អន្តរជាតិ
ព្រះសង្ឃ​ជាច្រើន​អង្គ ចូលរួម​បាតុកម្ម​នឹង​ការដណ្តើម​អំណាច​របស់​យោធា​
08, Feb 2021 , 2:33 pm        
រូបភាព
បាតុកម្មនៅក្នុងទីក្រុងយ៉ាំងហ្គោន ក្នុងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ រូបភាព៖ AFP
បាតុកម្មនៅក្នុងទីក្រុងយ៉ាំងហ្គោន ក្នុងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ រូបភាព៖ AFP
​បាតុកម្ម​ប្រឆាំងនឹង​ការដណ្តើម​អំណាច​ពី​សំណាក់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា បាន​ឈាន​ចូលដល់​ថ្ងៃទី​៣ ហើយ​។ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ប្រជាជន​មី​យ៉ាន់​ម៉ា​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​បាតុកម្ម​នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន រដ្ឋធានី​ណៃ​ពិដោ និង​តំបន់​ផ្សេងទៀត ដោយមាន​ព្រះសង្ឃ​ជាច្រើន​អង្គ​ចូលរួម​ផងដែរ​។



 
​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រជាជន​ជាច្រើន​រយ​នាក់ បាន​ចេញមក​បាតុកម្ម​ប្រឆាំងនឹង​ក្រុម​យោធា​។ បាតុកម្ម​ក្នុង​ថ្ងៃទី​៣ នេះ ព្រះសង្ឃ​ជាច្រើន​អង្គ ក៏បាន​ចូលរួម​ក្នុងការ​តវ៉ា​ដែរ​។ តាម​ការបញ្ជាក់​របស់​ក្រុម​អ្នកសង្កេតការណ៍ ព្រះសង្ឃ​បាន​កាន់​ទង់​ព្រះពុទ្ធសាសនា ខណៈពេល​ប្រជាជន​ជាច្រើន​នាក់ បាន​កាន់​បដា​, លើក​សញ្ញា​ម្រាមដៃ​បី​ដែលជា​និមិត្តរូប​ប្រឆាំង​រដ្ឋប្រហារ និង​ទង់​របស់​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD)​។ 
 
​បដា​អមដោយ​ឃ្លា «​ដោះលែង​មេដឹកនាំ​របស់​យើង​, គោរព​ការបោះឆ្នោត​របស់​យើង​, ជំទាស់​រដ្ឋប្រហារ​យោធា​» ត្រូវបាន​លើក​ពាសពេញ​ដងផ្លូវ​។ ប្រជាជន​ភាគច្រើន​នាំគ្នា​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​, ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល និង​មនុស្ស​ជាប់ឃុំ​ផ្សេងទៀត​។ 
 
​ក្រៅពី​ក្រុង​យ៉ាំង​ហ្គោ​ន ប្រជាជន​នៅ​តំបន់​ផ្សេងទៀត ក៏បាន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​ដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ក្នុង​ក្រុង​ឆ្នេរសមុទ្រ Dawei និង​ទីក្រុង​ក្នុង​រដ្ឋ Kachin ជាច្រើន​ពាន់​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម និង​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី​ស៊ូ​ជី​, អ្នក​ផ្សេងទៀត និង​ទាមទារ​ឱ្យ​យោធា​ប្រគល់​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​វិញ​។ 
 
​ដោយឡែក​នៅក្នុង​ក្រុង​ណៃ​ពិដោ កន្លែង​ធ្វើ​រដ្ឋប្រហារ​យោធា​វិញ ក៏មាន​បាតុកម្ម​ផងដែរ​។ ប៉ូលិស​បាញ់​ទឹក ដើម្បី​បំបែក​ក្រុមបាតុករ​។ អ្នករស់នៅ​ក្នុង​ក្រុង​ណៃ​ពិដោ​ម្នាក់ បាន​អះអាងថា ប៉ូលិស បាន​បាញ់​ទឹក​ដើម្បី​បំបែក​បាតុកម្ម​តវ៉ា​។ ក្នុង​វីដេអូ​ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ប៉ូលិស​បាន​បញ្ឈប់​ការបាញ់ទឹក បន្ទាប់ពី​មានការ​អង្វរ​ពី​ក្រុម​ប្រជាជន​។ ប៉ុន្តែ​ការតវ៉ា​នៅក្នុង​ណៃ​ពិដោ នៅតែ​បន្តធ្វើ​ដដែល​។​
 
​នា​បាតុកម្ម​ក្នុង​ថ្ងៃទី​៧ ខែកុម្ភៈ​កន្លងទៅ សារព័ត៌មាន The Irrawaddy បាន​ចុះផ្សាយ​ថា ក្រុមប៉ូលិស បាន​បាញ់​គ្រាប់កាំភ្លើង​ជ័រ ដើម្បី​បំបែក​ក្រុមបាតុករ និង​ចាប់ខ្លួន​មនុស្ស​ចំនួន ៦​នាក់​ថែមទៀត​។ ចំណែក​សេវា​អ៊ីនធឺណិត ដែល​បាន​កាត់ផ្ដាច់ ក៏ត្រូវ​បាន​ត​ភ្ជាប់​ឡើងវិញ​ស្ទើរ​ស្រុង​ដែរ​។ ប៉ុន្តែ​ក្រុម​យោធា នៅតែ​បន្ត​រឹតត្បិត​លើ​បណ្តាញ​សង្គម​ដូចជា Facebook, Instagram និង Twitter​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​បាតុកម្ម​ចុះ​តាមផ្លូវ បុគ្គលិក​រដ្ឋ​ក៏បាន​ធ្វើ​កូដកម្ម​ផងដែរ​។ កូដកម្ម​នេះ ជា​យុទ្ធនា​ការតវ៉ា​ស៊ីវិល ដែល​ជំទាស់​នឹង​ក្រុម​យោធា តាមរយៈ​សកម្មភាព​ធ្វើពហិការ​មិន​ធ្វើ​ការឱ្យ​រដ្ឋាភិបាលយោធា​។ កន្លងមក​កូដកម្ម​នេះ មានការ​ចូលរួម​ពី​សំណាក់​ក្រុមគ្រូពេទ្យ កម្មករ គ្រូបង្រៀន និស្សិត និង​អ្នកធ្វើការ​នៅ​អាកាសយានដ្ឋាន​ជាដើម​៕ 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com