូច ឡេង និង​សកម្មជន​៤​នាក់​ទៀត ត្រូវបាន​ដោះលែង​វិញ​ហើយ​
08, Feb 2021 , 10:55 am        
រូបភាព
សកម្មជនបរិស្ថាន និងព្រៃឈើ ទាំង៥រូប ដែលត្រូវបានអាជ្ញាធរបរិស្ថាន ចាប់បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៧ កុម្ភៈ ២០២១ (រូបពីហ្វេសប៊ុកសមាគមការពារសិទ្ធិមនុស្សអាដហុក)
សកម្មជនបរិស្ថាន និងព្រៃឈើ ទាំង៥រូប ដែលត្រូវបានអាជ្ញាធរបរិស្ថាន ចាប់បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៧ កុម្ភៈ ២០២១ (រូបពីហ្វេសប៊ុកសមាគមការពារសិទ្ធិមនុស្សអាដហុក)
​ភ្នំពេញ​៖ ម្ចាស់​ពានរង្វាន់​បរិស្ថាន​ពិភពលោក អ៊ូច ឡេង និង​សកម្មជន​៤​នាក់​ទៀត ត្រូវបាន​តុលាការ​ខេត្តក្រចេះ​ដោះលែង​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ក្រោយ​រក​មិនឃើញ​ភស្តុតាង​ដាក់បន្ទុក​លើ​ពួកគេ​។ អាជ្ញាធរ​បរិស្ថាន​ខេត្តក្រចេះ បាន​ឃាត់ខ្លួន​អ្នក​ទាំង​៥​នាក់​នោះ ក្រោយពី​ពួកគេ​បាននាំគ្នា​ចូលទៅ​យកពាក្យ​ស្លោក «​មេត្តា​សូមជួយ​ថែរក្សា​ព្រៃ​មរតក​ដូនតា​យើង​» ទៅ​ភ្ជាប់​នឹង​ដើមឈើ​។​


​អ្នកស្រី ជួប ស្រី​នុត ភរិយា​របស់លោក ហេង ស្រស់ សកម្មជន​បរិស្ថាន បាន​បញ្ជាក់ថា ក្រោយ​តុលាការ​ដោះលែង​ស្វាមី​ខ្លួន និង​សកម្មជន​ផ្សេងទៀត​នោះ ខាង​អាជ្ញាធរ​ក៏​ទាមទារ​ឱ្យ​ពួកគេ ធ្វើ​កិច្ចសន្យា​ផងដែរ​។ ប៉ុន្តែ​អ្នកស្រី នុត មិនដឹងថា កិច្ចសន្យា​នោះ មាន​លក្ខខណ្ឌ​អ្វីខ្លះ​នោះទេ​។ ដោយឡែក​លោក ហេង ស្រស់ សកម្មជន​បរិស្ថាន ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ សុំ​មិន​អត្ថាធិប្បាយ​អ្វី​នោះទេ ដោយ​អះអាងថា ខ្លួន​ជាប់​បម្រាម​របស់​មន្ត្រី​បរិស្ថាន​។​
 
​តែ​យ៉ាងណា​ភរិយា​លោក ហេង ស្រស់ ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធ​រ​មកលើ​ស្វាមី និង​សកម្មជន​ដទៃទៀត​នេះ ជាការ​គំរាមកំហែង​ស្មារតី​របស់​សកម្មជន​បរិស្ថាន​ប៉ុណ្ណោះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកស្រី នុត ថ្លែង​ដូច្នេះ​ថា​៖«​ការឃាត់ខ្លួន​សាកសួរ​នេះ វា​អាចជា​កត្តា​មួយផ្នែក​ដែរ ដែល​ធ្វើឱ្យ​សកម្មជន​ផ្សេងៗ រង​ការ​កៀប​គំរាម​ទៅលើ​សកម្មជន​ផ្សេងៗ ដែល​ពួកគេ​ចូលរួម​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​។ ប៉ុន្តែ​មួយទៀត​ខ្ញុំ​យល់ថា វា​ជាការ​ជំរុញ​ចិត្ត​ឱ្យ​សកម្មជន​ព្រៃឈើ​កាន់តែ​តស៊ូ​បន្ថែមទៀត ក្នុង​ការចូល​រួមការ​ពារ​ព្រៃឈើ​»​។​
 
​សកម្មជន​បរិស្ថាន​៥​រូប ដែល​មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​នេះ បាន​នាំយក​ផ្លាកសញ្ញា​ទៅ​ដាក់​ភ្ជាប់​តាម​ដើមឈើ ក្រោម​ពាក្យស្លោក​ថា «​មេត្តា​សូមជួយ​ថែរក្សា​ព្រៃ​មរតក​ដូនតា​យើង​» ក្នុង​គោលបំណង​កុំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​។ សកម្មជន​ទាំង​៥​រូបនោះ រួមមាន លោក អ៊ូច ឡេង ម្ចាស់​ពានរង្វាន់​បរិស្ថាន​ពិភពលោក លោក ហេង ស្រស់ លោក ម៉ែន មុត លោក ហេង រុន និង លោក ផង ឈាង សកម្មជន​បរិស្ថាន​។​
 
​ជុំវិញ​បញ្ហា​នេះ​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​អះអាងថា ការចាប់​ឃាត់ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ ដោយសារតែ​ពួកគេ​ចូលទៅ​កាន់​តំបន់ហាមឃាត់ ដែល​ស្ថិតនៅក្រោម​ការពារ​រប​ស់​ក្រសួងបរិស្ថាន ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។ 
 
​ប៉ុន្តែ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែន​ករុណា មើលឃើញថា ការឃាត់ខ្លួន​សកម្មជន​បរិស្ថាន​នេះ គឺជា​យុទ្ធសាស្ត្រ​គំរាមកំហែង​ផ្លូវ​អារម្មណ៍ និង សកម្មភាព​អ្នក​ស្រលាញ់​បរិស្ថាន ។ ជាពិសេស​គឺ​បំបាក់ស្មារតី​យុវជន កុំឱ្យ​ហ៊ាន​ចេញ​ការពារ​បរិស្ថាន​។​

អត្ថបទទាក់ទង

 
​គួររម្លឹកថា ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ផ្សេង ធ្លាប់​ត្រូវបាន​កងសន្តិសុខ​រប​ស់​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក (Think Biotech) ចាប់ខ្លួន​ដែរ កាលពី​ថ្ងៃទី​១៣ មីនា ២០២០ គ្រា​ដែល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​។ ក្រោយ​ការឃាត់ខ្លួន​គ្រានោះ ក៏​មានការ​បញ្ជូនទៅ​តុលាការ​ដែរ ។ ប៉ុន្តែ​តុលាការ​ក៏​សម្រេច​ដោះលែង​ពួកគេ​ទាំង​៤​នាក់​វិញ នៅ​ថ្ងៃទី​១៦ មីនា ២០២០ ដោយ​តម្រូវឱ្យ​លោក អ៊ូច ឡេង ទៅ​ចុះបញ្ជី​អង្គការ​នៅ​ក្រសួង​ជាមុនសិន ដើម្បី​ធ្វើ​សកម្មភាព​បន្តទៀត​៕

Tag:
 អ៊ូច ឡេង​
  សកម្មជន
© រក្សាសិទ្ធិដោយ thmeythmey.com